បុរស​ម្នាក់ ​ចង​.ក សម្លាប់ខ្លួន ដោយ​តូច​ចិត្ត​ មាន​ជំងឺ​ព្យាបាល​មិន​ជា

7/24/2013 0 Comments A+ a-

កំពង់ស្ពឺ: បុរស​ម្នាក់ បានសម្រេច​ចិត្ត​ចង​.​ក សម្លាប់ខ្លួន  ដោយសារតែ​គាត់​តូចចិត្ត​មាន​ជំងឺសរសៃប្រសាទ​ព្យាបាល​មិនជា​។ 
​អ្នកភូមិ បាន​ប្រទះឃើញ​សព​បុរស​នេះ ចង​-​ក នឹង​ក្រមា​ភ្ជាប់​ដើម​ប្រេងខ្យល់​ក្រៅរបង​វត្ត​សុពណ៌​ទេព កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ភូមិ​រំលោង​ប្រ​ភ្លះ សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន​។​

​បុរស​ម្នាក់នេះ ឈ្មោះ​យស សាយ​ឌី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ម្តាយ​របស់​បុរស​នោះ ឈ្មោះ​យស ជន អាយុ​៥៧​ឆ្នាំ បានឱ្យដឹងថា កូនប្រុស​របស់គាត់​មាន​ជំងឺសរសៃប្រសាទ​រយៈពេល​៥​ឆ្នាំ​ហើយ​។ ហើយ​គាត់​យកទៅ​ព្យាបាល​ជាច្រើន​កន្លែង នៅតែ​មិនជា ទើប​គាត់​សម្រេចចិត្ត​យក​កូន​មក​ព្យាបាល​នៅ​វត្ត​សុពណ៌​ទេព ស្ថិតក្នុង​ភូមិ​រំលោង​ប្រ​ភ្លះ សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ដោយ​ស្នាក់​នៅក្នុង​វត្ត​នេះ រយៈពេល​១២​ថ្ងៃ​ហើយ​។​

​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ ស្រាប់តែ​បាត់​កូន គាត់​ក៏​ដើររក តែ​រក​មិនឃើញ​សោះ រហូតដល់​ម៉ោង​៤ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ ទើប​មាន​អ្នកភូមិ​ប្រទះឃើញ​កូន​របស់គាត់​ចង​.​ក នៅក្រៅ​របង​វត្ត​។​

​ក្រោយពី​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បុរស​នេះ​ពិតជា​បាន​ចង​.​ក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ បន្ទាប់មក សមត្ថកិច្ច ក៏​ប្រគល់​សព​ដល់​គ្រួសារ ដើម្បី​តំកល់​ធ្វើបុណ្យ​ក្នុង​វត្ត​នោះ​តែម្តង​៕​ប្រភព CEN