ឡាន​មួយ​កៀរ​ ឡាន​មួយ​កិន​មនុស្ស​ ជិត​៦០ម៉ែត្រ​ ស្លាប់​ពីរ​របួស​មួយ

7/24/2013 0 Comments A+ a-

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ក្នុងចំណោម​មនុស្ស​៣​នាក់​ដោយមាន​នារី​ម្នាក់​បាន​អូស​ជាប់​ទៅជា​មួយ​កង់​រថយន្ត​ចំងាយ​ប្រហែល​៦០​ម៉ែត្រ ដោយសារតែ​មានការ​ប៉ះទង្គិច​រវាង​ម៉ូតូ​ជាមួយ​រថយន្ត​១​គ្រឿង​ហើយ​ខ្ទាត​មនុស្ស​ចូល​ទៅ​ក្រោម​រថយន្ត​មួយ​គ្រឿង​ទៀត​កាលពី​ព្រលប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​៦​និង​១០​នាទី​ត្រង់​ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥។
ស្ត្រី​ម្នាក់​ដែល​ជា​អ្នកលក់​ចាប់​ហួយ​នៅ​ទី​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ណៃ​ហ​ត ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​បាន​ចូល​ទៅ​ជ្រក​ភ្លៀង​នៅ​ទី​នោះ​ដែរ។
ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយពី​ដំណក់​ភ្លៀង​អន់ថយ​ពួកគេ​ទាំង​៣​នាក់​បាន​ចេញ​ដំណើរ​បន្ត​ដោយ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ឆ្ពោះទៅ​លិច​ដើម្បី​ទៅ​ក្រុង​បាត់ដំបង នៅក្នុង​ខណៈនោះ​ដែរ ក៏​មាន​រថយន្ត​ម៉ាក​កាមរី​ពណ៌​ស​១ គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2E 0743 បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្របគ្នា​ហើយ​បាន​កៀរ​ទៅលើ​ម៉ូតូ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ខ្ទាត​ទៅ​កណ្ដាល​ថ្នល់​ទាំងអស់​ចំ​ពេល​ដែល​រថយន្ត​តូរីស​១​គ្រឿង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​2A 4495 កំពុង​ធ្វើដំណើរ​ច្រាស់​ទិស​គ្នា​នោះ​មក​ដល់​ល្មម​ហើយក៏​បាន​បុក​ទៅលើ​មនុស្ស​ទាំង​៣​នាក់​នោះ​បណ្ដាល​ឲ្យ​ដួល​ដេក​ក្នុង​ថ្លុកឈាម​ពេញ​ផ្លូវ ដោយ​ក្នុង​នោះ​ក៏​មាន​ស្ត្រី​ម្នាក់​កល់​ជាប់​ពីមុខ​កង់​ឆ្វេង ហើយ​អូស​ទៅជា​មួយ​រថយន្ត​ប្រហែល​៦០​ម៉ែត្រ ទើប​រថយន្ត​អស់​ល្បឿន​ក៏​ឡើង​កិន​សព​ស្ត្រី​នោះ​តែម្តង។
ជនរងគ្រោះ​ទាំង​៣​នាក់​គឺ​១.​ឈ្មោះ ម៉ែន ភា​រ៉ា ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ​ទំនងជា​មន្ត្រី​យោធា ព្រោះ​មាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​យោធា ហើយ​បាន​មក​បើក​ភោជនីយដ្ឋាន​នៅក្នុង​ឃុំ​ព្រៃ​ខ្លូត ស្រុក​រុក្ខ​គិរី (​ស្លាប់​)២.​ស្ត្រី​ដែល​ជាប់​ជាមួយ​កង់​រថយន្ត អត់​ទាន់​មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ឡើយ​អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ (​ស្លាប់​) និង​ទី​៣.​ឈ្មោះ ណើ​យ ស្រី​ម៉ៅ ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ កូន​២​រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច​ស្រុក​មោងឬស្សី (​របួសធ្ងន់​)
ក្នុង​នោះ​ផង​ដែរ លោក​ប៉ែន​ថុល​ដែល​ជា​អ្នក​បើក​បរ​រថយន្ត​កា​ម​រី​បាន​ធ្វើការ​បដិសេធ​ថា រថយន្ត​របស់​លោក​ពុំ​មាន​ការ ការ​ប៉ះពាល់​ជាមួយ​ជនរងគ្រោះ​ឡើយ​ប៉ុន្តែ​សមត្ថកិច្ច​បាន​រក​ឃើញ ស្នាម​កៀរ​ដោយ​ដាច់​រលាត់​ថ្នាំ​នៅ​ជាប់​រថយន្ត។
ខណៈ​ដែល​សមត្ថកិច្ច ស្រុក​សង្កែ​ទៅដល់​គឺ​អ្នកបើកបរ​រថយន្ត​តូ​រី​ស​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ ចំណែក​ស្ត្រី​ដែល​របួស​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ រីឯ​សព​បុរស​ដែល​សង្ស័យ​ថា​ជា​មន្ត្រី​យោធា ក៏​ត្រូវ​បាន​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ត្រឡប់​ទៅកាន់​ក្រុងភ្នំពេញ​វិញ ដោយឡែក​តែ​សព​ស្ត្រី​ដែល​អត់​ស្គាល់​អត្តសញ្ញាណ​គឺ​បច្ចុប្បន្ន​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​ក្នុង​វត្ត​កាន់​រទេះ ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​ហើយ​ចំពោះ​រថយន្ត​ទាំង​២​និង​ម៉ូតូ​ព្រមទាំង​អ្នក​បើកបរ​រថយន្ត​កាម​រី ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត​ផង​ដែរ៕ប្រភពពី កម្ពុជាថ្មី