អតីតតារា ចម្រៀងយេៗ អ៊ុំ គន្ធា ចូលមណ្ឌល កែប្រែផ្តាច់ ថ្នាំញៀន

7/24/2013 0 Comments A+ a-

ភ្នំពេញ ៖ អតីតតារាចម្រៀងយេៗអ្នកនាង អ៊ុំ គន្ធា ដែលទើបនឹងធ្លាក់ខ្លួនតោកយ៉ាកប៉ុន្មានខែមុននេះ  ពេលនេះបានធ្លាយព័ត៌មានថា អ្នកនាងត្រូវបាន បញ្ជូនឲ្យទៅនៅក្នុងមណ្ឌលកែប្រែមួយ កាលពី ពេលថ្មីៗនបន្ទាប់អ្នកនាងបានជ្រុលខ្លួនញៀនថ្នាំ យ៉ាងវក់វី ។
អ្នកស្រី អ៊ុង ស៊ីនួន ដែលត្រូវជាម្តាយបង្កើត របស់អ្នកនាង អ៊ុំ គន្ធា បានប្រាប់ឲ្យថា អ្នកនាង អ៊ុំ គន្ធា ជាកូនស្រីបង្កើត​របស់អ្នក​ស្រីត្រូវបានបញ្ជូន ទៅនៅមណ្ឌលកែប្រែ ដើម្បីផ្តាច់គ្រឿងញៀនហើយ កាលពីពីរខែមុនម្ល៉េះ ព្រោះកូនស្រីរបស់គាត់បាន ជ្រុលខ្លួនញៀន​ថ្នាំក្រោយ​លែងលះជាមួយស្វាមី ហើយដើរចូលជាមួយថៅកែហាងកែសម្ផស្សមួយ ។ អ្នកស្រី ស៊ីនួន  វ័យ ៦៥ឆ្នាំ បានបន្តទៀតថា ក្រោយពេលលែងលះជាមួយស្វាមីលោក ផាន សុផាត អ្នកនាង អ៊ុំ គន្ធា បានខូចចិត្តយ៉ាង​ខ្លាំង ហើយក្រោយមកអ្នកនាង បានចេញចូលក្នុងហាងកែសម្ផស្សដ៏ល្បីល្បាញមួយនៅភ្នំពេញ ដែលត្រូវបានគេដឹងថា អ្នកសិល្បៈ​ភាគ​ច្រើនបានចេញចូលហាងនោះ។ ដោយសារតែបែបនោះ អ្នកស្រី ស៊ីនួន បញ្ជាក់ថា កូនអ្នកស្រី តាំងចេញដើរលេង​ស៊ីចាយ​រហូត​ភ្លេចខ្លួនសេពថ្នាំញៀនយ៉ាងពេញទំហឹង ក្រោមការអូសទាញរបស់ថៅកែស្រីខាងលើ ។ អ្នកស្រី ស៊ីនួន បានបញ្ជាក់ថា ក្រោយបានទៅរស់នៅក្នុងមណ្ឌលកែប្រែប្រមាណ២ខែ អ្នកនាង អ៊ុំ គន្ធា បានធូរស្រាលច្រើន​ហើយពី​អាការញៀនថ្នាំ។ ប៉ុន្តែអ្នកដែលពិបាកនោះ គឺអ្នកស្រីឯណេះទេ។ ក្នុងសំនៀងអួលដើម.កចង់យំផងនោះ អ្នកស្រី បានបន្តថា ពេលនេះ គ្រួសារអ្នកស្រី វេទនាខ្លាំងណាស់ កូនប្រុសទាំងពីររបស់ អ៊ុំ គន្ធា មិនបានទៅរៀនសូត្រទៀតឡើយ ព្រោះតែជីវភាពខ្វះខាត ក្នុងនោះ​ពួកគេ ត្រូវបង្ខំចិត្តដើរបេះត្រកួនលក់ ខណៈអ្នកស្រី កម្លាំងចុះខ្សោយណាស់ទៅហើយ។ ឯឪពុករបស់ពួកគេ គឺលោក ផាន សុផាត ទៀតសោត ក៏មិនដែលនឹកនាសួរសុខទុក្ខកូនទៀតឡើយ ។ គួរបញ្ជាក់ថា អ្នកនាង អ៊ុំ គន្ធា និងលោក ផាន សុផាត ជាតារាចម្រៀង បានលែងលះគ្នា ប្រមាណជាង ១០ឆ្នាំមកហើយ ក្នុងនោះបាន​បន្សល់កូនប្រុសពីរនាក់ ដែលកូនបងឈ្មោះ ផាត សុខពេជ្រ អាយុ ១២ឆ្នាំ និងប្អូនឈ្មោះ ផាត សុវណ្ណ អាយុ ១១ឆ្នាំ។ ក្រោយបែក​បាក់គ្រួសារ អ្នកនាង អ៊ុំ គន្ធា បានរស់នៅជាមួយម្តាយរហូតមក ប៉ុន្តែទើបតែផ្លាស់លំនៅមកនៅក្នុងសហគមន៍ក្រាំងធ្នុង ក្រោយពីលក់ផ្ទះនិងដីនៅម្តុំសំរោងអណ្ដែតកាលពីកន្លះឆ្នាំមុន ។ ជាបន្តបន្ទាប់អ្នកនាង អ៊ុំ គន្ធា កាន់តែពិបាកឡើងៗ ជាពិសេសក្នុងរយៈកាលចុងក្រោយនេះ ដែលគេប្រទះឃើញអ្នកនាង និងកូនប្រុស​ទាំងពីរ បានចុះរាវខ្ចៅខ្យង និងបេះត្រកួនក្នុងបឹងមួយទាំងខ្លួនមានជំងឺ។ លុះឥឡូវ អ្នកនាង អ៊ុំ គន្ធា ត្រូវយកមកដាក់ក្នុងមណ្ឌល​កែប្រែទៀត ការលំបាកបានកើនទ្វេដង ខណៈអ្នកស្រីជាម្តាយ ត្អូញថា អនាគតចៅប្រុសទាំងពីរមិនដឹងទៅជាយ៉ាងណាឡើយ ៕
ប្រភពពី អរិយធម៌