បញ្ជូន​បុរស​ចិន៣នាក់​​ ទៅ​ដេក​គុក​ព្រោះ​ ពាក់​ព័​ន្ឋ​នឹង​ជួញដូរ​ គ្រឿងញៀន​ ជិត១គីឡូក្រាម

7/24/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បុរស​ចិន៣នាក់ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ មីន​ម៉ាទឹកកក​ទម្ងន់​ជិត១គីឡូក្រាម កាលពី​ព្រឹក​ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៣នេះ។ បុរស​ចិន​ទាំង៣នាក់​នេះ​មាន ឈ្មោះ ឡ យ៉ុង​ម៉ិ​ញ អាយុ២៨ឆ្នាំ ឈ្មោះ​ចាង វិ​ន​ថុ​ន អាយុ៣៥ឆ្នាំ ពួកគេ​ទាំង២នាក់​ស្នាក់នៅ​ផ្ទះជួល​លេខ៤៤ ផ្លូវ​ទី២ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង ឈ្មោះ​លី គឹម​ស៊ា​ង អាយុ៥១ឆ្នាំ ជាជាង​ចម្លាក់ ស្នាក់នៅ​ផ្ទះសំណាក់​ឡាក់​គី​ស្តា សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា  បាន​ត្រូវ​លោក​ព្រះរាជអាជ្ញារង ឯក ឆេង​ហួត ចោទប្រកាន់​ពីបទ ជួញដូរ​គ្រឿងញៀន រួច​បញ្ជូន​សំណុំរឿង​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត។
បុរស ​ទាំង៣នាក់​នេះ​បាន​ទៅ​ជួល​បន្ទប់​លេខ២ នៃ​ផ្ទះសំណាក់​យីហោ សំណាងល្អ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ១៦៣ សង្កាត់​អូឡាំពិក ខណ្ឌចំការមន កាលពី​ថ្ងៃទី១៩ កក្កដា ២០១។ ប៉ុន្តែ ដោយសារ​ម្ចាស់ផ្ទះ​សំណាក់​មានការ​សង្ស័យ​ថា​ពួកគេ​ទាំង៣នាក់​នេះ​មក​ជួល​ ទីតាំង​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នោះ ទើប​ម្ចាស់ផ្ទះ​សំណាក់​បានផ្តល់​ព័ត៌មាន​ឱ្យ​ខាង​សមត្ថកិច្ច​ដើម្បី​ចុះមក​ ត្រួតពិនិត្យ។ នៅ​រសៀល​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿង​ក្រសួងមហាផ្ទៃ បាន​ចុះបង្ក្រាប​ទីតាំង​ផ្ទះសំណាក់​នេះ ដោយ​រកឃើញ គ្រឿងញៀន​ចំនួន២កញ្ចប់​ធំ​ទម្ងន់​ប្រមាណ​ជិត១គីឡូក្រាម រថយន្ត​មួយគ្រឿង និងសម្ភារៈ​មួយចំនួនទៀត ដើម្បី​ទុក​ធ្វើជា​វត្ថុតាង៕
ប្រភពពី វាលឥន្ទ្រី