សូមឲ្យដូច ពាក្យអះអាង៖ លោកស្នងការ ជួន សុវណ្ណ ធានាថា នឹងមិនឲ្យកូន ប្រុសលោក ប៊ុន សេរី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់៣នាក់បានរួចខ្លួនឡើយ
ស្ថានការណ៍មានការប្រែប្រួលហើយបន្ទាប់ពីមានការចុះផ្សាយយ៉ាងគគ្រឹកគគ្រេងទាក់ទងនឹងព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១៧ និង៣៤ នាទី បង្កដោយបុរសវ័យក្មេងឈ្មោះ ប៊ុន រតនៈ ត្រូវជាកូនប្រុសរបស់លោក ប៊ុន សេរី ប្រធានគណនេយ្យហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បើករថយន្តទំនើបមួយគ្រឿងម៉ាក Range Rover បុកទៅលើម៉ូតូកំពុងធ្វើចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ភ្លាមៗចំនួន៣នាក់ នៅចំណុចមុខវត្តចំប៉ា បណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញនោះគឺត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញមុខធានាអះអាងថា នឹងមិនឲ្យជនបង្កក្នុងករណីនេះរួចខ្លួនដោយងាយស្រួលឡើយ។
ការធានាអះអាងរបស់លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកតាមដានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះសម្តែងនូវការអបអរសាទរ និងគាំទ្រ១០០%នោះ បានប្រពឹត្តឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ម្សិលមិញនេះ។
មុនពេលមានការធានាអះអាងរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញដូច្នេះ គឺក្រុមគ្រួសាររបស់ជនបង្កឈ្មោះ ប៊ុន រតនៈ ដែលមានឪពុកជាមន្ត្រីសម្បូណ៌ទ្រព្យធនឈ្មោះ ប៊ុន សេរី នោះ បានចរចាសម្រុះសម្រួលជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីកុំឲ្យមានការដាក់ពាក្យបណ្តឹងប្តឹងផ្តល់បន្តទៀត គឺសូមឲ្យបញ្ចប់រឿងរ៉ាវត្រឹមហ្នឹង បន្ទាប់ពីក្រុមគ្រួសារជនបង្កបានចំណាយលុយសរុបចំនួន ៣២.០០០ ដុល្លារអាមេរិក ទៅឲ្យក្រុមគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង៣នាក់ រួមមាន៖ ១- ឈ្មោះ ស្រីម៉ៅ ហៅ ផល្លី, ២- ឈ្មោះ សូនី និង ៣- ឈ្មោះ កែវ ពិសី «ត្រូវជាម្តាយ និងកូន» រួចមក «សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ បន្ថែម»។
ពាក់ព័ន្ធទៅនឹងគម្រោងដោះស្រាយគ្នារវាងក្រុមគ្រួសារជនបង្ក និងក្រុមគ្រួសារជនរងគ្រោះតាមក្រៅប្រព័ន្ធតុលាការ ដើម្បីផ្តល់ឱកាសឲ្យជនបង្កឈ្មោះ ប៊ុន រតនៈ រួចផុតពីការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យមជ្ឈដ្ឋានទូទៅ ជាពិសេសមជ្ឈដ្ឋានអ្នកច្បាប់ធ្វើការរិះគន់យ៉ាងខ្លាំងក្លាបំផុតរួមទាំងប្រិយមិត្តនៃបណ្តាញព័ត៌មានសង្គម Facebook ផងដែរ។
ឥឡូវនេះ បន្ទាប់ពីបានឮ និងបានដឹងអំពីការធានាអះអាងរបស់លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមកគឺបានធ្វើឲ្យមជ្ឈដ្ឋានដែលធ្លាប់បានសម្តែងនូវការរិះគន់ទាំងឡាយបានស្ងប់ចិត្តវិញហើយៗក៏បានសម្តែងនូវការអបអរសាទរយ៉ាងពេញទំហឹង។ ប៉ុន្តែ ជាមួយគ្នានេះគ្រប់មជ្ឈដ្ឋាននានាក៏បានសំណូមពរឲ្យលោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្ថាប័នតុលាការមេត្តាចាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ស្របតាមនីតិវិធីនៃច្បាប់ ដោយមិនត្រូវនិយាយឲ្យចេញពីមាត់ ដើម្បីឲ្យមនុស្សដទៃបានអរចោលនោះឡើយ។
សូមរំលឹកជូនដែរថា បុរសវ័យក្មេងឈ្មោះ ប៊ុន រតនៈ អាយុ៣១ឆ្នាំ ដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ និងភ្ញាក់ផ្អើលនាពេលកន្លងមកនេះគឺជាកូនប្រុសជាទីស្រឡាញ់បំផុតរបស់លោក ប៊ុន សេរី ដែលមានទ្រព្យសម្បត្តិសឹងជាសេដ្ឋីទៅហើយ ទើបលោក ប៊ុន សេរី បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីឲ្យកូនប្រុសរបស់ខ្លួនរូបនេះចាកចេញផុតពីសំណាញ់ច្បាប់ និងពីច្រកទ្វារពន្ធនាគារ។ ប៉ុន្តែ លើកនេះទំនងជាលែងមានសំណាងដូចការគិតពីលើកមុនទៀតហើយ៕
ប្រភពពី ដើមត្នោត