ឆ្លងថ្នល់ មិនប្រយ័ត្ន ត្រូវរថយន្តបុក ស្លាប់នៅផ្លូវជាតិ លេខ៤
តាមសមត្ថកិច្ចនគរបាលបាននិយាយប្រាប់ថា ស្រ្តីរងគ្រោះមានឈ្មោះ ឡាញ ញ៉ី ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅ ក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ មានមុខរបរ លក់សាច់ឆ្កែ នៅក្បែររោងចក្រ ញូស្តារ ។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា ក្នុងអំឡុងពេលម៉ោងខាងលើ គេឃើញស្រ្តី រងគ្រោះបាន ឆ្លងថ្នល់ពីកន្លែងលក់សាច់ឆ្កែ របស់ខ្លួន មកផ្សារដែលនៅទល់មុខ និងរោងចក្រដើម្បីទិញបបរ ឱ្យកូនស្រី គ្រាន់តែឆ្លងមកដល់ពាក់កណ្តាល ផ្លូវក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ការមីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-3675 ដឹកមនុស្សពេញណែន (សង្ស័យជារថយន្តតាក់ស៊ីភ្នំពេញ ក្រុងព្រះសីហនុ) បើកបរពីកើត ទៅលិច ក្នុងទិសដៅពីភ្នំពេញ មកក្រុងព្រះសីហនុ បុកចំពីចំហៀងខ្លួន មួយទំហឹង ប៉ើងពីកន្លែងកើតហេតុផ្ទប់ និងថ្នល់ប្រហែលជាង២០ម៉ែត្រ បែកក្បាល បាក់ដៃស្លាប់ភ្លាមមួយរំពេច ។
ក្រោយកើតហេតុ គេឃើញរថយន្តខាងលើនេះបង្អង់ល្បឿន អើតកមកក្រៅមើលជនរងគ្រោះដែរ តែមើលទៅ មិនស្រួល ក៏ដាក់មេផាយ សំដៅចូលក្រុងព្រះសីហនុបាត់ទៅ ។ ចំណែកជនរង គ្រោះត្រូវបាន បងប្អូនបីតាមម៉ូតូយកទៅធ្វើបុណ្យ នៅលំនៅដ្ឋានដែលនៅក្បែរនោះភ្លាមៗផងដែរ ៕ដោយ ដើមអម្ពិល
