ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគទី១៣)
ភាគទី១៣
នាងក្រមុំស្ទុះឡើងទៅអង្គុយលើគ្រែយំខ្សឹកខ្សួល នាងអង្គុយទ្រោមក្បាលយំហើយយំទៀតឈឺចិត្ត វិទូដកដង្ហើមធំ អ្នកកំលោះងាកមើលបរិយាកាសស្ងាត់ច្រៀបជុំវិញទីនេះ អ្នកកំលោះដឹងថាខ្លួនក៏មិនសមនឹងនៅរវីមរវាមក្នុងបន្ទប់ភីណាយូរតទៅទៀតដែរ ទើបបែរខ្លួនដើរចេញពីបន្ទប់ បន្សល់ឲ្យនាងក្រមុំនៅទ្រហោយំដោយឈឺចិត្តតែម្នាក់ឯង។
មិននឹកស្មានថាពេលខ្លួនហើបមាត់និយាយបកអាក្រាតពីស្រីបិសាចនោះ មិនត្រឹមតែគ្មានអ្នកណាជឿប៉ុណ្ណោះទេ សូម្បីតែបងប្រុសខ្លួន គូដណ្ដឹងខ្លួន ក៏ពួកគេយល់ថាខ្លួនផ្ដេសផ្ដាសដែរ។
នាងជ្រួញចិញ្ចើមដោយមួហ្មង ឯទឹកភ្នែកដែលកើតមកពីកំហឹង និងការឈឺចិត្តក៏នៅតែហូរស្រក់មកមិនឈប់ឈរសោះ តើតទៅគួរប្រឈមមុខនឹងស្រីព្រាយនោះដោយវិធីណា បើហាមាត់និយាយទៅគ្មានអ្នកណាមួយគេព្រមជឿសម្ដីខ្លួនសោះ ឬមួយក៏ត្រូវនៅសម្ងំរង់ចាំទម្រាំវាត្រឡប់មកវិញ រកឱកាសចូលមកសម្លាប់នាងសាជាថ្មីម្ដងទៀត។
អារម្មណ៍ទាំងមូលកំពុងវិលខ្ញាល់ជុំវិញបញ្ហាចាក់ស្រេះគួរឲ្យក្ដៅក្រហាយនេះ ក៏ស្រាប់តែឮសំឡេងគោះទ្វារបន្ទប់ តុក តុក! នាងក្រមុំងើបមុខសម្លឹងអ្នកបម្រើវ័យចំណាស់ដែលកំពុងឈរឯមាត់ទ្វារសម្លឹងមកនាងដោយមុខព្រួយបារម្ភ នាងឮគាត់និយាយ៖
-នាងតូច! លោកក្មួយវិទូ អញ្ជើញលោកគ្រូពេទ្យមកដល់ហើយ!
ភីណាជ្រួញចិញ្ចើមមិនចេញស្ដី អ្នកបម្រើចំណាស់ចេញទៅដោយអាការបារម្ភ ភីណាមិនទាន់គិតឃើញយ៉ាងណាផងក៏ស្រាប់តែនៅឯមាត់ទ្វារលេចរូបលោកគ្រូពេទ្យលើដៃគាត់មានយូរប្រអប់ប្រដាប់ប្រដាពិនិត្យមកជាមួយផង។ គាត់ប្រកបដោយទឹកមុខញញឹម ពោលមកកាន់តរុណី៖
-អ្នកនាង សូមរៀបចំខ្លួនដើម្បីពិនិត្យជំងឺ!
ភីណាងាកមុខមកវិញដោយមិនសប្បាយចិត្ត នាងឧទានដោយអាការសោះកក្រោះ៖
-ខ្ញុំអត់ឈឺអីទេ! ហេតុអ្វីចាំបាច់ពិនិត្យ?
លោកវេជ្ជបណ្ឌិតហាក់ដូចជាភ្ញាក់ផ្អើលជាមួយនឹងអាការនេះ គាត់មិនទាន់ឆ្លើយតបបានថាយ៉ាងណាផង ភីណាពោលបន្ត៖
-អញ្ជើញលោកត្រឡប់ទៅវិញចុះ! នៅហ្នឹងអត់មានអ្នកជំងឺទេ!
លោកវេជ្ជបណ្ឌិតមិនដឹងថាត្រូវនិយាយថាម៉េចតទៅទៀតដែរ ទើបបានជាគាត់គ្រវីក្បាលយឺតៗបែរខ្លួនដើរចុះទៅក្រោមវិញ។ ភីណាជ្រប់មុខដោយមួហ្មង ភ្លាមនោះនាងស្រាប់តែងឿងឆ្ងល់តែម្នាក់ឯង ហេតុអ្វីវិទូបែរជាអញ្ជើញគ្រូពេទ្យឲ្យចូលមកមើលនាងទៅវិញ? ឬមួយក៏គេយល់ថានាងមានបញ្ហាខួរក្បាលទើបបានជាបង្ករឿងទំនាស់ក្នុងផ្ទះ?
គិតឃើញយ៉ាងនេះហើយទើបនាងស្រវាស្ទុះវឹងក្រោកពីគ្រែចុះតម្រង់ទៅជាន់ខាងក្រោមវិញមួយរំពេច។ មកដល់ខាងក្រោមភ្លាម នាងឮសូរមាត់កំលោះគូដណ្ដឹងពោលរអុះៗនឹងលោកគ្រូពេទ្យនៅឯសាឡុង នាងប្រឹងលាក់ខ្លួនក្បែរថូផ្កាឯមាត់ជណ្ដើរដោយផ្ទៀងត្រចៀកលបស្ដាប់។ ភ្លាមនោះនាងឮសំឡេងអ្នកកំលោះគូស្នេហ៍បន្លឺទៅកាន់លោកគ្រូពេទ្យ៖
-លោកវេជ្ជបណ្ឌិត! កាលពីមុនក្រែងលោកធ្លាប់មានប្រសាសន៍ថារបួសនាងអត់មានប៉ះពាល់ដល់ចំណុចសំខាន់ឯណា ចុះម៉េចក៏ចាប់តាំងពីមានរបួសមកនាងប្រែប្រួលទៅជាធ្វើរឿងខុសប្រក្រតីបន្តបន្ទាប់? ឬមួយថារបួសនៃការប៉ះទង្គិចនោះ មានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រាសាទទេដឹង? លោកមានមើលរំលងនូវបញ្ហានេះដែរទេ?
ភីណាចងចិញ្ចើមស្ទើរតែដល់គ្នាដោយក្ដីមួហ្មង មិននឹកដល់ថាវិទូមិនត្រឹមមិនយល់ចិត្ត មិនជឿសម្ដីខ្លួនប៉ុណ្ណោះទេ នាងមានបញ្ហាសរសៃប្រាសាទថែមទៀតផង ហាក់ដូចជារកអត់ឱនឲ្យមិនបានសោះ នាងបម្រុងស្រែកកាត់បញ្ចេញកំហឹងទៅកាន់គេទៅហើយក៏ស្រាប់តែឮសូរលោកវេជ្ជបណ្ឌិតបន្លឺមួយៗតបទៅកាន់វិទូ នាងក៏ប្រឹងខំទប់ចិត្តផ្អៀងត្រចៀកស្ដាប់ប្រសាសន៍របស់គាត់ភ្លាមនោះនាងឮគាត់វាចា៖
-បើលោកមានគំនិតសង្ស័យយ៉ាងនេះ ខ្ញុំគួរពន្យល់ឲ្យបានច្បាស់លាស់ ថ្វីត្បិតថាមុខរបួសរបស់អ្នកជំងឺបណ្ដាលមកពីការប៉ះទង្គិចពិតមែន ក៏ប៉ុន្តែបើការពិនិត្យរបស់យើងបានធានាអះអាងថាគ្មានប៉ះពាល់ដល់ចំណុចសំខាន់ណាមួយដែលបណ្ដាលឲ្យមានផលអាក្រក់ដល់ប្រព័ន្ធសរសៃប្រសាទទេនោះ ក៏លោកមិនត្រូវមានទុទ្ទិដ្ឋិនិយមសង្ស័យទៅផ្លូវអាក្រក់នោះដែរ ប៉ុន្តែផ្ទុយទៅវិញប្រសិនជាព្រោះតែករណីណាមួយផ្សេងដែលអ្នកជំងឺបានជួបប្រទះហើយអាចប៉ះទង្គិចដល់ប្រព័ន្ធសរសៃប្រាសាទរបស់នាង ក៏ខ្ញុំមិនហ៊ានសន្និដ្ឋានដែរ ប៉ុន្តែក៏លុះណាតែពិនិត្យបានត្រឹមត្រូវទើបខ្ញុំហ៊ានអះអាង! ពីព្រោះថានេះគឺជារឿងធ្ងន់ធ្ងរប៉ះពាល់ដល់សតិអារម្មណ៍របស់មនុស្ស យើងមិនអាចធ្វើការសន្និដ្ឋានតែផ្ដាសកើតនោះទេ!
វិទូងក់ក្បាលផ្ងក់ៗ ទំនងជាអ្នកកំពុងរិះគិតពីប្រសាសន៍របស់លោកវេជ្ជបណ្ឌិតដែលមានហេតុផលទំនងសមស្រប ខណៈនោះអ្នកពោលទៅកាន់គាត់៖
-ណ្ហើយ អីចេះចុះ ពេលនាងអាចឃុំគ្រងខ្លួនឯងបានប្រសើរជាងមុន សឹមខ្ញុំអញ្ជើញលោកម្ដងទៀត ដល់ពេលដែលលោកបានពិនិត្យត្រឹមត្រូវហើយ មុខជាអាចសន្និដ្ឋានបានច្បាស់លាស់ហើយ!
លោកវេជ្ជបណ្ឌិតក្រោកពីសាឡុង ទាំងវាចាតបនឹងអ្នកកំលោះវិញ៖
-បាទ! ខ្ញុំលាទៅវិញសិនហើយ!
វិទូក្រោកពីសាឡុងដើម្បីជាកិច្ចជូនដំណើរ ភ្លាមនោះអ្នកអួនដើរចេញមកជូនដំណើរលោកវេជ្ជបណ្ឌិតចេញទៅក្រៅដែរ ទុកឲ្យវិទូនៅឈររិះគិតតែម្នាក់ឯង។ កណ្ដាលបរិយាកាសស្ងាត់ច្រៀបរបស់គេហដ្ឋានធំល្វឹង ឮតែស្នូរស្បែកជើងលាន់កុបៗទង្គិចនឹងកម្រាលឥដ្ឋ វិទូងើបមុខសម្លឹងនាងក្រមុំភីណាដែលប្រកបដោយទឹកមុខស្មើធេងដើរយឺតៗចុះមកពីលើជណ្ដើរ គេមិនដឹងថានាងបានឮសម្ដីដែលខ្លួនពិគ្រោះជាមួយវេជ្ជបណ្ឌិតឬក៏អត់ ប៉ុន្តែគ្រាន់តែឃើញទឹកមុខក៏ដឹងច្បាស់ថា នាងមិនសប្បាយចិត្តដែរ អ្នកហើបមាត់ពោលទៅកាន់នាង៖
-ភីណា?
មិនរង់ចាំឲ្យវិទូនិយាយចប់បានមួយឃ្លាឡើយ នាងក្រមុំពោលកាត់ដោយសូរសព្ទរអាក់រអួល៖
-កុំមកហៅខ្ញុំ!
វិទូបញ្ចេញសភាពងឿងឆ្ងល់លើផ្ទៃមុខ អ្នកពោលមកកាន់នាង៖
-អូនទប់ចិត្តឲ្យល្អបន្តិច បានដែរអត់ភីណា?
ភីណាបង្ហាញអាការហួសចិត្ត នាងសើចខឹកក្នុងបំពង់ក ដោយក្រពាត់ដៃបន្លឺតបទាំងទឹកមុខស្មើ ប៉ុន្តែសូរសព្ទនៅតែរអាក់រអួលដដែល៖
-បងសង្ស័យលើស្មារតីចងចាំរបស់ខ្ញុំ បងសង្ស័យថាសរសៃប្រសាទខ្ញុំមានបញ្ហា បងគិតថាខ្ញុំនេះឆ្កួត ប៉ុន្តែខ្ញុំសូមជម្រាបបងឲ្យច្បាស់ទៅចុះ ស្មារតីខ្ញុំនៅល្អណាស់ ខ្ញុំគ្មានឆ្កួតទេ ខ្ញុំគ្មានខុសទេ! ហើយក៏មិនបាច់ទប់ចិត្តអីទាំងអស់!
វិទូបង្ហាញក្ដីតប់ប្រមល់លើផ្ទៃមុខ អ្នកឧទានតបទៅកាន់នាង៖
-ប៉ុន្តែគឺយើងមានការយល់ខុស មិនចេះថ្លឹងថ្លែងមុននិយាយមុនស្ដីបណ្ដាលឲ្យក្នុងផ្ទះមានរឿងធំអញ្ចឹង! ចេញពីពេទ្យមកភ្លាម ក៏មកដល់ផ្ទះបង្ករឿងផ្ដេសផ្ដាសចំពោះអ្នកបង ថ្ងៃនេះហើយក៏នៅមិនព្រមបញ្ឈប់ទៀត យល់ថាខ្លួនឯងត្រូវទៀត?
ភីណាបញ្ចេញទឹកមុខតប់ប្រមល់សម្លឹងថ្មែមករកអ្នកកំលោះ នាងឧទានទាំងអួលណែនក្នុងបំពង់ក៖
-វិទូ អ្នកណាគេមិនយល់ចិត្តខ្ញុំ ក៏ខ្ញុំមិនរវល់ប៉ុន្មានដែរ ប៉ុន្តែ បង! បងជាមនុស្សជិតស្និទ្ធរបស់ខ្ញុំ បែរជាបងមិនយល់ចិត្តខ្ញុំសោះ បងពូកែតែខាងបន្ទោស បងមានសួរខ្ញុំអត់? បងមានសួរថាហេតុអ្វីបានជាខ្ញុំមកដល់ផ្ទះវិញភ្លាមមានអាការមួហ្មងចំពោះបងថ្លៃខ្ញុំទេ?
វិទូដឹងថាខ្លួនក៏ជ្រុលហួសហេតុបន្តិចដែរក្នុងរឿងនេះ ក្នុងពេលដែលនាងនៅមិនទាន់ប្រមូលអារម្មណ៍បានត្រឹមត្រូវយ៉ាងនេះ គួរណាស់តែខ្លួនពន្យល់លួងលោមនាងតាមសម្រួល មិនគួរណាហាមាត់បន្ទោសនាងយ៉ាងនោះទេ ព្រោះតែគិតឃើញយ៉ាងនេះហើយ ទើបអ្នកកំលោះងើបមុខសម្រួលអាការឲ្យល្អជាងមុន បន្លឺវាចាទៅកាន់នាង៖
-ឥឡូវនេះអូនមានហេតុផលអីខ្លះ អូនឆាប់និយាយទៅ!
ភីណាងាកមុខចេញ នាងពោលយ៉ាងតោះតើយ៖
-ឥឡូវនេះបងចាត់ទុកថាខ្ញុំជាមនុស្សវង្វេងស្មារតីទៅហើយ ខ្ញុំនិយាយ ឬមិននិយាយ វាដូចតែគ្នាហ្នឹង!
នាងបន្លឺខ្លាំងៗទៅកាន់អ្នកបម្រើចំណាស់ដែលកំពុងដើរយឺតៗចូលមកពីខាងក្រៅ៖
-មីងអួន! មីងឡើងទៅរៀបអីវ៉ាន់ជាមួយខ្ញុំ!
វិទូសម្លឹងដំណើរនាងដែលដើរយ៉ាងរហ័សសំដៅទៅជាន់ខាងលើ ដោយមានទាំងអ្នកបម្រើចំណាស់ឡើងទៅតាមពីក្រោយផង។ អ្នកកំលោះដកដង្ហើមធំដោយតានតឹងក្នុងចិត្ត អ្នកនឹកមិនយល់ថា ម៉េចនៅសុខៗ ភីណាត្រូវរបួសចូលមន្ទីរពេទ្យ ហើយពេលត្រឡប់មកផ្ទះវិញ បង្កឲ្យមានរឿងម្ដងហើយម្ដងទៀតយ៉ាងដូច្នេះ? ណាមួយនាងថែមទាំងមានចរិតមានះឆេវឆាវប្លែកជាងពេលមុនទៀតផង។ បើនាងនិយាយគ្មានហេតុគ្មានផលយ៉ាងនេះ តើឲ្យអ្នកដោះស្រាយរឿងស្មុគស្មាញទាំងអស់នេះដោយវិធីណា?
អ្នកកំលោះនឹកដល់កាយវិការរបស់ភីណា អម្បាញ់មិញនៅឯបន្ទប់ខាងលើ ពេលដែលនាងស្ទុះស្ទាទៅចាក់បងថ្លៃស្រីរបស់ខ្លួនឲ្យមានរបួសមុតយ៉ាងជ្រៅហូរឈាមជោកជាំលើកម្រាលឥដ្ឋ អ្នកមិនយល់សោះថាម៉េចក៏ភីណាដាច់ចិត្តប្រព្រឹត្តកាយវិការរបៀបនោះ? តាំងពីពេលមុនមក អ្នកក្នុងផ្ទះទាំងអស់អ្នកណាក៏ដឹងដែរថា ភីណា និងបងថ្លៃមានមនោសញ្ចេតនាល្អនឹងគ្នាណាស់ ក៏ព្រោះតែភីណាជាក្មេងកំព្រាគ្មានឪពុកម្ដាយតាំងពីតូច ឯអ្នកស្រីកុលាបដែលជាបងថ្លៃក៏ជាស្ត្រីមានសារជាតិស្លូតបូត ស្រលាញ់ថ្នាក់ថ្នមភីណាដោយស្មោះស្ម័គ្រដែរ ប៉ុន្តែចាប់តាំងពីនាងក្រមុំភីណាត្រូវរងគ្រោះថ្នាក់ចរាចរណ៍ចូលសម្រាកពេទ្យកាលណា ពេលនាងមកដល់ផ្ទះវិញ រវាងនាង និងបងថ្លៃក៏ស្រាប់តែលេចចេញនូវបញ្ហាជាច្រើនខុសពីប្រក្រតី ភាពស្និទ្ធស្នាលរវាងបងប្អូនគេទាំងពីរហាក់បីដូចជាត្រូវរលត់បាត់អស់នៅហើយ ហេតុការណ៍ទាំងនេះហើយដែលបណ្ដាលឲ្យវិទូរកគិតមិនយល់សោះ។
អារម្មណ៍មិនទាន់ដកជ្រះស្រឡះចេញពីការរិះគិតនៅឡើយ ក៏ស្រាប់តែឮសូរស្នូរជើងចុះមកពីជាន់ខាងលើសាជាថ្មី រួមជាមួយប្រយោគលាយឡំដោយអាការព្រួយបារម្ភរបស់អ្នកបម្រើចំណាស់៖
-នាងតូច! កុំធ្វើអញ្ចឹងអី! កុំទៅអីនាងតូច!
វិទូងើបមុខសម្លឹងទៅស្រីស្រស់គូស្នេហ៍ដែលកំពុងយួរវ៉ាលីស៍យ៉ាងធំដើរញាប់ជើងស្មេរចុះមកខាងក្រោម នាងស្រែកហៅរកសូហ្វ័រឡាន៖
-ពូសួស! ពូសួស! ពូសួសនៅឯណា!
វិទូចងចិញ្ចើមដើរចូលទៅក្បែរនាងទាំងពោលសួរដោយក្ដីងឿងឆ្ងល់៖
-គិតធ្វើអីហ្នឹងភីណា? អូនគិតយកអីវ៉ាន់ទៅណា៎?
នាងក្រមុំអូសវ៉ាលីស៍ចុះមកបណ្ដើរ មាត់នៅតែស្រែករកសូហ្វ័រដោយមិនរវល់យកត្រចៀកស្ដាប់សម្ដីកំលោះគូដណ្ដឹងសោះ៖
-ពូសួស! នៅឯណាហើយ ពូសួស?
អ្នកបម្រើចំណាស់បង្ហាញក្ដីបារម្ភលើផ្ទៃមុខ គាត់ពោលប្រាប់ទៅនាង៖
-នាងតូច ពូសួសជូនលោកប្រុសទៅក្រៅអម្បាញ់មិញហើយ នាងតូចទុកអីវ៉ាន់ទៅ កុំទៅណាអី!
ភីណាបញ្ចេញអាការមួហ្មងខ្លាំងក្លាជាងមុន នាងយួរវ៉ាលីស៍ដើរញាប់ស្មេរតម្រង់កាន់ទ្វារ ទាំងមាត់ពោល៖
-គ្មានគាត់ក៏ខ្ញុំទៅបានដែរ មីងមិនបាច់ឃាត់ឃាំងខ្ញុំទេ!
នាងដើរញាប់ជើងស្មេរដោយមិនងាកក្រោយ អ្នកបម្រើវ័យចំណាស់នៅតែស្ទុះទៅតាមអង្វរឃាត់នាង៖
-នាងតូច! កុំទៅអី លោកប្រុសត្រឡប់មកវិញ គាត់បន្ទោសខ្ញុំស្លាប់ហើយ! កុំទៅអីណា៎!
ភីណាទុចដំណើរនាងបែរក្រោយសម្លឹងមកកាន់អ្នកបម្រើជំនិត នាងពោលប្រាប់ទៅគាត់វិញដោយរលីងរលោងទឹកភ្នែក៖
-មីងកុំបារម្ភ! បងខ្ញុំគាត់មិនបន្ទោសមីងទេ គាត់ការពារស្រីព្រាយនោះលែងចេះគិតប្អូនហើយ បានខ្ញុំទៅគាត់មុខតែបាននៅសុខស្រួល!
មីងឃាត់ខ្ញុំ ប្រយ័ត្នខ្ញុំខឹងទាំងមីងទៀត!
មីងចំណាស់ថយក្រោយពីនាងក្រមុំដោយក្ដីបារម្ភ វិទូវិញមួហ្មងណាស់ដែលកាលបើមើលឃើញថាភីណារឹងរូសយ៉ាងនេះ អ្នកកំលោះចូលទៅក្បែរនាងឈររាំងពីមុខនាងដោយអាការដូចជាហួសចិត្ត៖
-គិតទៅណា? ធ្វើតាមអំពើចិត្តអញ្ចឹងទៅកើតដែរអ្ហេស៎?
ភីណាតបដោយមិនមើលមុខគេ៖
-ខ្ញុំទៅណាមិនបាច់សុំការអនុញ្ញាតពីបងទេ! ផ្ទះនេះខ្ញុំស្អប់ ខ្ញុំនៅមិនកើត ខ្ញុំទៅនៅម្នាក់ឯងវិញ វាគ្រាន់បើជាង បើខ្ញុំនៅទីនេះតទៅទៀត ទោះជាមិនឆ្កួតក៏គង់តែក្លាយទៅជាឆ្កួតមែនមិនខាន!
វិទូមិនរវល់និយាយជាមួយនាងទេ អ្នកលូកដៃទៅបម្រុងទាញយកវ៉ាលីស៍ចេញ នាងពោលមកកាន់អ្នកទាំងអាការមិនពេញចិត្ត៖
-បងកុំរារាំងខ្ញុំ បងធ្វើឲ្យខ្ញុំខឹងគ្រប់គ្រាន់ហើយ!
សំឡេងអ្នកបម្រើចំណាស់នៅតែអង្វរមកពីក្រោយខ្នង៖
-នាងតូច កុំទៅអី! កុំទៅអីនាងតូច!
នាងក្រមុំមិនរវល់ស្ដាប់ នាងគិតតែពីយួរវ៉ាលីស៍ដើរញាប់ជើងស្មេរតម្រង់ទៅកាន់មាត់ទ្វារ វិទូពោលសួរពីក្រោយខ្នង៖
-បងនិយាយហើយ អូននៅមិនស្ដាប់ទៀតអ្ហេស៎?
ភីណាទុចដំណើរ នាងមិនងាកក្រោយទេ ប៉ុន្តែនាងហើបមាត់តបដោយសូរសព្ទខឹងណែន៖
-ខ្ញុំមិនស្ដាប់ទេ ខ្ញុំមិនស្ដាប់អ្នកណាទាំងអស់ ព្រោះអីពេលខ្ញុំនិយាយក៏គ្មានអ្នកណាព្រមស្ដាប់ខ្ញុំដែរ!
សំឡេងទូរសព្ទរោទ៍ញាប់រន្ថើន វិទូឈ្ងោកដកទូរសព្ទពីចង្កេះមកស្ដាប់ ឆ្លៀតពេលនោះដែរភីណាឈានជើងចេញទៅយ៉ាងរហ័ស រកតែវិទូពោលឃាត់ក៏មិនទាន់។
វិទូស្ដាប់ទូរសព្ទបណ្ដើរ ចិត្តមួយបារម្ភភីណាបណ្ដើរ ប៉ុន្តែដឹងថាសំឡេងដែលវាយទូរសព្ទមកនោះប្រាប់មកថាយ៉ាងណាខ្លះទេ បានជាពេលនោះអ្នកកំលោះស្រាប់តែងាកមករកភីណាដែរ ប៉ុន្តែនាងចេញទៅបាត់ទៅហើយ។
វិទូស្ទុះចេញទៅក្រៅយ៉ាងរហ័ស ដោយមាត់ស្រែកហៅ៖
-ភីណា! ភីណា!
ប៉ុន្តែសួនច្បារខាងមុខផ្ទះគ្មានឃើញស្រមោលនាងសោះ ឃើញតែអ្នកបម្រើចំណាស់ដើរចូលមកវិញដោយទឹកមុខស្រពោន អ្នកកំលោះប្រញាប់ប្រញាល់ពោលសួរទៅកាន់គាត់ភ្លាម៖
-មីង! ឯណាភីណា?
អ្នកបម្រើរូបនោះតបដោយក្ដីបារម្ភពោលក្នុងចិត្ត៖
-ខ្ញុំឃាត់មិនស្ដាប់ទេ! នាងតូចជិះរ៉ឺម៉កកង់បីទៅហើយ យកទាំងសោ Apartment នៅបឹងកេងកងទៅផង!
សេចក្ដីខ្វល់ខ្វាយលេចចេញតាមរយៈពន្លឺនៃកែវភ្នែករបស់អ្នកកំលោះរូបនេះ ទោះបីថាគេមិននិយាយចេញមកក៏អ្នកបម្រើចំណាស់មើលដឹងថាគេកំពុងពិបាកចិត្តយ៉ាងខ្លាំងព្រោះតែរឿងទាំងអស់របស់ភីណាដែរ។
វិទូលើកទូរសព្ទមកផ្អឹបនឹងត្រចៀកសាជាថ្មី ដោយបន្លឺទាំងក្រៀមក្រំទៅកាន់លោកកុសលនៅចុងម្ខាង៖
-ភីណាចេញពីផ្ទះហើយ! តែបងកុំបារម្ភ ចាំខ្ញុំទៅតាមមើលគេ! ឲ្យគេបាត់ខឹងបន្តិចសិនទៅចាំលួងគេទៅជួបពេទ្យ!
អ្នកកំលោះឈានទៅរកជំនិះដែលចតចោលក្បែរសួនច្បារ។ នាយទៅដល់កាលណាចាប់ស្រវាប្រុងបើកមករកនារីគូស្នេហ៍នៅបឹងកេងកងគាប់ជួនជាមីងអួនរត់មករលះរលាំងសាជាថ្មីថា៖
-លោកក្មួយ! នេះថ្នាំរបស់នាងតូចភីណា! នាងតូចភ្លេចយកទៅហើយ! មិនគួរខានលេបទេ ព្រោះជំងឺនៅធ្វើទុក្ខ!
វិទូលូកដៃទទួលប្រអប់ថ្នាំទាំងងក់ក្បាល់ៗផ្ងក់ៗ៖
-ចាំខ្ញុំយកទៅឲ្យគេ! មីងកុំបាច់ព្រួយទេ! ចាំគេលែងខឹងខ្ញុំនាំគេមកវិញ!
នាយប៉ូលិសបញ្ឆេះម៉ូតូធំចាកចេញពីគេហដ្ឋានក្រោមពន្លឺភ្នែកព្រួយបារម្ភរបស់ស្ត្រីចំណាស់។
សូមរង់ចាំតាមដានអានភាគបន្តនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ
លោកកុសលងាកឆ្វេងស្តាំហាក់ប្រុងប្រយ័ត្នរួចទើបស្តីតប៖
-និយាយទៅវិទូ!
វិទូនិយាយមួយៗដោយផ្តោតភ្នែកលើទឹកមុខបុរសអ្នកមាន៖
-បងសល!ខ្ញុំសង្ស័យថាអ្នកបងជាអ្នករៀបចំសាច់រឿងទាំងអស់ធ្វើបាបភីណា!
ពន្លឺភ្នែកបុរសអភិជនទៅជាប្រែប្រួល គាត់ងាកមុខចេញមុនពេលសម្តីប្រែជាសោះកក្រោះ៖
-ប្អូនឯងស្មានផ្តេសផ្តាសស្អីហ្នឹង?
វិទូមិនថមថយឥរិយាបថដោយរឹតតែពោលសង្កត់ពាក្យដាច់ណាត់៖
-ខ្ញុំសង្ស័យថា សម្តីភីណាជាការពិត ឯអ្នកបងជាមនុស្សកុហក!
លោកកុសលទំនងកាន់ជើងភរិយា គាត់ងាកមុខចេញលែងមើលមុខនាយប៉ូលិសយើងហើយនិយាយតបទំាងបែរខ្នង៖
-កោតណាស់!…ឬក៏ទូឯងជឿពាក្យភីណាដែលថាប្រពន្ធខ្ញុំស្លាប់កាលពីយប់នោះដែរ?
វិទូមិនបោះបង់ចោលការព្យាយាម គេប្រើក្រសែភ្នែកមុតថ្លាសម្លឹងបុរសដែលប្រឹងគេចវេះពីការពិត៖
-អ្នកបងអាចថាបានធ្លាក់ពីជណ្ដើរនោះមែន តែគាត់បែរជាមិនស្លាប់គឺជារឿងពីរផ្សេងគ្នា! អាចថាក្រោយពេលភីណាចាកចេញពីផ្ទះគាត់បានដឹងខ្លួនឡើងវិញ តែប្អូនស្រីលោកមិនបានដឹងព្រោះ….
-និយាយទៅវិទូ!
វិទូនិយាយមួយៗដោយផ្តោតភ្នែកលើទឹកមុខបុរសអ្នកមាន៖
-បងសល!ខ្ញុំសង្ស័យថាអ្នកបងជាអ្នករៀបចំសាច់រឿងទាំងអស់ធ្វើបាបភីណា!
ពន្លឺភ្នែកបុរសអភិជនទៅជាប្រែប្រួល គាត់ងាកមុខចេញមុនពេលសម្តីប្រែជាសោះកក្រោះ៖
-ប្អូនឯងស្មានផ្តេសផ្តាសស្អីហ្នឹង?
វិទូមិនថមថយឥរិយាបថដោយរឹតតែពោលសង្កត់ពាក្យដាច់ណាត់៖
-ខ្ញុំសង្ស័យថា សម្តីភីណាជាការពិត ឯអ្នកបងជាមនុស្សកុហក!
លោកកុសលទំនងកាន់ជើងភរិយា គាត់ងាកមុខចេញលែងមើលមុខនាយប៉ូលិសយើងហើយនិយាយតបទំាងបែរខ្នង៖
-កោតណាស់!…ឬក៏ទូឯងជឿពាក្យភីណាដែលថាប្រពន្ធខ្ញុំស្លាប់កាលពីយប់នោះដែរ?
វិទូមិនបោះបង់ចោលការព្យាយាម គេប្រើក្រសែភ្នែកមុតថ្លាសម្លឹងបុរសដែលប្រឹងគេចវេះពីការពិត៖
-អ្នកបងអាចថាបានធ្លាក់ពីជណ្ដើរនោះមែន តែគាត់បែរជាមិនស្លាប់គឺជារឿងពីរផ្សេងគ្នា! អាចថាក្រោយពេលភីណាចាកចេញពីផ្ទះគាត់បានដឹងខ្លួនឡើងវិញ តែប្អូនស្រីលោកមិនបានដឹងព្រោះ….
អីយ៉ា….ហេសហេ….អីគេអ៊ីចេះនៀក….វិទូចាប់ផ្តើមសើររើសំណុំរឿង ម៉ោង១២អាធ្រាតនៅផ្ទះគូរដណ្តឹង?
……ជួបគ្នានៅវគ្គបន្ត
……ជួបគ្នានៅវគ្គបន្ត