នារីរោងចក្រ និងសង្សារ ឌុបគ្នាដើរលេង កណ្តាលរាត្រី ជួបគ្រោះថ្នាក់ចរាចរ បាក់ភ្លៅ
ភ្នំពេញ៖ នារីកម្មកររោងចក្រស្រស់ខ្ចី១រូបត្រូវម៉ូតូជន ប្រមឹកបុកបណ្តាលឲ្យរងរបួសបាក់ភ្លៅម្ខាង ខណៈរូបនាង និងសង្សារ ជិះម៉ូតូឌុបគ្នាដើរកម្សាន្តពេលរាត្រី នៅមុខផ្ទះសំណាក់៩៩៩ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ម៉ោង១និង៥០នាទីយប់ឈានចូលថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៣ ។
នគរបាលបានឲ្យដឹងថា ម៉ូតូនារីរោងចក្រ និងសង្សារ ម៉ាកគុបជ្រុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-84 19។ បុរសជាសង្សារឈ្មោះឈ្មោះ ដ៉ា ណៃ អាយុ ២៣ឆ្នាំ និស្សិតសាលាមេគង្គកម្ពុជា រស់នៅក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពុំមានរងរបួសនោះទេ។ នារីរោងចក្រ ដែលជួបគ្រោះថ្នាក់ចរាចរបាក់ភ្លៅ ខាងឆ្វេង នេះ មានឈ្មោះ ប៊ូ សុខហ៊ីង អាយុ ២១ឆ្នាំ ស្នាក់នៅក្នុងភូមិ-សង្កាជាមួយគ្នា មានស្រុកកំណើតនៅភូមិ បាក់រនាស់ ឃុំលំពង ស្រុកបាទី ខេត្តតាកែវ។
ដោយឡែកភាគីបង្ក ដែលប្រជាពលរដ្ឋនាំគ្នាហៅថា ជាជនប្រមឹកនោះ មានឈ្មោះ ចក់ ដូត ភេទប្រុស អាយុ ២២ ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ មានស្រុកកំណើតនៅភូមិកោះទាវ ឃុំកោះទាវ ស្រុកកោះធំ ខេត្តកណ្តាល រងរបួសស្រាល និងអ្នករួមដំណើរមានឈ្មោះ ស៊ិន ចំរ៉ុង ភេទប្រុស អាយុ ប្រហែលជា២០ឆ្នាំ ពុំមានរងរបួសនោះទេ ជិះម៉ូតូ ម៉ាកវ៉េវអេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-2115។
បើតាមមន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគូស្នេហ៍ថ្មីថ្មោងនេះ រួមនិងគូស្នេហ៍១គូផ្សេង ទៀត ដែលពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ បាននាំគ្នាជិះម៉ូតូដើរកម្សាន្តនាពេលរាត្រី ហើយប្រហែលជាទើប ចេញពីកម្សាន្តនៅទីណាក៏មិនដឹង។ លុះពួកគេជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ដល់ម្តុំផ្ទះសំណាក់៩៩៩ បត់ឆ្លងផ្លូវ ក៏ត្រូវម៉ូតូជនប្រមឹកជិះគ្នា ២នាក់ក្នុងទិសដៅស្របទិសគ្នាជ្រុលទៅបុកយ៉ាងពេញទំហឹងចំនារីរងគ្រោះ កៀបជាប់អូសជិត១០ម៉ែត្រ បណ្តាលឲ្យរងរបួសបាក់ភ្លៅម្ខាង និងម៉ូតូបាក់សាកស៊ី។
ក្រោយកើតហេតុភ្លាមៗ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហៅរថយន្តសង្គ្រោះរបស់អង្គភាព ៧១១កងពលតូចលេខ៧០ ទៅដឹកជនរងគ្រោះទៅសង្គ្រោះ ប៉ុន្តែក្រោយពីការជួយសង្រ្គោះបឋមរបស់មន្រ្តីអង្គ ភាព៧១១ ជនរងគ្រោះសុំទៅសម្រាកព្យាបាលនៅគ្លីនិកឯកជន តាមម៉ូតូមិត្តភក្តិរបស់គេជាអ្នកដើរលេងជាមួយ គ្នានោះ។
វត្ថុតាងទាំងពីរ រួមទាំងអ្នកបើកបរម៉ូតូបង្ក ត្រូវនគរបាលនាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីចាត់ការទៅតាម នីតិវិធី៕