និស្សិត​មួយ​ចំនួន​ ត្រូវ​បង្ខំ​ចិត្ត​ចូលរួម​ ក្នុង​ក្បួន​ឃោសនា​ បក្ស​ប្រជាជន

7/13/2013 0 Comments A+ a-

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា បាន​ធ្វើ​ឡើង​យ៉ាង​គគ្រឹកគគ្រេង ដោយ​មាន​ក្រុម​យុវជន​ចូលរួម​ដង្ហែ​ក្បួន​ជាច្រើន។ ប៉ុន្តែ ការ​ចូលរួម​របស់​ក្រុម​យុវជន​នេះ បែរ​ជា​មាន​ព័ត៌មាន​ថា មាន​និស្សិត​មួយ​ចំនួន​នៅ​តាម​សាកលវិទ្យាល័យ ត្រូវ​បាន​គេ​កៀងគរ និង​គំរាម​ឲ្យ​ទៅ​ចូលរួម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម។
និស្សិត​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ បាន​ផ្តល់​ដំណឹង​មក​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១១ កក្កដា នេះ​ថា ពួក​គេ​កំពុង​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សាលា​គំរាម​កំហែង​ឲ្យ​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ពួក​គេ​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ទង្វើ​នេះ។
និស្សិត​មួយ​រូប​ឈ្មោះ បញ្ញា ដែល​បច្ចុប្បន្ន​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស បាន​ឲ្យ​ដឹង​ថា កញ្ញា​ត្រូវ​បាន​គ្រូបង្រៀន​គំរាម​ឲ្យ​ទៅ​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​កញ្ញា​ភ័យ​ខ្លាច​នឹង​អាច​ជួប​បញ្ហា ប្រសិន​បើ​បដិសេធ​មិន​ចូលរួម៖ «ពួក​ម៉ាក​ខ្ញុំ​នៅ​សាលា​ចេនឡា ក៏​គេ​និយាយ​ដូច​ខ្ញុំ​អ៊ីចឹង​ដែរ។ គេ​ក៏​យ៉ាប់​ដែរ បើ​គេ​មិន​ទៅ​ដូច​គ្រូ​របស់​ខ្ញុំ​និយាយ​ទៅ​ដូច​គ្នា បើ​មិន​ទៅ លោកគ្រូ​គាត់​ថា​អត់​មាន​ឈ្មោះ​ប្រឡង​ទេ ឬ​ក៏​កាត់​ពិន្ទុ​ប្រឡង ហើយ​ពួក​ខ្ញុំ​ត្រូវ​តែ​ទៅ ហើយ​ពួក​ខ្ញុំ​ស្រីៗ ហើយ​ត្រូវ​ទៅ​ដល់​ម៉ោង​ដប់​កន្លះ​យប់​ទៀត ពេល​ទៅ​ត្រូវ​ស៊ីញេ​វត្តមាន​ដូច​យើង​ទៅ​រៀន​អ៊ីចឹង»
និស្សិត​រូប​នេះ​បាន​បន្ថែម​ថា ការ​កំណត់​ឲ្យ​និស្សិត​ទៅ​ចូលរួម​ក្បួន​ឃោសនា​នោះ គឺ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់​លាស់ ដោយ​មាន​មេ​កើយ​តាម​ដាន និង​ឃ្លាំ​មើល​សកម្មភាព​របស់​អ្នក​ចូលរួម​ឃោសនា​ទាំង​នោះ ដែល​ត្រូវ​បាន​បែង​ចែក​ជា​ក្រុមៗ៖ «ចង្កោម​របស់​ខ្ញុំ​មាន ២០​នាក់​ហ្នឹង គេ​មាន​មេ​មួយ​សម្រាប់​កត់​វត្តមាន វត្តមាន​ចេញ​វត្តមាន​ចូល ហើយ​បើក​លុយ​ឲ្យ​យើង។ ហើយ​បន្ទាប់​មក គាត់​ត្រូវ​តែ​ឲ្យ​យើង​ធ្វើ​យ៉ាង​ម៉េច​បង្ក​ក្បួន​ហ្នឹង​ឲ្យ​មាន​សភាព​រស់​រវើក។ គាត់​ត្រូវ​តែ​ក្តាប់​ព័ត៌មាន​ពី​ពួក​យើង អត់​ឲ្យ​យើង​នៅ​ស្ងៀម​បាន​ទេ»
វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​រដ្ឋបាល​សាកលវិទ្យាល័យ​ធនធាន​មនុស្ស លោក ទិត្យ ដន ប៉ុន្តែ​លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ជ្រាប​ពី​រឿង​នេះ​ទេ៖ «ខ្ញុំ​អត់​ដឹង​ផង ខ្ញុំ​ជាប់​រវល់​បន្តិច​ណា៎»
ដោយ​ឡែក និស្សិត​ពេទ្យ​មួយ​រូប​ឈ្មោះ លីណា ក៏​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ផង​ដែរ​ថា កញ្ញា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ការ​សិក្សា បើ​សិន​ជា​កញ្ញា​បដិសេធ​មិន​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​ទៅ​តាម​ការ​ជ្រើស​រើស​ឈ្មោះ​ពី​ថ្នាក់​លើ​របស់​សាលា​ទេ​នោះ៖ «ខ្លាច​សុវត្ថិភាព​មួយ ទី​មួយ យើង​អត់​ទៅ​អ៊ីចឹង គេ​ឲ្យ​ឈ្មោះ​យើង​ទៅ យើង​អត់​ទៅ​អ៊ីចឹង អា​ហ្នឹង​ទី​មួយ​ខ្លាច​សុវត្ថិភាព ទី​ពីរ ខ្លាច​ខាង​សាលា​គេ​រក​រឿង​អ៊ីចឹង»
ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ គេ​សង្កេត​ឃើញ​មាន​យុវជន​ជា​ច្រើន​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​គណបក្ស ប៉ុន្តែ​ក្នុង​នោះ​មាន​យុវជន​ខ្លះ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ហើយ​យុវជន​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចែក​ថវិកា និង​នំ​ចំណី​មួយ​ចំនួន។ ការ​ផ្តល់​ជា​ថវិកា​បែប​នេះ ត្រូវ​បាន​សាធារណជន​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ការ​ជួល​មិន​មែន​ជា​ការ​ចូលរួម​ដោយ​ឆន្ទៈ​ស្ម័គ្រចិត្ត​នោះ​ទេ។
និស្សិត​ពេទ្យ​មួយ​រូប​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ យល់​ឃើញ​ថា ថ្វី​បើ​ពេល​ខ្លះ​មិន​មាន​ការ​គំរាម​កំហែង ឬ​ការ​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ការ​ឃោសនា​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​ភាព​មិន​ប្រក្រតី​មួយ​ដែល​កើត​ឡើង​ក្នុង​សាកលវិទ្យាល័យ​តាម​គ្រប់​រូបភាព៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​មួយ​លួងលោម ឬ​ក៏​យើង​ហៅ​ថា​ការ​បោក​បញ្ឆោត​ហ្អា៎ មិន​មែន​ជា​ការ​ស្ម័គ្រចិត្ត​ហ្អា៎»
នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ជ្រើស​រើស​សមាជិក​សភា​លើក​ទី៥ នេះ មាន​ក្បួន​គណបក្ស​នយោបាយ​ហែ​គគ្រឹកគគ្រេង​តាម​ទី​ប្រជុំ​ជន​នានា។ ក្នុង​ចំណោម​អ្នក​ហែ​នោះ គេ​សង្កេត​ឃើញ​ភាគ​ច្រើន​ជា​យុវវ័យ៕
ប្រភពពី RFA