ស៊ិន នារីរ័ត្ន គ្រោង​ដឹកដៃ​គូ​ដណ្តឹង ចូល​រោងការ​ឆ្នាំ​ក្រោយ

7/15/2013 0 Comments A+ a-

ភ្នំពេញៈ បើទោះបីជាពេលកន្លងមក ពិធីការិនីមិនសូវល្បីឈ្មោះ កញ្ញា ស៊ិន នារីរ័ត្ន ធ្លាប់ជួបជាមួយ ពាក្យចចាមអារ៉ាម លេចឮថា នាងនិងគូដណ្តឹង ជួបភាពរង្គោះរង្គើ ជាមួយគ្នាយ៉ាងណាក៏ដោយ ក៏គេហាក់មិនឃើញ តារាស្រីរូបនេះ ចេញមុខមកបកស្រាយ ឬក៏ឈឺក្បាលហាលថ្ងៃ ខ្លាចគេយល់ច្រឡំ ថាស្នេហា នាងជួបភាព រកាំរកូសអ្វីឡើយ ។
ក្នុងមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា ពិធីករ-ពិធីការិនីនៅស្ថានីយ ទូរទស្សន៍បាយ័ន ២គូ បានសម្រេច ចិត្តចូលរោងការ បង្កើតសុភមង្គល គឺលោក ជា វណ្ណារិទ្ធ និង អ្នកនាង សុខ សោម៉ាវត្តី ក្រោយពីពួកគេ បានភ្ជាប់ពាក្យ មិនបានប៉ុន្មានផងនោះ។ ដោយឡែក កញ្ញា ស៊ិន នារីរ័ត្ន គេបែរជាឃើញ នាងភ្ជាប់ពាក្យ ជាមួយគូដណ្តឹងជា ច្រើនឆ្នាំមកហើយ នៅតែមិនទាន់មានគម្រោង ដឹកដៃគ្នាចូលរោងការដូចគេ ទាល់តែសោះ ។ ផ្ទុយទៅវិញតារាស្រី ល្បីឈ្មោះគួរសមរូបនេះ បែរជាប្រឹងយកលេស និងគេចវេសពី ការសាកសួរជុំវិញ គម្រោងរៀបការរហូត ធ្វើឲ្យទស្សនិកជន មួយចំនួនគិតថា បុរសជាគូដណ្តឹងនោះ បាន ជួបស្នេហ៍ប្រះស្រាំ ជាមួយនាងថែមទៀតផង។
ជុំវិញចម្ងល់នេះ ត្រូវបានប្រភពពី អ្នកសិល្បៈរួមអាជីព នៅស្ថានីយទូរទស្សន៍បាយ័ន បង្ហើប ឲ្យដឹងថា ធាតុពិត មូលហេតុដែល អារ័ត្ន មិនសូវបង្កើតភាពស្និទ្ធស្នាល ជាមួយសារព័ត៌មាន ដោយសារតែនាង មិនសូវចេះនិយាយច្រើន។ ម្យ៉ាងនាង ក៏មិនសូវមានគម្រោងអ្វី ថ្មីប្លែកៗច្រើន ដូច្នេះទៅទើបនាង ចេះតែបដិសេធ ហើយពេលខ្លះក៏ មិនបានលើកទូរស័ព្ទ មិនមែននាងគេច វេសពីអ្នកកាសែតទេ។
ប្រភពដដែល បានបង្ហើបប្រាប់ ឲ្យដឹងទៀតថា មិនយូរទៀតទេ ព័ត៌មានដែលលើកឡើងថា នារីរ័ត្ន ដើរដល់ផ្លូវបំបែក ជាមួយគូដណ្តឹងនោះ និងសាបរលាបដូច អំបិលត្រូវទឹកអ៊ីចឹង.. ដោយសារតែពេលនេះ ពួកគេទាំងពីរនាក់ កំពុងតែឲ្យចាស់ទុំ ទៅគន់គូរ រកពេលវេលាល្អ រៀបការជាមួយគ្នា ដើម្បីបញ្ចប់ពាក្យ ចចាមអារ៉ាម។ បើតាម អារ័ត្ន បង្ហើបប្រាប់ ក្រៅផ្លូវការថា នាងមានគម្រោងរៀបការ ជាមួយគូដណ្តឹង នៅឆ្នាំក្រោយនេះ ។ ម្យ៉ាងចាស់ទុំ ទាំងសងខាង ក៏មិនចង់ភ្ជាប់ពាក្យ ទុកយូរពេកដែរ។
ប្រភពខាងលើបាន បង្ហើបប្រាប់បន្ថែមទៀតថា ទោះជាពេលនេះ អារ័ត្ន មិនទាន់រៀបការក៏ពិតមែន តែគូដណ្តឹងរបស់ នាងហាក់ដូចជា ស្រឡាញ់នាងខ្លាំង យកចិត្តទុកដាក់ មិនចាញ់ស្វាមីភរិយានោះទេ ។ ជារឿយៗ តែងតែឃើញពួកគេបង្ហាញ ពីភាពសិ្នទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នា មិនចាញ់គូស្នេហ៍ដ៏ទៃឡើយ។
បើទោះជាមានការលើកឡើង ពីប្រភពអ្នកជិតដិត កញ្ញា ស៊ិន នារីរ័ត្ន អះអាងបែបនេះក្តី ក៏នៅតែមិនទាន់មាន អ្នកណាម្នាក់ដឹងច្បាស់ថា ពួកគេទាំងពីរនាក់ បានដឹកដៃគ្នា ចូលរោងការដូចការ លើកឡើងនោះមែន ឬយ៉ាងណាទេ៕via: lookingtoday