ជីជី ច្រានចោលព័ត៌មាន បុរសពោះម៉ាយ តាមស្រលាញ់
ភ្នំពេញ៖ ពិធីការិនីដ៏ល្បីវ័យក្មេងប្រចាំ នៅស្ថានីយទូរសទ្សន៍ប៉ុស្តិ៍ CTN កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ជាអ្នកសិល្បៈមួយដួង ក្នុងចំណោមតារាសិល្បៈប្រុស-ស្រីដ៏ទៀត ដែលមហាជនគ្រប់មជ្ឈដ្ឋាន បានធ្លាប់ដឹងគ្រប់គ្នាថា ជាតារាដែលតែងតែ ទទួលរងនូវព្យុះភ្លៀងព័ត៌មាន អាស្រូវជាច្រើន ជុំវិញរឿងទំនាក់ទំនងស្នេហាក្រៅឆាក។ តែទោះជាយ៉ាងណាព័ត៌មាន ដែលលេចឮទាំងអស់នោះ គឺ តែងតែត្រូវបានសាបរលាបទៅវិញ ក្រោយពីពិធីការិនីរូបនេះ បានចេញមុខបកស្រាយ និងបដិសេធរួចមក ។
ថ្វីដ្បិតតែសាច់រឿងចាស់ បានកន្លងផុតទៅអស់ក៏ពិតមែន ប៉ុន្តែស្រមោលសាច់រឿងថ្មី នៅតែអន្ទោលតាមប្រាណមក តាមលងបន្លាច លើពិធីការិនីសម្បូរមន្តស្នេហ៍ នាង ជីជី ពីក្រោយមិនចេះចប់មិនចេះហើយ ។ ជាក់ស្ដែងថ្មីៗនេះ ស្រាប់តែមាន លេចឮព័ត៌មាន រអេចរអូច ដ៏រសើបមួយទៀតមកថា ជីជី កំពុងមានបុរសអ្នកមាន ទ្រព្យស្តុកស្តមម្នាក់មានងារជាឧកញ៉ាពោះម៉ាយ តាមយ៉ាងកៀកកិត និងសម្ងាត់បំផុត ។
ប្រភពនោះ បានលើកឡើងថា បុរសពោះម៉ាយ ដែលមានវ័យជ្រេម្នាក់នេះ ជាមនុស្សដែលមានឥទ្ធិពល លើការងាររបស់នាង ជីជី ហើយទំនាក់ទំនងរបស់ពួកគេទាំងពីរនេះ ទើបបានបែកធ្លាយ ក្រោយពេលបុរសនោះ ទើបបានលែងលះប្រពន្ធដើមកាលពីពេលថ្មីៗមកនេះ ។
ជុំវិញព័ត៌មាន ដែលលេចឮខាងលើនេះ ត្រូវបានពិធីការិនីជីជី ប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣នេះថា "ចាស់...បង! អត់មានទេ....ខ្ញុំអត់ដែលមានទំនាក់ទំនងអី ជាមួយបុរសពោះ ម៉ាយណាម្នាក់ផងហ្នឹង..? ។ សូមបងជូយចុះផ្សាយ បកស្រាយឱ្យខ្ញុំផង..!" ។
ជីជី បាននិយាយបន្តថា "ខ្ញុំអត់បានដឹងរឿងអីផង...ដូចខ្ញុំនិយាយប្រាប់បងអ៊ីចឹង គឺអត់មាននោះទេ ហើយក៏ពុំដែលស្គាល់ថា បុរសពោះម៉ាយម្នាក់នោះ ជានណាគេដែរ។ ម្យ៉ាងទៀត ខ្ញុំក៏ស៊ាំនឹងរឿងទាំងនេះអស់ហើយ ដូច្នេះគេចង់និយាយអី ក៏ស្រេច តែចិត្តគេទៅ..!"។
ទោះបីជាយ៉ាងណាក្តី ក៏ពិធីការិនីវ័យក្មេង ប្រចាំនៅស្ថានីយទូរសទ្សន៍ប៉ុស្តិ៍ CTN កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បានធ្វើការច្រានចោលនិងបដិសេធ យ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលបាន លើកឡើងថា នាងកំពុងលួចមានទំនាក់ទំនងស្នេហា ជាមួយបុរសពោះម៉ាយម្នាក់ខាងលើនេះ ដោយ ជីជី ចាត់ទុកព័ត៌មាននេះ ជារឿងមិនពិត៕ដោយ lookingtoday