កំពុង​រៀប​ការ​ និយាយ​ឈ្មោះ​ សង្សារ​ចាស់​​ កូន​ក្រមុំ​​ប្តឹង​លែង​លះ

7/17/2013 0 Comments A+ a-

ព្រឹត្តិ​ការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​មិន​នឹកស្មាន​​ដល់​មួយបាន​កើត​ឡើង​ដោយ​សារ​តែ​កូន​កំលោះ​របូត​មាត់​និយាយ​ហៅ​ឈ្មោះសង្សារ​ចាស់ខ្លួន ខណៈ​កំពុង​រៀប​ការ​ជាមួយ​កូន​ក្រមុំ​​ស្រស់​ស្អាត​​ម្នាក់​ផ្សេង​ទៀត ហើយ​កូន​ក្រមុំ​​កើត​ទុក្ខ​មិន​សុខចិត្ត​បោះ​បង់​​ផ្កា​ចោល​​រត់​យំខ្សឹក​ខ្សួល​​ប្តឹង​តុលា​ការ​សុំ​លែង​លះ​បង្ក​ឱ្យភ្ញៀវ​ស្រឡាំង​កាំង​យ៉ាង​ខ្លាំង ។
បណ្តាញ​ផ្សព្វ​​​ផ្សាយ​បាន​​និយាយថា នាង​ Zhou Ting និង​លោក Zhao Lei បាន​ជួប​គ្នា​ ហើយ​​មាន​ទំនាក់​ទំនង​ស្នេហា​ ខណៈ​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​​ល័យ​​មួយ​ ហើយ​ពួកគេ​បាន​យល់​ព្រម​រៀប​​អាពាហ៍​ពិពាហ៍​នឹងគ្នា​ ដោយ​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​លំដាប់​កំពូល​​មួយ​ក្នុង​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ។ ពិធី​អាពាហ៍​ពិពាហ៍​​​នេះ ​មាន​គូស្វាមី​ភរិយា​ក្មេងៗ​​​ជាច្រើន​ចូលរួម​អប​អរ​សាទរ​សប្បាយ​​​អឺង​កង និង​ប្រកបដោយ​ភាព​រ៉ូមែន​​ទិច​​មានលក្ខណៈ​បែប​អឺរ៉ុប ។ ​
អ្វីដែល​ធ្វើ​ឱ្យ​ភ្ញៀវ​​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​ ក៏ដូចជា​កូន​ក្រមុំ​​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ចម្លែក​ចិត្ត​នោះ គឺ​នៅពេល​ល្ងាច​​​នៃពិធីសម្បថ​​ កូន​កំលោះ Zhao Lei ​បាន​បន្លឺ​វា​ចា​សុំ​កូន​ក្រមុំ​ Zhou Ting ​រៀប​ការ​ ដោយ​មិន​ប្រើ​ឈ្មោះ​ Zhou Ting ​នោះ​ទេ ស្រាប់​តែ​​និយាយ​ឈ្មោះ​សង្សារ​ចាស់​របស់​ខ្លួន​​ទៅវិញ ថា «Xiao Ling តើអ្នក​​នឹង​រៀប​ការ​​ជា​មួយខ្ញុំ​ទេ?» ។ ពាក្យ​នេះ​អ្នក​ណា​ក៏​ឮ​ដែរ ហើយ​ដឹងថា Xiao Ling គឺ​ជា​សង្សារ​​ចាស់​របស់ Zhao Lei ​និង​ជា​ស្នេហា​​ដំបូង​​ផងដែរ ​ហើយ​​អ្នក​ទាំង​២​បាន​បែក​គ្នា​​ដោយ​សារតែ​នាង Xiao Ling ​ត្រឡប់​ទៅ​រស់​នៅ​​​ក្រៅ​ប្រទេស ។
​គ្រាន់តែ​ឮ​កូន​កំលោះ​ហៅ​ឈ្មោះ​អតីត​​​សង្សារ​ជំនួស​ឈ្មោះ​ខ្លួន​​ដែលកំពុង​រៀបការ​ពេញច្បាប់ នាង Zhou Ting ​បាន​​ច្រាន​លោក Zhao Lei ​ខ្ទាត​ចេញ ហើយ​រត់​ចេញ​ទៅ​ក្រៅ​​សាល​រៀប​ការ​ រួច​ទ្រហោ​យំ​​​ជា​ខ្លាំង និង​បាន​ប្តឹង​ទៅ​តុលា​ការ​សុំ​លែង​លះ​ ព្រោះ​តែ​នាង​ឈឺ​ចាប់​នឹង​ការ​ក្បត់​ទំនុក​ចិត្ត... មិន​ទាន់​​រៀបការ​ចប់​ផង កូន​កំលោះ​​ហ៊ាន​បញ្ឈឺ​ចិត្ត​ ក្បត់​ចិត្ត​​នាង (កូន​ក្រមុំ) ​នៅ​នឹង​មុខ​ទៅ​ហើយ  រឿង​អី​ដែល​ត្រូវ​ស៊ូទ្រាំ​រំលេច​ស្នាម​​ញញឹម​​ក្លែង​ក្លាយ ធ្វើដូច​ជា​គ្មាន​រឿង​អី​កើត​ឡើង​បាន​?
ប៉ុន្មាន​ថ្ងៃ​ក្រោយ​​មក​​មន្ត្រី​ខាង​តុលា​ការ​​យល់​ថា ​​អ្នក​ទាំង​២​ លោក Zhao និង​នាង​ Zhou ​ពិត​ជា​បាន​ស្រឡាញ់​គ្នា​ចិត្ត​នឹង​ចិត្ត និង​មាន​ទំនាក់​​ទំនង​​ស្រស់​ស្អាត​ ដូច្នេះ​​តុលាការ​មិ​ន​សម្រេច​ឱ្យ​លែង​លះ​ទេ ដោយ​ព្យាយាម​សម្រប​សម្រួល ហើយ​​​ជា​មួយ​គ្នា​នេះ​​ខាង​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​របស់​​អ្នក​ទាំង​២​បាន​ព្យា​យាម​សម្រប​សម្រួល​យ៉ាង​​ស្វិតស្វាញ និង​បាន​ស្នើ​សុំ​​ឱ្យ​កូន​ក្រមុំ​ដក​ពាក្យ​បណ្តឹង​វិញ ព្រោះ​ជា​កំហុស​អចេតនា​​លើក​ដំបូងរបស់​ Zhao Lei ​ពេល​នោះ​ពាក្យ​​​​បណ្តឹង​ក៏​ត្រូវ​បាន​ដក​ចេញ ហើយ​​អ្នក​ទាំង​​២​ក៏​យល់​ព្រម​រួម​រស់​ជា​មួយគ្នា​។ នេះ​ចាត់​ទុក​​ជាមេរៀន​មួយ​ផង​ដែរ សម្រាប់​កូនកំលោះ​​ កូន​ក្រមុំ​ផ្សេង​ទៀតដែល​​រៀប​អាពាហ៍​ពិពាហ៍​កុំសូវ​និយាយ​​អ្វីផ្តេស​ផ្តាស​ពេក ។ សូម​ជូន​ពរ​​​ឱ្យ​អ្នក​​​ទាំង​២នេះ​រស់​នៅ​​ជាមួយ​គ្នា​មាន​សុភមង្គល​ជារៀងរហូត ៕