សង្ឃ​​ថៃ​មួយអង្គរង​​ ការ​ចោទ​ប្រកាន់​​ថា ​បាន​កិប​កេង​​មាស​ជាង ​៩​តោន​ទៅ​ទិញ ឡានទំនើប ​​ភូមិ​គ្រឹះ ​យន្ត​ហោះ​ឯក​ជន​ ​និង ​វត្ថុ​មាន​​តមៃ្ល​​ផ្សេង​ទៀត

7/18/2013 0 Comments A+ a-

ប្រទេសថៃ៖  ​ក្រុម​សង្ឃ ៤០​អង្គ នៃ​វត្ត​មួយ ក្នុង​សង្កាត់ Tahwi Walthana រួមជាមួយ​សកម្មជន Songkran Atchariyasup បាន​បញ្ជូន​ពាក្យ បណ្តឹង​១​ច្បាប់ ទៅ​ឲ្យ​ គណៈកម្មាធិការ​បង្កា​ឧក្រិដ្ឋកម្ម DSI ដោយ​ចោទប្រកាន់ថា សង្ឃ Phra Wirapol បាន​កិបកេង​យក​មាស ដែល ជា​បច្ច័យ​ចំនួន ៩០០០ គីឡូក្រាម ហើយ​ចោទប្រកាន់​បន្ថែមថា សង្ឃ​អង្គ​នេះ បាន​បោកប្រាស់​ពលរដ្ឋ​បរិច្ចាគ​ធនធាន ដើម្បី​គំរោង​សាងសង់​អគារ សម្រាប់​ព្យាបាល​ជំងឺ សម្រាប់​ព្រះសង្ឃ​ដែលមាន​ឈ្មោះថា មន្ទីរពេទ្យ Roi Et -​សំណង​មួយ​ដែល​ពុំមាន​សាងសង់​ឡើយ​។  ​ចំណែក​អ្នកលក់ដូរ​គ្រឿងអលង្កា​រ​ថៃ ក៏បាន​ប្តឹង​សង្ឃ Phra Wirapol មិន​ទូទាត់​សង​គ្រឿងអលង្ការ ដែលមាន​តម្លៃ​សរុប​ដល់​ទៅ ២០០ លាន​បាត​។ ខណៈពេល​នោះដែរ លោក Seehanat Prayoonrat អគ្គលេខាធិការ​ស្ថាប័ន​ប្រឆាំង​ការលាង​លុយ​ថៃ (Amlo) ឲ្យ​ដឹងថា ពួកគេ​កំពុង​សង្ស័យថា សង្ឃ Phra Wirapol មាន​គណនី ២ នៅ​អាមេរិក និង​ភូមិគ្រឹះ​១​ខ្នង នៅ​កាលីហ្វ័រ​ញ៉ា (​អាមេរិក​)​។​
​ដោយឡែក តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក Piya Tregalnon នាយក​មជ្ឈមណ្ឌល​អាកាសចរណ៍​បាងកក ដែលជា​កន្លែង​សង្ឃ Phra Wirapol ច្រើន​ទាក់ទង​ជួល​យន្តហោះ​ជិះ​ឯកជន ឲ្យ​ដឹងថា ទ្រព្យសម្បតិ្ត​របស់​សង្ឃ​អង្គ​នេះ “​សម្បើម​” ជាង​ចំនួន​ខាងលើ​ឆ្ងាយ​ណាស់ ។
​លោក​ពោលថាៈ “៣ ឆ្នាំ​កន្លង​ហើយ ខ្ញុំ​តែង​សញ្ជឹង​គិតថា ហេតុអ្វី​សង្ឃ​អង្គ​នេះ មាន​លុយកាក់ និង​ទ្រព្យសម្បត្តិ​ច្រើន​ម្ល៉េះ ហើយ​ថែមទាំង​ពុំមែន​ជាស​ង្ឃ​ដែល​ល្បីល្បាញ​ផង​… នៅពេលដែល​គាត់​ត្រូវគេ​បកអាក្រាត ខ្ញុំ​សម្រេចចិត្ត​ត្រូវ​និយាយថា រឿងរ៉ាវ​គ្រប់យ៉ាង ព្រោះ​ខ្ញុំ​គិតថា ការ​មានបាន​របស់គាត់ ពិតជា​គួរ​ឲ្យ​សង្ស័យ​ណាស់​”​។ តាម​លោក Piya ដដែល នោះ​សង្ឃ Phra Wirabol ជានិច្ចកាល សង​ជា​សាច់ប្រាក់ ៣០០.០០០ បាត សម្រាប់​ការជួល​យន្តហោះ​ម្តងៗ ហើយ​ពេលណា ក៏​តែង​យកចិត្តទុកដាក់​រឿង​ទិញ​យន្តហោះ​ឯកជន​។​
​នៅ​ថៃ យន្តហោះ​ថ្មី​មានតម្លៃ​ពី ៥០០ លាន ទៅ ៧០០ លាន​បាត ហើយ​បើ​បាន​ប្រើប្រាស់​ហើយ គឺមាន​តម្លៃ​ប្រមាណ ១០០ លាន​បាត​។ មាន​ម្តងនោះ សង្ឃ​អង្គ​នេះ បាន​ដក​បង្ហាញ​លុយ​ដុល្លារ​ក្រដាស ១០០ រាប់សិប​ដុំ ហើយ​និយាយប្រាប់​លោក Piya ថា នៅក្នុង​ស្បោង (​ថង់យាម​) មាន​ទាំង​ដុំ​មាស​ទៀតផង​។ ក្រៅពីនោះ ក៏​នៅមាន​សៀវភៅ​សែក ២ ក្បាល ដែល​បោះ​ពុ​ម្ភ​ឈ្មោះ Phra Wirapol របស់​ធនាគារ​អាមេរិក ហើយ​អួតថា ខ្លួន​អាច​ដក​សាច់ប្រាក់​ម្តង​បាន ១០ លាន​ដុល្លារ ពី​សែក​១​ច្បាប់ ព្រោះ​ខ្លួន​មាន​លុយ​ផ្ញើ​នៅ​ធនាគារ​ច្រើនណាស់​។​
​លោក Piya ប្រាប់​បន្ថែមថា Phra Wirapol តែង​បង្ហាញ​មោទនៈភាព នឹង​កំពូល​រថយន្ត​របស់ខ្លួន​ដូចជាៈ Maybach, Mercedes-Benz 500 BMW X6 និង Mini Copper -​ទាំងអស់នោះ សម្រាប់​ជិះ​លេង​ក្នុង​វត្ត ។ លើសពីនោះ​ទៀត Phra Wirapol និយាយថា ខ្លួន​មាន​ទាំង​នាវា​កំសាន្ត​ទៀតផង​។ ថ្មីៗ​នេះ នេន​១​អង្គ​ដែលជា​ដៃជើង​របស់​សង្ឃ​អង្គ​នេះ បាន​ឆ្លើយ​ប្រាប់ DSI ថា Phra Wirapol តែង​ផឹកស្រា​, ប្រើប្រាស់​គ្រឿងញៀន ហើយ​រួមភេទ​ជាមួយ​នារីៗ​ជា​អា​និតិ​ជន​ទៀតផង​។​
​មិនទាន់​អស់​ទេ​! សង្ឃ​បរាជិក​រូបនេះ កំពុង​ប្រឈមមុខ​នឹង​បណ្តឹង​របស់​ស្ត្រី​ម្នា​ក់ថា នាង​ត្រូវបាន​សង្ឃ​អង្គ​នេះ រំលោភ​ពេល​នាង​មាន​អាយុ​ទើប ១៥ ឆ្នាំ ហើយ​កូនប្រុស​អាយុ ១១ ឆ្នាំ របស់​នាង គឺជា​កូន​របស់​សង្ឃ​អង្គ​នេះ​។ វរៈសេនីយ៍ទោ​ប៉ូលីស Pong-in Intarakhao នៃ​ស្ថាប័ន DSI ប្រាប់ថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​ទង្វើរ​លាមក​ទាំងឡាយរ​បស់ Phra Wirapol ហើយ​៕​
ប្រភពពីTechnology 2day