បញ្ជូនជនក្លែង ជាគ្រូបង្រៀន ល្បួងក្មេងស្រី តូចៗរំលោភ ទៅតុលាការខេត្ត
រឿងហេតុដំបូង គឺកាលពីម៉ោង១២និង២០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ កន្លងមក ជនសង្ស័យបានទៅស្ទាក់ និងល្បួងក្មេងស្រី ២នាក់ រៀននៅថ្នាក់ទី៤ សាលាបឋមសិក្សាកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ដោយឌុបនឹងម៉ូតូឌុបថា ទៅយកសៀវភៅ និងសម្ភារៈសិក្សា ដោយក្លែងខ្លួនថា ជាគ្រូបង្រៀន និងជាអ្នកសប្បុរស ចែកសម្ភារៈទាំងនោះដល់សិស្សក្រីក្រ ។
ក្មេងស្រីពីរនាក់នោះ ១-ឈ្មោះ ហ.ស.ភ អាយុ១០ឆ្នាំ មានទីលំនៅជាមួយឪពុកម្ដាយនៅសង្កាត់កំពង់ស្វាយ។ ២-ឈ្មោះ ឡ.ផ.ន អាយុ១០ឆ្នាំ រស់នៅផ្ទះក្បែរគ្នានឹងក្មេងស្រីទី១។ ពួកគេរៀននៅថ្នាក់ទី៤ ជាមួយគ្នា នៅសាលាបឋមសិក្សាកំពង់ស្វាយ ។
ជនសង្ស័យបាននាំក្មេងស្រីទាំងពីរ ទៅលើកំពូលភ្នំស្វាយ នៅក្រោយសាលាខេត្ត ស្ថិតនៅភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយរំលោភនឹងម្រាមដៃ គឺលូកចូលប្រដាប់ភេទក្មេងស្រី ឈ្មោះ ហ.ស.ភ បានសម្រេច។ ខណៈប្រព្រឹត្តនោះ ក្មេងស្រីទី២ ឈ្មោះ ឡ.ផ.ន បាននៅទីនោះដែរ ហើយត្រូវជនសង្ស័យសម្លុតគំរាមសម្លាប់ និងហាមកុំអោយមើលខ្លួនប្រព្រឹត្ត តែជនសង្ស័យបានដោះយកក្រវិល១គូ ទម្ងន់៣ហ៊ុនរបស់ក្មេងស្រីទី២ រត់គេចខ្លួនទៅបាត់។ បន្ទាប់ពីនោះ ក្មេងស្រីទាំងពីរនាក់ បានរត់មកដល់សាលារៀន និងផ្ទះវិញ ទើបរឿងរ៉ាវ ធ្លាយដឹងដល់អាណាព្យាបាល ព្រមទាំងសមត្ថកិច្ច ។
លោក ប៊ុន តុល បានបន្តថា: សំណុំរឿងនេះ បានបង្កទុក។ បន្ទាប់មកជនសង្ស័យឈ្មោះវ៉ាន់ រី បានលេចមុខនឹងប្រព្រឹត្តបទល្មើសល្បួងក្នុងល្បិចដដែល ទៅលើក្មេងស្រីម្នាក់ទៀតឈ្មោះ វ៉.ប អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាព្រះពន្លា សង្កាត់ព្រះពន្លា ដោយដឹកនឹងម៉ូតូឌុបទៅភ្នំស្វាយទៀត កាលពីម៉ោង១១ព្រឹកថ្ងៃទី១៩ ខែកក្កដា ។
លើកនេះ ពលរដ្ឋល្អនៅជើងភ្នំស្វាយ បានរាយការណ៍ដល់នគរបាលក្រុងសិរីសោភ័ណ ហើយឈានដល់ចាប់ខ្លួនជនសង្ស័យបាន រួចបង្កសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនិងតុលាការ។
លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានល្បួងរំលោភក្មេងស្រីម្នាក់ និងប៉ុនប៉ងរំលោភក្មេងស្រី២នាក់នោះមែន បន្ទាប់ពីក្មេងស្រីរងគ្រោះ បានចង្អុលបង្ហាញទម្លាក់បន្ទុកលើជនសង្ស័យ។
ទាំងនេះជាល្បិចកលរបស់ជនល្មើស ដែលប្រើល្បួងក្មេងស្រីទៅរំលោភ ដែលក្មេងស្រី អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ គួរតែប្រយ័ត្នប្រយែង ៕ប្រភព CEN