ក្មេងស្រីអាយុ ៨ឆ្នាំ ចំណាយប្រាក់ជាង $6,000 ដើម្បីទិញ App
គ្រាន់តែឭថា ក្មេងស្រីម្នាក់ដែលមានអាយុត្រឹម ៨ឆ្នាំតែបែរជាចំណាយប្រាក់ដល់ទៅជាង $6,000 ដើម្បីទិញ App ពីក្រុមហ៊ុន Apple ប្រិយមិត្តប្រហែលជាមានចម្ងល់យ៉ាងខ្លាំងណាស់ថា តើអាចទៅរួចដោយរបៀបណា បើតាមធម្មតាឧបករណ៍ទាំងនោះគេមិនដែលបណ្ដោយ ឬ ក៏ទុកនៅជិតដៃក្មេងតូចៗផងនោះ ។
ក្រុមហ៊ុន Apple បានសន្យាថា នឹងធ្វើការបង្វិលប្រាក់ទៅកាន់ម្ចាស់ដើមវិញនាពេលឆាប់ៗខាងមុខតាមការស្នើសុំរបស់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនេះ ។ ការសន្យានោះគឺបានធ្វើឡើងបន្ទាប់ពីដឹងថា មានការយល់ច្រឡំ និងមានការបដិសេធពីឳពុករបស់ក្មេងស្រីនោះ នៅពេលដែលក្រុមហ៊ុនបានហៅគាត់ទៅសាកសួររកការពិត ។ សូមបញ្ជាក់ថា មុនពេលដែលមានការយល់ព្រមនោះគឺ ឳពុកក្មេងស្រីបានធ្វើការចុះនូវរឿងរ៉ាវដែលកើតមានរបស់គាត់ទៅកាន់កាសែតជាច្រើន ដោយថែមទាំងបានបកស្រាយពីមូលហេតុដែលបណ្ដាលឲ្យកើតមានបញ្ហាខាងលើផងដែរ ។
ពាក់ព័ន្ធទៅនឹងក្មេងស្រីតូចអាយុ ៨ឆ្នាំដែលចំណាយប្រាក់ជាង $6,000 ដើម្បីទិញ App ពីក្រុមហ៊ុន Apple ត្រូវបានឳពុកក្មេងស្រីប្រាប់ឲ្យដឹងថា គឺដោយសារគាត់បានធ្វើការទាញយកហ្គេមមួយ ដោយប្រើគណនីរបស់គាត់ដើម្បីទិញវា ហើយកូនស្រីគាត់ក៏បានឃើញលេខសំងាត់នោះពេលគាត់កំពុងវាយ ។ វាពិតជានឹកស្មានមិនដល់ ពីព្រោះសូម្បីតែយកនាងមកអង្គុយក្បែរហើយពន្យល់ប្រាប់ពីការចំណាយប្រាក់នោះ ក៏គាត់គិតថា គេមិនអាចយល់បានដែរ ពីព្រោះមានអាយុត្រឹមតែ ៨ឆ្នាំប៉ុណ្ណោះ ។ ដោយឡែកគាត់ក៏មានការខកចិត្តយ៉ាងខ្លាំងដែលចំពោះធនាគាររបស់គាត់ដែលមិនមានការជូនដំណឹងបញ្ជាក់ឲ្យដឹងនៅពេលមានការកើតករណីចេញប្រាក់ជាច្រើនភ្លាមៗនោះ ។
ជាការពិតពេលនេះ យើងគួរតែដឹងហើយថា ហេតុអ្វីត្រូវទុកឧបករណ៍ទំនើបទាំងនោះនៅឲ្យឆ្ងាយពីដៃក្មេងតូចៗ ពីព្រោះពួកគេមិនបានដឹងច្បាស់ពីការប្រើប្រាស់ផ្សេងៗនៅលើឧបករណ៍ទាំងនោះទេ ។ ដូច្នេះប្រសិនបើយើងចង់បណ្ដុះចំណេះដឹងដល់ក្មេងៗតាមរយៈឧបករណ៍ទំនើប យើងត្រូវតែធ្វើការឃ្លាំមើលពួកគេ ឲ្យបានជាប់លាប់ជាជាងការបណ្ដោយឲ្យពួកគេលេងតាមចិត្ត និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើគណនីធនាគារ ឬអាចនិយាយថា ការចំណាយប្រាក់នៅលើអ៊ីនធឺណិតតាមរយៈឧបករណ៍ទាំងនោះ ។
សូមបញ្ជាក់ថា ជុំវិញករណីនេះ មានអ្នកវិភាគជាច្រើនបានលើកឡើងថា ក្រុមហ៊ុន Apple គួរតែមានការរំលឹកបញ្ជាក់ឲ្យបានច្បាស់លាស់ និងមិនគួរអនុញ្ញាតឲ្យមានការចំណាយប្រាក់ច្រើនលើសលប់ទៅលើ ឌីជីថល boxes ទាំងនោះទេ ៕