Will Pan អរគុណ Coco Lee ជួយជ្រោមជ្រែងកន្លងមក
នៅក្នុងបទសម្ភាសន៍មួយ តារាចម្រៀងតៃវ៉ាន់សញ្ជាតិអាមេរិក Will Pan បានអរគុណអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀង Coco Lee ចំពោះការជួយជ្រោមជ្រែងរូបគេកន្លងមក។ តើអ្នកណាទៅដឹងថា នៅពីក្រោយភាពជោគជ័យបុរសសង្ហារ Will Pan បានឆ្លងកាត់ឧបសគ្គអ្វីខ្លះ ?
ក្រោយពីប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំមកនេះ Will Pan នៅតែបន្តទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ម្ចាស់បទ “Duet Dance” ឬ “Dance For Two” បានបើកបង្ហើបប្រាប់ថា ផ្លូវដើរលើវិស័យសិល្បៈមិនមែនចេះតែរលូនរហូតទេ។ ទម្រាំមានថ្ងៃនេះបានឆ្លងកាត់ការលំបាកជាច្រើនព្រោះមានអ្នកខ្លះនិយាយប្រាប់ថា គេគ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាតារាទេ។
Will Pan សម្ដែងជាមួយ Sanrine Pinna ក្នុងរឿង ”Endless Love”
Will Pan បានថ្លែងអំណរគុណដល់ Coco Lee ដែលតែងតែគាំទ្ររហូតមក ព្រមទាំងជួយណែនាំរូបគេដល់ផលិតកម្មចម្រៀងនានាទៀតផង។ ម្ចាស់ពានរង្វាន់ Golden Bell Awards ឆ្នាំ២០១១ រូបនេះ បានបន្ថែមទៀតថា អ្នកចម្រៀង និងអ្នកនិពន្ធសិង្ហបុរី Stefanie Sun ក៏ជាមូលហេតុចម្បងនាំឱ្យគេជោគជ័យនៅថ្ងៃនេះដែរ ព្រោះ Stefanie តែងតែលើកទឹកចិត្តឱ្យគេព្យាយាមសម្រេចក្តីសុបិនជានិច្ចដែរ។
ជាមួយនឹងទេពកោសល្យសម្ដែងដ៏ល្អឆ្នាំមុននេះ Will Pan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំ២០១២ លើការសម្ដែងរឿងភាគ ”Endless Love” ដែលចាប់ដៃគូជាមួយតួឯកស្រី Sanrine Pinna។ នៅក្នុងរឿងភាគនោះ Will Pan ទទួលបានការគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកទស្សនា៕