កូនខ្មែរ ៤រូប នឹងឡើង តស៊ូ ជាមួយ ជើងខ្លាំង ៤សាសន៍ ក្នុងកម្មវិធី Khmer Fighter ស្អែក នេះ

ភ្នំពេញៈ កម្មវិធីប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ លក្ខណៈមិត្តភាពអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Khmer Fighter នាយប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ស្អែកនេះ អ្នកលេងក្បាច់ ប្រដាល់ខ្មែរ៤រូប នឹងធ្វើការប្រកួត ជាមួយជើងខ្លាំង ឆ្លងដែន ៤សាសន៍ នៅលើទីលាន Beeline Arena ។
កីឡាករខ្មែរ៤រូប ដែលប្រកួតជាមួយ កីឡាករ ៤សាសន៍ផ្សេងគ្នា នោះមានដូចជាកីឡាករ កែវ រំចង់ អ្នកប្រដាល់មកពីក្លឹប កងពលធំអន្ដរាគមន៍ លេខ៣ ប៉ះជើងខ្លាំង Luca របស់អ៊ីតាលី, កីឡាករ ផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធ ប៉ះអ្នកប្រដាល់ចិនឈ្មោះថា Arhua, កីឡាករ ចាន់ រតនា ក្លឹបខេមរៈខ្លាហោះ ជួបកីឡាករ Sebastian Billard អ្នកប្រដាល់មកពីបារាំង និងកីឡាករ ឯម ខ្លឹមខ្មៅ មកពីក្លឹបពោធិសែនមានជ័យ ប្រកួតជាមួយកីឡាករ Shuki អ្នកប្រដាល់ អ៊ីស្រាអែល ។
នេះគឺជាខែទី៤ហើយ នៃព្រឹត្តិការណ៍ Khmer Fighter បានរៀបចំការប្រកួតអន្ដរជាតិ ដ៏កម្រនេះឡើង ។ ចំពោះជំនួបរវាងកីឡាករ កែវ រំចង់ និង Luca អ៊ីតាលី គឺជាលើកដំបូង ហើយដែលពួកគេជួបគ្នា ។ កែវ រំចង់ គឺជាអ្នកប្រដាល់ ល្បីឈ្មោះរបស់កម្ពុជា ដែលតាំងតែចេញមុខ ឡើងប្រកួតជាមួយ បរទេសជាញឹកញាប់ នៅលើសង្វៀន ម្យ៉ាងវិញទៀត រំចង់ ក៏ធ្លាប់ផ្ដួលកីឡាករ បរទេសឲ្យសន្លប់ និងឈ្នះពិន្ទុជាច្រើន ប្រកួតផងដែរ ជាមួយនឹងស្នៀតពិសេសៗ និងកម្លាំងស៊ុហ្វរបស់គេ ។
ចំណែកកីឡាករ Luca មិនដឹងថាមានស្នៀត ប្រដាល់កម្រិតណានោះឡើយ ព្រោះគេមិនធ្លាប់មក ប្រកួតនៅស្រុកខ្មែរទេ ដូច្នេះមានតែរង់ចាំ ការប្រកួតប៉ុណ្ណោះ ទើបដឹងថា រំចង់ ឬ Luca ជាអ្នកឈ្នះនោះ ។
ផល សោភ័ណ្ឌ និងអ្នកប្រដាល់ចិន Arhua ជួបគ្នាក៏ជាលើកទី១ដែរ ។ ផល សោភ័ណ្ឌ គឺអ្នកលេងចិត្តធ្ងន់ ជាមួយស្នៀតប្រដាល់មួយៗ មិនសូវវាយសម្រុក លើគូប្រកួតមុន ប៉ុន្ដែរាល់ការវាយចេញម្ដងៗ មិនដែលឥតប្រយោជន៍ឡើយ ហើយកីឡាកររូបនេះ មិនទាន់ស្គាល់ពាក្យថា ចាញ់ក្រោមថ្វីដៃកីឡាករ បរទេសនៅលើទឹកដី កំណើតខ្លួនឡើយ ។ ឯកីឡាករ Arhua វិញក៏មិនខុសពី កីឡាករ Luca របស់អ៊ីតាលីដែរ ព្រោះ Arhua មកកម្ពុជា លើកនេះ គឺជាលើកដំបូង ដូចគ្នា ដូច្នេះស្នៀតប្រដាល់គេល្អ ប៉ុណ្ណានោះនៅមិនទាន់ដឹងទេ ។
ចំណែកកីឡាករ ចាន់ រតនា និងកីឡាករ Sebastian Billard របស់បារាំងមិនទាន់ មាននរណាម្នាក់ ហ៊ានទស្សទាយមុនថា កីឡាករណានឹងឈ្នះទេ ព្រោះការជួបគ្នា រវាងកីឡាករ ទាំង២នេះ ក៏ជាលើកដំបូងដែរ ចំពោះ ចាន់ រតនា យើងអាចដឹងថាគេមាន បច្ចេកប្រទេសល្អ ប៉ុណ្ណោះ ព្រោះគេជាកីឡាករ ខ្មែរ ពោលគឺ ចាន់ រតនា មានស្នៀតប្រដាល់ល្អ ប៉ុន្ដែកម្លាំងរបស់គេ មិនសូវធានាទេ ឯកីឡាករ Sebastian Billard ត្បិតយើងមិនដឹងពី សមត្ថភាព និងដំណើរលើកដំបូង មកកម្ពុជាក៏ពិតមែន ប៉ុន្ដែបើមើលពី សមត្ថភាពកីឡាករបារាំង ដែលធ្លាប់មកប្រកួត នៅខ្មែរវិញ គឺមិនធម្មតាឡើយ ។ ដូច្នេះ ចាន់ រតនា ប៉ះ Sebastian Billard នេះក៏ប្រហែលជាយ៉ាប់ ទប់ទល់ផងដែរ ។
រីឯការជួបគ្នារវាង កីឡាករ ឯម ខ្លឹមខ្មៅ និងកីឡាករ Shuki អ៊ីស្រាអែល ប្រហែលជាល្អមើល ព្រោះទើបជួបគ្នា ។ ខ្លឹមខ្មៅ គឺជាអ្នកលេងមុខស្ងួត ដែលចូលចិត្តប្រើ កណ្ដាប់ដៃ និងជង្គង់ដ៏ធ្ងន់ៗ និងមិនងាយស្រួលទប់ទល់នោះឡើយ ។ ចំណែកកីឡាករ Shuki អាចជួបការ លំបាកបន្ដិច ព្រោះទើបមកកម្ពុជា ហើយប៉ះជើងខ្លាំងទៀត ។ ចាំមើលជំនួប លើកដំបូងនេះ តើ ឯម ខ្លឹមស្មៅ ឬកីឡាករ Shuki ជាអ្នកឈ្នះនោះ?
កីឡាករ ផល សោភ័ណ្ឌ
ប្រភព : lookingtoday