ក្រុមហ៊ុន Huawei ប្រកាសចេញកុំព្យូទ័របន្ទះស្ដើង MediaPad 7 Vogue (អាច Call បាន)
ក្រុមហ៊ុន Huawei ទើបតែបានប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងស៊េរីចុងក្រោយរបស់ខ្លួនមួយម៉ូដែលស្ថិតក្នុងខ្សែស្រឡាយ MediaPad ដែលមានអេក្រង់ទំហំ 7-inch និងអ្វីដែលកាន់តែពិសេសទៀតនោះគឺវាហៅទូរស័ព្ទចេញចូលដូចទូរស័ព្ទដែរ ។ សូមបញ្ជាក់ថាក្រុមហ៊ុន Huawei បានប្រឡូកក្នុងទីផ្សារកុំព្យូទ័របន្ទះស្ដើងអស់រយៈពេលពីរបីឆ្នាំហើយតាមរយៈខ្សែស្រឡាយ MediaPad របស់ខ្លួន ប៉ុន្តែគេសង្កេតឃើញថាក្រុមហ៊ុនមិនទាន់អាចទទួលជោគជ័យគួរឲ្យកត់សំគាល់នៅឡើយទេ ។ ដោយឡែកសម្រាប់ពេលនេះគេជឿថាក្រុមហ៊ុន Huawei អាចនឹងទទួលបានភាពជោគជ័យតាមរយៈ MediaPad 7 Vogue ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងតែប៉ុណ្ណោះ ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ Huawei MediaPad 7 Vogue មានដូចខាងក្រោម៖
- អេក្រង់ទំហំ 7-inch
- កម្រិតភាពច្បាស់ 1,024 x 600 pixels
- CPU Quad-core 1.2GHz K3V2 Cortex-A9 (CPU របស់ក្រុមហ៊ុនផ្ទាល់)
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 8 GB (អាចបន្ថែម microSD card 32 GB )
- កាមេរ៉ាមុខទំហំ 0.3 MP និង កាមេរ៉ាក្រោយទំហំ 3 MP (អាចថតវីឌីអូកម្រិត 1080 Full HD)
- មាន 3G, Wi-Fi, 42 Mbps HSPA,.
- ដំណើរការដោយ Android 4.1 Jelly Bean
- ថាមពលថ្ម 4,100mAh
- កម្រាស់ 9.5 mm
- ទម្ងន់ 335 g
- មានពីរពណ៌ (ពណ៌ស និង ពណ៌ខ្មៅ)
បញ្ជាក់៖ ក្រុមហ៊ុន Huawei នឹងបញ្ចេញកុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលនេះទៅលើទីផ្សារប្រទេសចិនឲ្យបានមុនបំណាច់ខែនេះ ចំពោះទីផ្សារផ្សេងៗទៀតនឹងធ្វើឡើងក្នុងខែកក្កដា ប៉ុន្តែចំពោះតម្លៃវិញមិនទាន់មានប្រភពណាអាចបញ្ជាក់នៅឡើយទេ ។ ក្រុមហ៊ុនផលិតកុំព្យូទ័របន្ទះស្ដើងនេះឡើងគឺសម្រាប់អតិថិជនដែលមានចំណូលទាប ហើយដើម្បីប្រជែងនឹង Nexus 7 និង iPad mini ផង ដូច្នេះវាប្រកាដជាមានតម្លៃទាបសមរម្យ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕