ស្ទើរគ្រប់មជ្ឈដ្ឋាន​ គាំទ្រ​​​​អាណាចក្រ​តារា​ឆ្នាំ​២០១៣

6/28/2013 0 Comments A+ a-


កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​ បាន​ចុះ​ទៅ ផ្សព្វផ្សាយ នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​នានា​ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​បាន​បោះ​ឆ្នោត​គាំទ្រ​តារា ​​​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ។ ប្រជាជន​នៅ​តាម​បណ្ដា​ខេត្ត​​នានា​បាន​បង្ហាញ​​​ចំណាប់​អារម្មណ៍​ និង​​ពេញ​ចិត្ត​​គាំទ្រ​តារា​ផ្សេងៗ​​​គ្នា​នៅ​ពេល​កម្មវិធី​អាណាចក្រ​តារា​ចុះ​ទៅ​ដល់​​​ទី​នោះ។

ដៃ​កំពុង​តែ​ចង្អុល​ទៅ​កាន់​ឈ្មោះ​តារា​សម្ដែង​កញ្ញា ម៉ាក​សែន សូនីតា ដើម្បី​បង្ហាញ​ពី​ការ​​គាំទ្រ​តារា​រូប​នេះ ​កញ្ញា បញ្ញា មក​ពី​ខេត្ត​កំពង់ចាម បាន​រៀបរាប់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​​ដែល​នាង​បាន​ចូល​រួម​​កម្មវិធី អាណាចក្រ​តារា ដើម្បី​គាំទ្រ​តារា​ជា​ទី​ស្រលាញ់​របស់​​នាង។
កញ្ញា​និយាយ​ថា​ កម្មវិធី​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ​ហើយ​​នាង​​ពេញ​ចិត្ត​តារា​​ទាំង​អស់​នេះ។ ​កញ្ញា​​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល​ថា ​តើ​តារា​រូប​ណា​ខ្លះ​នឹង​ឈ្នះ​ពាន​ពី​កម្មវិធី ប្រគល់​ពាន ដ៏​ធំ​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ។
ងាក​ទៅ​រក​​យុវជន​​​ គឹម រស្មី មក​ពី​ខេត្ត​កំពង់ធំ វិញ​​​ ដំបូង​ឡើយ​លោក​ហាក់​មិន​ចង់​ចូល​រួម​​គាំទ្រដល់​មិត្ត​សិល្បករ សិល្បៈ​ការិនី​ខ្មែរ​ឡើយ ​ដោយ​​លើក​ឡើង​ថា ​មិន​បាន​ផ្ដល់​ភាព​សុក្រឹត​ឡើយ។ ប៉ុន្តែ​នៅ​ពេល​បាន​ដឹង​​ពី​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​អាណាចក្រ​តារា ច្បាស់​ហើយ​​ធ្វើ​ឱ្យ​​យុវជន​ដដែល​​នេះ​​ប្រែ​ចិត្ត​​ចាប់​អារម្មណ៍​​ខ្លាំង​លើ​កម្មវិធី​នេះ​ទៅ​វិញ។
យុវជន​រូប​នេះ​​​​និយាយ​ថា ៖ “ដំបូង​ខ្ញុំ​គិត​ថា​គ្មាន​ប្រយោជន៍​ទេ​ ហើយ​គិត​ថា​ ក៏​គ្មាន​ភាព​សុក្រឹត​​ដែរ។ ប៉ុន្តែ​​នៅ​ពេល​បាន​ដឹង​ថា​ មាន​គណៈកម្មការ​សុទ្ធតែ​មាន​បទ​ពិសោធន៍ មាន​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ស្តង់ដារ​មក​ពី​បរទេស ហើយ​លុយ​ដែល​​បាន​មក​ពី​ការ​ផ្ញើ​សារ​យក​ទៅ​ជួយ​សិល្បករ​ចាស់ៗ ទៀត​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​គាំទ្រ​មែន​ទែន”។


ដោយ​ឡែក​អ្នក​​ស្រី សរ ស្រី​មុំ រស់​នៅ​ខេត្ត​​សៀមរាប ឯណោះ​​​វិញ​ ​បញ្ជាក់​ថា​ កម្មវិធី​នេះ​ពិត​ជា​ផ្ដល់​សារសំខាន់​ណាស់​ដល់​មិត្ត​សិល្បករ សិល្បការិនី​ ជា​ពិសេស​វិស័យ​សិល្បៈ​របស់​ជាតិ​ទាំង​មូល​តែ​ម្ដង​ព្រោះ​បាន​ជំរុញ​​​ឱ្យ​តារា​ខ្មែរមាន​កម្រិត​ស្តង់ដារ​ដូច​នៅ​បរទេស។
អ្នក​​ស្រី​​បាន​បញ្ជាក់​  ៖ “ខ្ញុំ​ធ្លាប់​តែ​ឃើញ​នៅ​បរទេស​គេ​ប្រគល់​ពាន​ដល់​តារា​គេ​មើល​ទៅ​អស្ចារ្យ​ណាស់។ ខ្ញុំ​គិត​ថា​តារា​ខ្មែរ​នឹង​អស្ចារ្យ​ដូច​នៅ​បរទេស​ដូច្នេះ​ដែរ​ នៅ​ពេល​មាន​កម្មវិធី​អាណាចក្រ​តារា នេះ”។
ជា​មួយ​គ្នា​នេះ​ដែរ​យុវតី ស្រី សុខា ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ នេតយ៉ង់ ខេត្ត​​បាត់​ដំបង បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ថា ការ​បង្កើត​កម្មវិធី​អាណាចក្រ​តារា​នេះ​ឡើង​បាន​ធ្វើ​ឱ្យ​សិស្សានុសិស្ស​បាន​ស្គាល់​តារា​ខ្មែរ​កាន់​តែ​ច្បាស់ និង​តាម​ដាន​តារា​ទាំង​នោះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​ដូច​ជា​​ក្នុង​ខ្សែ​ភាពយន្ត​នានា​ដើម្បី​វាយ​តម្លៃ និង​បោះ​ឆ្នោត​គាំទ្រ។
យុវតី ស្រី សុខា សបញ្ជាក់​ថា​ ពី​មុន​​​មិន​ដឹង​ថា​គាំទ្រ​តារា​ម្នាក់​តាម​វិធី​ណា​ទេ​ ប៉ុន្តែ​ដល់​ពេល​មាន​កម្មវិធី​អាណាចក្រ​តារា ធ្វើ​ឲ្យ​​មនុស្ស​ម្នាក់ៗ​បាន​គាំទ្រ​តារា​ជា​ទី​ស្រលាញ់​របស់​ពួក​គេ។


មិន​សូវ​ជា​ខុស​ប៉ុន្មាន​ពី​មតិ​​ខាង​លើ​​លោក មាន វាសនា ​អ្នក​រស់​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ប្រាប់​ថា​​លោក​​ពេញ​ចិត្ត​ពិធី​ការិនី​​ ហ៊ិន ច័ន្ទ​នីរត្ន ​នៅ​ក្នុង​កម្មវិធី​អាណាចក្រ​តារា និយាយ​ថា​ កម្មវិធី​មួយ​នេះ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់​សម្រាប់​មុខ​មាត់​ប្រទេស​ជាតិ។
លោក​​បញ្ជាក់​ ៖ “លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​ស្គាល់​កម្មវិធី​នេះ។ ខ្ញុំ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​កម្មវិធី​នេះ ហើយ​ខ្ញុំ​សូម​ឱ្យ​ប្រជាជន​ទាំង​អស់​បោះ​ឆ្នោត​គាំទ្រ​តារា​ឱ្យ​បាន​ទាំង​អស់​គ្នា​ដើម្បី​ជួយ​លើក​កម្ពស់ វិស័យ​សិល្បៈ របស់​ជាតិ​យើង​ឱ្យ​ដូច​នៅ​បរទេស”។
រីឯ​​​​លោក កា រស់​នៅ​ខេត្ត​ព្រះសីហនុ និយាយ​ទាំង​អារម្មណ៍​សប្បាយ​រីករាយ​ថា ​លោក​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​កម្មវិធី​អាណាចក្រ​តារា​ដែល​ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី​ផ្ដល់​តម្លៃ​ដល់​មិត្ត​សិល្បករ សិល្ប ការិនី​ខ្មែរ។
លោក​​និយាយ​ថា ៖ “ខ្ញុំ​គិត​ថា​ទោះ​ជា​កម្មវិធី​នេះ​មិន​ទាន់​ជ្រាប​ខ្លាំង​ដល់​មហាជន​ខ្មែរ​យ៉ាង​ណា​ក៏​ដោយ​តែ​នេះ​ជា​មុខ​មាត់​របស់​ជាតិ​នៅ​ពេល​យើង​មាន​កម្មវិធី​ប្រគល់​ពាន​ធំ​បែប​នេះ”។


ទន្ទឹម​នឹង​នេះ​ដែរ ​អ្នក​ស្រី ពេជ្រ វណ្ណី អាជីវករ នៅ ខេត្ត​កំពត បាន​លើក​ឡើង​ថា​ កម្មវិធី​អាណាចក្រ​តារា​​ គឺ​ជា​កម្មវិធី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្ដល់​ពាន​ជូន​ដល់​មិត្ត​សិល្បករ​ សិល្ប​ការិនី​​ ដូច​ជា​នៅ​តាម​បណ្ដា​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​ដូច្នេះ​ដែរ។
អ្នក​ស្រី​បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា សិល្បករ​ខ្មែរ​យើង​ពិត​ជា​មាន​សំណាង​ណាស់​ដែល​មាន​កម្មវិធី​បែប​នេះ​ព្រោះ​​អាច​ផ្ដល់​តម្លៃ​កាន់​តែ​ខ្ពស់​ដល់​ពួកគេ។ ខ្ញុំ​ចង់​ឱ្យ​តារា​ខ្មែរ​មាន​តម្លៃ​កាន់​តែ​ខ្ពស់​តាម​រយៈ​កម្មវិធី​អាណាចក្រ​តារា​នេះ”។


កម្មវិធី​អាណាចក្រ​តារា​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ន័យ​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈបាន​គាំទ្រ​តារា​​សំណព្វ​​​ចិត្ត​របស់​ខ្លួន​កាល​​​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ។ ​ក្រុម​ការងារ​អាណាចក្រ​តារា​ពេល​នេះ​កំពុង​មាន​វត្តមាន​នៅ​​​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ​ដែល​​ជា​​ ទីតាំង​ចុង​ក្រោយ​​នៃ​​យុទ្ធនាការ​​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​អាណាចក្រ​តារា​​​ទាំង​​ ៩​រាជធានី​ខេត្ត​ក្រុង។
តាម​ពិត​ទីតាំង​ចុង​ក្រោយ​នៃ​កម្មវិធី អាណាចក្រ​តារា ស្ថិត​នៅ​ក្រុង​តា​ខ្មៅ​ឯណោះ​ទេ ប៉ុន្តែ​ដោយសារ​ចំ​ថ្ងៃ​​ឃោសនា​​បោះ​ឆ្នោត​អាជ្ញាធរ​ដែន​ដី​​ចង់​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​គ្មាន​សំឡេង​រំខាន។ ដូច្នេះ​ហើយ​កម្មវិធី​អាណាចក្រ​តារា​មិន​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​បាន​ទេ​នៅ​ក្នុង​ក្រុង​នេះ​បាន​ត្រឹម​តែ​ចែក​ខិត្តប័ណ្ណ​តែ​ប៉ុណ្ណោះ ដោយ​បាន​មក​បោះ​ស្តង់​នៅ​រាជធានី​ភ្នំពេញ​វិញ៕
ដើម្បី​គាំទ្រ​​តារា​​ដែល​​ប្រិយមិត្ត​​ពេញ​ចិត្ត​សូម​​ចូល​ទៅ​កាន់ anachakdara.com


ប្រភព : សប្បាយ