រថយន្ដសាំយ៉ុង បុកម៉ូតូ ស្លាប់ និងរបួស ២នាក់
រតនគីរី ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ ទៀត បានរងរបួសធ្ងន់ធ្ងរ ក្រោយពីពួកគេ ទាំងពីរនាក់ បានជួបគ្រោះថ្នាក់ចរាចរដោយ សាររថយន្ដសាំយ៉ុង បើកបរក្នុងល្បឿន លឿន ហើយបុកពេញមួយទំហឹង រួចហើយ អូសម៉ូតូចម្ងាយប្រមាណ ៥០ម៉ែត្រ ។
គ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យស្លាប់ និង របួសអ្នកជិះម៉ូតូ២នាក់ខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង ១ និង៣០ នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅមុខ ផ្សារបានលុង ក្នុងភូមិជ័យជំនះ សង្កាត់ឡា បានសៀក ក្រុងបានលុង ខេត្ដរតនគីរី ។
នគរបាលក្រុងបានលុង ដែលចុះទៅជួយ អន្ដរាគមន៍ នៅកន្លែងកើតហេតុបាននិយាយ ថា ជនរងគ្រោះដែលស្លាប់ភ្លាមៗនោះមាន ឈ្មោះ ឡាច ណារ៉ុង ហៅ រ៉េន អាយុ ៣៦ ឆ្នាំ មុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុង ការដ្ឋានរបស់តាខ្លឹង ភូមិស្វាយ សង្កាត់បឹង កន្សែង ក្រុងបានលុង ជាអ្នកបើកម៉ូតូ ។ ដោយឡែកអ្នកជិះពីក្រោយ ដែលរងរបួស ធ្ងន់ធ្ងរនោះឈ្មោះ សាល អាយុ ២៥ឆ្នាំ មាន ស្រុកកំណើត នៅរាជធានីភ្នំពេញ ហើយ ទើបនឹងធ្វើដំណើរ ទៅរកការងារធ្វើនៅ ខេត្ដរតនគីរី បានមួយថ្ងៃ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានបើកម៉ូតូឌុប គ្នាម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ រតនគីរី ១អា០៣៣៣ ក្នុងល្បឿនយឺតៗ ពី ត្បូងទៅជើង លុះដល់រង្វង់មូលមុខផ្សារ បានលុង ស្រាប់តែរថយន្ដម៉ាកសាំយ៉ុងបើក បរក្នុងទិសដៅ ពីលិចទៅកើតជ្រុលទៅបុក ម៉ូតូពេញមួយទំហឹង រួចហើយអូសប្រមាណ ៥០ម៉ែត្រ ទើបរថយន្ដថយក្រោយ ដោះ ម៉ូតូចេញពីក្រោមរថយន្ដ ។ ក្រោយគ្រោះ ថ្នាក់ចរាចរនេះ អ្នកបើករថយន្ដដែលគេមិន ស្គាល់អត្ដសញ្ញាណបានគេចខ្លួនបាត់ ចេញពី កន្លែងកើតហេតុ ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែករថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកដើម្បី ដោះស្រាយបន្ដទៀត ៕