រតនៈ ពិសី ចំណងស្នេហ៍ ជាមួយបុរស នៅបារាំង ជួបភាពរង្គោះរង្គើ
ភ្នំពេញ៖ ថ្មីនេះៗមានព័ត៌មានដ៏រសើបមួយ លេចធ្លាយចេញមកថា ចំណងស្នេហ៍ឆ្លងទ្វីប រវាងតារាចម្រៀងវ័យក្មេងសាច់សកញ្ញា រតនៈ ពិសី ជាមួយបុរសអាណិកជនខ្មែរ រស់នៅប្រទេសបារាំង កំពុងតែជួបនូវឧបសគ្គយ៉ាងធ្ងន់ធ្ងរដែលអាចឈានទៅរកផ្លូវ បែកបាក់ផងក៏ថាបាន។
បើតាមប្រភពពីអ្នកជិតស្និទ្ធតារាស្រីរូបនេះ បានបង្ហើបប្រាប់ គេហទំព័រមួយ ឱ្យដឹងថា ចំណងស្នេហ៍ឆ្លងទ្វីប របស់កញ្ញា រតនៈ ពិសី និង គូស្នេហ៍នៅបារាំងម្នាក់នេះ កំពុងតែជូបប្រទះ នឹងភាពប្រេះឆា ជាមួយគ្នា ព្រោះតែការប្រច័ណ្ឌ ពីសំណាក់បុរសនោះ មកលើ ពិសី ខ្លាំងពេក ទើបធ្វើឲ្យជូបនូវបញ្ហាជាច្រើនយ៉ាងដូច្នេះ ។
ប្រភពខាងលើបានបន្តថា ខណៈដែលកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់ កញ្ញា រតនៈ ពិសី កំពុងតែមានភាពលេចធ្លោក្នុងទីផ្សារសិល្បៈ ទៅមុខជាបណ្តើរៗ ក៏ស្រាប់តែគូស្នេហ៍រូបនេះ បានចេញមុខ ដោយធ្វើការហួងហែង ខ្លាំងណាស់ ព្រោះខ្លាចនាងកាន់តែល្បី និងចុងក្រោយត្រូវបុរសផ្សេងបេះបាត់។ ផ្ទុយទៅវិញ ការហួងហែងខ្លាំងនេះ បែរជាត្រូវស្រីស្រស់ រតនៈ ពិសី សម្ដែងអារម្មណ៍ធុញថប់ ចង់ដកចិត្តទៅវិញ។
ផ្តល់បទសម្ភាសន៍ ជាមួយគេហទំព័រនោះ តាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ នេះ កញ្ញា រតនៈ ពិសី បានប្រាប់ឱ្យដឹងថា "ចាស..មែនហើយបង.. គឺមួយរយៈនេះ ខ្ញុំ និង គាត់ហាក់ដូចជា នៅរយាលឆ្ងាយពីគ្នាបន្តិចមែន។ ម្យ៉ាងទៀត ខ្ញុំក៏មិនសូវប្រាកដជាមួយគាត់ដែរ ព្រោះអីខ្ញុំអត់សូវស្រលាញ់គាត់(គូស្នេហ៍)ផង.."។
នៅពេលសួរថា តើមកពីមូលហេតុអ្វីបានជាត្រូវព្រងើយតន្ដើយបែបនេះ? កញ្ញា រតនៈ ពិសី ប្រាប់ថា "ពិបាកណាស់..បង ! ម្យ៉ាងគាត់នៅឆ្ងាយ.. ហើយឥឡូវនេះ ក៏មិនសូវដូចកាលពីមុន ព្រោះខ្ញុំមិនសូវចូលចិត្ត អ្នកដែលហួងហែងច្រើនពេកទេ..!"។
កញ្ញា រតនៈ ពិសីបានបន្តថា "និយាយទៅ គឺគាត់(គូរស្នេហ៍) ហួងហែងខ្លាំងពេក ហើយនៅពេលដែលខ្ញុំ ធ្វើអ្វីមួយដោយមិនបានប្រាប់ គឺគាត់ខឹងខ្លាំងតែម្តង ពោលគឺនៅពេលដែលធ្វើអ្វី ត្រូវឱ្យដំណឹងទៅគាត់ ។ដូច្នេះទើបខ្ញុំ គិតថាអ្វីដែលគាត់កំពុង តែធ្វើនេះវាហួសហេតុ ដូចជាបិទសិទ្ធិសេរីភាពពេកហើយ.."។
ទោះបីជាយ៉ាងណាក្តី កញ្ញា ពិសី ក៏បានបញ្ជាក់ដែរថា នាងមិនសូវជាស្រលាញ់បុរសម្នាក់នេះខ្លាំងប៉ុន្មាននោះទេ ..តែពេលនេះនាង ក៏កំពុងតែទុកឱកាស ឱ្យបុរសម្នាក់នេះដែរ ។ ប៉ុន្តែប្រសិនមើលទៅមិនមានអ្វី កែប្រែ ហើយនៅតែហួងហែងខ្លាំងហួសហេតុទៀតនោះ គឺនាងមិនអាចបន្ត ទៅមុខជាមួយគ្នាបានទៀតឡើយ គឺមានតែ បាយ បាយ ប្រសើរជាង៕Via: lookingtoday.