ប្រកាស​​ រឿង​នាង​​ក្អ​យ ជួល​​រថយន្ត​​ គេ​​ជិះ​​ហើយ​ស៊ី​ដាច់ នៅ​​ថ្ងៃទី១២ កក្កដា​ខាង​មុខ​

6/28/2013 0 Comments A+ a-


រាជធានី​ភ្នំពេញ៖ សំណុំរឿង​នាង ជួន ចាន់​រតនា (ហៅ​ក្អ​យ) ជួល​រថយន្ត​គេ​ជិះ​រួច​យកទៅ​បញ្ចាំ​បាត់​កាលពី​អំឡុង​ឆ្នាំ២០១១កន្លងទៅ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​ចំនួន២ករណី​ជា​បន្តបន្ទាប់ ដោយ​កំបាំងមុខ​ជនជាប់ចោទ នៅ​រសៀល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្តែ​សាលក្រម​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ។
សំណុំរឿង​ទី១ លេខ១៣៨៣ ចុះ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ មាន​ដើមបណ្តឹង​ឈ្មោះ ទៀង គង់ និង​សំណុំរឿង​ទី២ លេខ ១៩៦២ ចុះ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ មាន​ដើមបណ្តឹង​ឈ្មោះ​ហ៊ី ប៉េង​គ្រី។
ក្នុង​សំណុំរឿង​ទី១ ដើមបណ្តឹង​បាន​ចោទប្រកាន់ថា កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ នាង​ក្អ​យ​បាន​ជួល​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយគ្រឿង​ជិះ ក្នុង​កិច្ចសន្យា​រយៈពេល៤ខែ ប៉ុន្តែ​នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ នាង​ក្អ​យ បាន​យក​រថយន្ត​នោះ​ទៅ​បញ្ចាំ​ក្នុងតម្លៃ៨០០០ដុល្លារ​អាមេរិក។ ក្រោយមក​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​អ្នកទទួល​បញ្ចាំ និង​ដកហូត​រថយន្ត​នោះបាន ទើប​បែកធ្លាយ​ដល់​ដើមបណ្តឹង​ថា នាង​ក្អ​យ បាន​យក​រថយន្ត​នេះ​ទៅ​បញ្ចាំ។
ដោយឡែក​ក្នុង​សំណុំរឿង​ទី២ ដើមបណ្តឹង​បាន​ចោទប្រកាន់ថា កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ នាង​ក្អ​យ និង​បុរស​ម្នាក់​ឈ្មោះ លីវ រ៉ា​ម៉ូ បាន​លក់​រថយន្ត​មួយគ្រឿង​ក្នុងតម្លៃ១៥០០០ដុល្លារ។ ក្រោយមក​នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ ដើមបណ្តឹង​បាន​យក​រថយន្ត​នេះ​ទៅ​លក់​បន្ត​ឲ្យ​ឈ្មោះ ហ៊ែ​ល ក្នុងតម្លៃ១៥៤៥០ដុល្លារ ប៉ុន្តែ​ក្រោយមក​បែកធ្លាយ​ថា​រថយន្ត​នេះ​មាន​បញ្ហា ដោយ​នាង​ក្អ​យ បាន​ជួល​រថយន្ត​គេ​មក​ជិះ​ប៉ុណ្ណោះ ដូច្នេះ​ទើប​ដើមបណ្តឹង​បាន​ទៅ​សួរនាំ​ពី​បញ្ហា​នេះ ហើយ​នាង​ក្អ​យ​ក៏បាន​ចេញ​ហ្សែ​កមួយ​សន្លឹក​តម្លៃ១៥៤៥០ដុល្លារ តែ​ពេល​ដើមបណ្តឹង​ទៅ​បើក​នៅ​ធនាគារ គឺ​ពុំមាន​ទឹកប្រាក់​គ្រប់គ្រាន់​នោះទេ។
មេធាវី​ឈ្មោះ តាំង ម៉េង​ស្រូ​យ តំណាង​ឲ្យ​ដើមបណ្តឹង​ឈ្មោះ ហ៊ី ប៉េង​គ្រី បានទាមទារ​ប្រាក់១៥៤៥០ដុល្លារ និង​ជំងឺ​ចិត្ត ១៥០០០ដុល្លារ ព្រមទាំង​សូម​ឲ្យ​តុលាការ​ផ្តន្ទាទោស​នាង​ក្អ​យ និង​គូកន​តាមច្បាប់៕ ប្រភព ann