ណាហ្គាវើល៖ បុគ្គលិក​ត្រូវ​បង្ខំ​ឲ្យ​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​ការ​តវ៉ា​គ្មាន​លទ្ធផល

6/26/2013 0 Comments A+ a-


បន្ទាប់បានធ្វើកូដកម្ម ប្រឆាំងតវ៉ា ដើម្បីការគោរពសិទ្ធិរបស់ខ្លួន តែមិនបានទទួលលទ្ធផលជាផ្លែផ្កានោះមក បុគ្គលិក​មួយចំនួនធំនៃមជ្ឈមណ្ឌលណាហ្គាវើល ត្រូវបានបង្ខំចិត្តឲ្យចូលធ្វើការវិញ នៅព្រឹកថ្ងៃទី២៦ខែមិថុនានេះ។ ការសម្រេច​ចិត្តនេះ នៅបន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបរបស់អាជ្ញាធរ កាលពីថ្ងៃទី១២ខែមិថុនា និងការប៉ះទង្គិចគ្នាជាមួយសន្តិសុខ កាលពីថ្ងៃទី២៥ខែមិថុនា ដែលធ្វើឲ្យយ៉ាងហោចណាស់ កូដករបីនាក់សន្លប់។
កូដករបានបន្តកិច្ចតវ៉ាដ៏អស់សង្ឃឹមរបស់ខ្លួន នៅថ្ងៃទី២៥ខែមិថុនា នៅមុខមជ្ឈមណ្ឌលណាហ្គាវើល។ 
កូដកម្ម ដែលកើកចេញពីវិវាទការរវាងបុគ្គលិក និងក្រុមហ៊ុនមានការអូសបន្លាយនេះ មិនអាចដោះស្រាយរួច និងបញ្ចប់​បញ្ហា បើទោះបីជាមានការអន្តរាគមន៍ ពីក្រុមប្រឹក្សាអាជ្ញាកណ្កាល និងសាលារាជធានីភ្នំពេញក៏ដោយ។ ជាពិសេស​ព្រឹត្តិការណ៍ប៉ះទង្គិច បានកើតឡើងជាថ្មីទៀត កាលពីរសៀលថ្ងៃទី២៥ខែមិថុនានេះ រវាងក្រុមអ្នកធ្វើកូដកម្ម និងក្រុម​បុគ្គលិកសន្តិសុខរបស់មជ្ឈមណ្ឌល។
លោក សុខ ណារិទ្ធ អគ្គលេខាធិការរង សហព័ន្ធសហជីពវិស័យទេសចរណ៍ និង សេវាកម្ពុជា បានពន្យល់ថាកូដករ​បានទទួលរងនូវការវាយទាត់ធាក់ ខណៈដែល ពួកគេព្យាយាមឆ្លងកាត់ប៉ារ៉ាស់ដែក និងក្រុមសន្តិសុខ​ចូលទៅ​កាន់​បរិវេណមុខកាស៊ីណូ។ លោក បញ្ជាក់ថា៖ «កងកម្លាំងសមត្ថកិច្ច ដែលឈរជើងនៅក្បែរនោះ ពុំបានចាត់វិធានការ​អ្វីនោះទេ ខណៈដែលការប្រទាយប្រទង់របស់ភាគីទាំងពីរកំពុងកើតឡើង»។ លោកបន្តថា បន្ទាប់ពីការប៉ះទង្គិចនេះ ក្រុមបុគ្គលិកក្រុមហ៊ុន ដែលបានធ្វើកូដកម្មនេះ បានទទួលដីកាមួយ ដែលចេញដោយតុលាការរាជធានីភ្នំពេញ តាម​រយៈការប្រកាសរបស់ លោក ព្រះរាជអាជ្ញាមួយរូបនូវចំពោះមុខកូដករ បង្គាប់ឲ្យពួកគេបញ្ចប់កូដកម្ម ហើយចូលធ្វើការ​វិញជាបន្ទាន់ ដោយគ្នានលក្ខខណ្ឌ។ លោកបន្ថែមថាពួកបុគ្គលិក«គ្មានជម្រើស»អ្វី ក្រៅពីចូលធ្វើការវិញ​នៅព្រឹកនេះ​នោះទេ។
កញ្ញា ពេជ្រ ចាន់ណា ដែលបានសន្លប់នៅក្នុងការប៉ះទង្គិចនោះ បាននិយាយថាកញ្ញា ត្រូវបានមិត្តភក្តិ​បញ្ជូនទៅ​មន្ទីរ​ពេទ្យដើម្បីសង្រ្គោះជាបន្ទាន់។ កញ្ញាក៏បានសម្រេចដែរ ថាចូលធ្វើការវិញនៅព្រឹកនេះ បើទោះជាស្ថានភាពសុខភាព មិនទាន់មានភាពល្អប្រសើរនោះក៏ដោយ។
លោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ មនោរម្យព័ងអាំងហ្វូថា រូបលោក​កំពុងធ្វើការទាក់ទងនឹងបញ្ហានេះ យ៉ាងដិតដល់។ ក្រុមកងសន្តិសុខរបស់ក្រុមហ៊ុន ដែលបានប៉ះអង្គិចជាមួយ​ក្រុម​កូដករ បានបដិសេធឆ្លើយទៅនឹងសំណួរ របស់អ្នកសារពត៌មាន ខណៈដែលលោកស្រី ម៉ៅ សំពុទ្ធារី ជាមេធាវីរបស់ ក្រុមហ៊ុនណាហ្គាវើល មិនអាចទាក់ទងបាន ព្រោះលេខទូរស័ព្ទលោកស្រីគ្នានអ្នកទទួល។
សូមរំលឹកថាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើល នៅរាជធានីភ្នំពេញ នាំគ្នាបន្តធ្វើកូដកម្មមិនចូលធ្វើការរយៈពេល ១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ ការធ្វើកូដកម្មនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនគោរព​សេចក្ដី​បង្គាប់របស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងគោរពលក្ខខណ្ឌការងារ ដើម្បីឲ្យការងារបានប្រសើរឡើង។

ប្រភព : មនោរម្យ