ទឹម រដ្ឋា បរិយាយ​​ពី​​ជីវិត​​ពិត មុន​និង​​ក្រោយ ​ចូល​​សិល្បៈ​

6/24/2013 0 Comments A+ a-



រាជធានី​ភ្នំពេញ៖ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល រាង​ខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា ក្រោយពី​បាន​បន្សាត់​ខ្លួន​ចូល​សិល្បៈ​ជិត១០ឆ្នាំ​មក នាង​ទទួលបាន​ភាពជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ជាមួយនឹង​អាជីព​ដើរ​ម៉ូដ សម្តែង និង​ធ្វើជា​ពិធី​ការិនី ខណៈ​ដែលមាន​រូបសម្បត្តិ​ដ៏​ស្រស់ស្អាត ជា​អំណោយ​ពី​ធម្មជាតិ​ផង​នោះ បាន​ស្ទួយ​ឲ្យ​នាង​មាន​ភាពលេច​ធ្លោ​យ៉ាង​ឆាប់រហ័ស​ក្នុង​ពិភព​សិល្បៈ។


ការបោះ​ជំហាន​ចូល​វិថី​សិល្បៈ​របស់​តារា​មួយចំនួន គឺ​ផ្តើមចេញពី​ប្រវត្តិ​មិន​ដូចគ្នា​នោះទេ ជាក់ស្តែង​ដូចជា​តារា​ដើរ​ម៉ូដ និង​ជា​ពិធី​ការិនី​កញ្ញា ទឹម រដ្ឋា ជាដើម នាង​បាន​ផ្តើមចេញពី​អ្នករត់​តុ​ម្នាក់​នៅក្នុង​ហាង​លក់​គុយទាវ​មួយ ដែលជា​ហាង​ម្តាយ​របស់​នាង​ផ្ទាល់។ លុះ​ក្រោយមក នាង​បាន​បន្សាត់​ខ្លួន​ចូលប្រឡូក​សិល្បៈ​តាមរយៈ​ការប្រលង​កញ្ញាឯក​ប្រីស​ស្តុ​ន ហើយ​ទទួលបាន​ជ័យលាភី​លេខ២ ។
កញ្ញា ទឹម រដ្ឋា បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ជា​កូនច្បង​នៅក្នុង​គ្រួសារ ដែលមាន​បងប្អូន៣នាក់ ស្រី២ ប្រុស។ នាង​មាន​ឪ​ពុល​ឈ្មោះ អាន វណ្ណា អាយុ៤៨ឆ្នាំ មានមុខរ​បរជា​ទាហាន ឈរជើង​នៅ​គីរីរម្យ និង​មាន​ម្តាយ​ឈ្មោះ ផាន់ ឌៀ​ម អាយុ៤៧ឆ្នាំ ជា​មេផ្ទះ អតីត​ជា​អាជីវករ។
កញ្ញា ទឹម រដ្ឋា បាន​បោះបង់​ការសិក្សា​នៅ​ថ្នាក់​ទី១១ បន្ទាប់ពី​ឪពុកម្តាយ​ផ្លាស់​មករក​ស៊ី​នៅ​រាជធានី​ភ្នំពេញ ជាមួយនឹង​លោកឪពុក ដែល​ត្រូវគេ​ផ្លាស់​ទីតាំង​ក្នុង​ក្របខណ្ឌ​ការងារ។ នាង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នាង​ក៏​ធ្លាប់ជា​អ្នករត់​តុ​គុយទាវ កាហ្វេ ម្នាក់​ដែរ ខណៈដែល​ម្តាយ​របស់​នាង​បាន​បើកហាង​លក់​បបរ គុយទាវ និង​កាហ្វេ នៅ​ម្តុំ​ផ្សារ​ចោមចៅ និង​ក្រោយមក ឪពុកម្តាយ​នាង​បាន​ផ្លាស់​លំនៅដ្ឋាន និង​មក​លក់​គុយទាវ កាហ្វេ នៅ​ម្តុំ​ផ្សារ សេន​ជូ​រី ពោធិ៍ចិនតុង​វិញ។
ដោយបាន​ជំរុញ និង​លើកទឹកចិត្ត​ពី​បងប្អូន មិត្តភក្តិ នាង​ក៏បាន​សម្រេចចិត្ត​ចូលរួម​ប្រលង​កញ្ញាឯក​ប្រីស​ស្តុ​ន ហើយ​ទទួលបាន​ជ័យលាភី​លេខ២ ។ ប៉ុន្តែ​តំណែង​នេះ បានត្រឹមតែ​ជួយ​ឲ្យ​នាង​បាន​សម្តែង​តួ​រាយរង​ក្នុង​ឈុត​ខារ៉ាអូខេ​តិចតួច​ប៉ុណ្ណោះ។ លុះដល់​ឆ្នាំ២០០៥ នាង​បាន​សម្រេចចិត្ត​ចូលរួម​ប្រលង​ក្នុង​កម្មវិធី ស្រី​ស្រស់ ប្រុស​ស្អាត​ម្តងទៀត របស់​ស្ថា​នី​ទូរទស្សន៍​ស៊ី​ធី​អិន ដោយ​ជាប់​តំណែង​ជា​ស្រី​ស្អាត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។
ផ្តើមចេញពី​ចំណុច​នេះ ទើប​ធ្វើ​ឲ្យ​តារា​រូបនេះ មានសំណាង​បាន​សម្តែង​ចម្រៀង​ខារ៉ាអូខេ​ក្នុង​បទ “ចាំ​ទាំង​ត្រដរ” របស់​តារាចម្រៀង​សម្បូរ​រោមដើមទ្រូង គឺ​លោក ឆន សុវណ្ណ​រាជ ក្នុង​ដើមឆ្នាំ២០០៩ ។ បន្ទាប់ពីនោះ នាង​បាន​ក្លាយជា​តារា​លំដាប់​ជួរមុខ​យ៉ាង​ឆាប់រហ័ស ក្រោយពី​មានមុខ​សម្តែង​តួឯកផ្ទួនៗ ក្នុង​រឿង​ភាគ។
ចាប់តាំងពី​ឆ្នាំ២០០៩ និង​ក្រោយពី​ជាប់​ឈ្មោះ​ជា​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម camboodia soper modell ទើប​នាង​មានឱកាស​សម្តែង​ភាពយន្ត​ជា​បន្ទ​បន្ទាប់​បាន​ជាង១០រឿង។ ខ្សែ​រឿង​ដែល​តារា​រូបនេះ​បាន​សម្តែង រួមមាន “ប្រពន្ធ​ខ្មោច” ដែលជា​រឿង​បើក​អាជីព​សម្តែង​របស់​នាង​នៅ​ចុងឆ្នាំ២០០៩ និង​រឿង​បន្តបន្ទាប់ មានដូចជា រឿង “រាមកេរ្តិ៍”, រឿង “នគរ​ស្រីលវោ” ជាដើម។ កញ្ញា ទឹម រដ្ឋា បាន​សំដែង​ជា​តួឯក​លើកដំបូង​ក្នុង​រឿង “ដងស្ទឹង​ទឹកភ្នែក” ប៉ុន្តែ​មហាជន​តិចតួច​ណាស់ ដែល​កត់សម្គាល់​ចំពោះ​ការសម្តែង​របស់​នាង​នាពេលនោះ។ ក្រោយមក តារា​រូបនេះ ទើប​ចាប់ផ្តើម​ល្បី​សុះសាយ​នៅ​ចុងឆ្នាំ២០០៩ ប៉ុណ្ណោះ តាមរយៈ​ការ​សម្តែង​ខ្សែ​រឿង​ភាគ ក្នុង​រឿង “ខ្ញុំ​ជា​អ្ន​ណា?” ,រឿង “ដង​វិថី​តារា” រឿង “ផ្កា​ក្នុង​ផ្កា” និង​រឿង​ចុងក្រោយ “អ្នកមានគុណ”  ដោយ​នាង​សម្តែង​ជា​តួអង្គ​កាច​ឆ្នាសឆ្នើម។ នៅពេលថ្មីៗនេះដែរ នាង​បាន​ក្លាយជា​ពិធី​ការិនី​ទូរទស្សន៍ ក្នុង​កម្មវិធី “រង្វាន់១ម៉ឺនប្រាំពាន់​ដុល្លារ”៕ 


Resource by : khmerstation.com