វិធី​បំបាត់​ការ​ធុញ​ទ្រាន់ ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក

6/11/2013 0 Comments A+ a-

តើអ្នកធ្នាប់មានការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នកទេ? ប្រាកដណាស់បើមិត្តភក្តិអ្នក និងរូបអ្នកធ្វើអ្វី ដដែលៗ នោះ​ពេលខ្លះវាច្បាស់ជាមានការធុញទ្រាន់មិនខាន។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចបញ្ចៀសនូវការធុញទ្រាន់របស់អ្នកបាន៖
១.ស្នើឱ្យមានសកម្មភាពផ្សេងៗខុសប្លែក៖
ឧទាហរណ៏៖ នៅចុងសប្តាហ៏អ្នក និងមិត្តភក្តិរបស់អ្នក តែងតែទៅមើលខ្សែភាពយន្ត។ ដូច្នេះអ្នកអាចសាក បបួលគាត់​ដូចជា ទៅហែលទឹក ឬលេងកីឡាផ្សេងៗ ដើម្បីជៀសវាង នូវសកម្មភាពដដែលៗពេក។
២. ណែនាំមិត្តភក្តិថ្មី៖
ពេលខ្លះមិត្តភក្តិថ្មីអាចជួយបន្ថែមការរីករាយរបស់អ្នកបាន ដូចជាគេមាននូវសកម្មភាពអ្វីប្លែកថ្មី ដែលអាចធ្វើឲ្យអ្នកភ្លេច នូវការធុញទ្រាន់បាន។ តែក៏មិនមានន័យថា ត្រូវភ្លេចមិត្តភក្តិចាស់នោះដែរ។
៣. ពន្យល់ដល់គាត់ ក្នុងមធ្យោយបាយដ៏ល្អ ថាពេលខ្លះអ្នកមានការធុញទ្រាន់៖
អ្នកអាចសាកនិយាយដូចជា «ពេលខ្លះខ្ញុំមានអារម្មណ៏ថា យើងគួរតែធ្វើអ្វីម្យ៉ាងប្លែកពីនេះ ដើម្បីឲ្យកាន់តែមានភាពរីករាយ បន្ថែមទៀត»។ ត្រូវនិយាយឲ្យគាត់យល់ថា អ្នកមានការធុញទ្រាន់ ប៉ុន្តែមិនត្រូវនិយាយចំៗថា អ្នកធុញនោះទេ។
៤. អញ្ជើញគាត់ទៅធ្វើសកម្មភាពអ្វី ដែលអ្នកចូលចិត្ត៖
បើអ្នកចូលចិត្តទៅមើលការប្រគុំតន្ត្រី អ្នកអាចសាកល្បងសួរគាត់ ថាគាត់ចង់ទៅទីនោះដែរទេ។ បើអ្នកចូលចិត្តលេងបាល់​ទាត់ សាកបបួលគាត់ តើគាត់ចង់លេងដែរទេ។ ហើយបើអ្នក និងគាត់យល់ស្របនោះ នឹងប្រាកដជាមានភាពសប្បាយ​រីករាយ។
៥. ពេលខ្លះអ្នកត្រូវតែជាមនុស្សលេចធ្លោរជាងគេ៖
មនុស្សគ្រប់រូប តែងតែមានការគិតខុសប្លែកពីគ្នា ដូច្នេះអ្នកមិនចាំបាច់ខ្វល់ខ្វាយ ថាអ្នកដទៃគេគិតយ៉ាងណា ឬក៏មានការ​ខ្មាសអៀននោះទេ។ បើអ្នកមានសមត្ថភាពអ្វីពិសេស អ្នកអាចបង្ហាញពីភាពអស្ចារ្យរបស់អ្នក ឲ្យមនុស្សគ្រប់គ្នាបានដឹង នោះប្រាកដជាមានភាពទាក់ទាញ។
៦. ធ្វើដំណើរកំសាន្តទៅកាន់តំបន់មាត់សមុទ្រ ឬតំបន់ណាប្លែកដែលមិនធ្លាប់ទៅ៖
វាអាចធ្វើឲ្យអ្នកកាន់តែស្គាល់គាត់កាន់តែច្បាស់ ព្រោះវាស្ថិតនៅក្នុងកាលៈទេសៈមួយថ្មី ឥរិយាបថថ្មី និងកន្លែងថ្មី។ ជាង​នោះទៅទៀត ធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និតជាមួយគ្នា។
៧. មនុស្សតែងតែចាប់អារម្មណ៏អ្នក នៅពេលដែលអ្នកដឹងរឿងសំងាត់របស់គេ៖
ឧទាហរណ៏ៈ អ្នកដឹងថាគាត់ចូលចិត្តក្រុមបាល់ទាត់លីវើភូល (Liverpool) ដូច្នេះអ្នកអាចរកទិញជាបន្តោងសោ​រូបក្រុម​បាល់ទាត់នោះ ទៅឲ្យគាត់ នោះគាត់ប្រាកដជាភ្ញាក់ផ្អើល និងរំភើបជាមិនខាន។
៨. ចូលរួមជាមួយនឹងក្លឹប ឬក្រុមកីឡាណាមួយ៖
បើអ្នកចូលចិត្តរាប់អានមិត្តភក្តិថ្មីៗ ហើយអ្នកមានចំណង់ចំនូលចិត្តអ្វីៗ ប្រហាក់ប្រហែលគ្នានោះ វាមិនធ្វើឲ្យអ្នកធុញ​នោះ​ទេ។ ឧទាហរណ៏៖ អ្នក និងមិត្តភក្តិរបស់អ្នកចូលចិត្តលេងបាល់ទាត់ដូចគ្នា ដូច្នេះអ្នកអាចបបួលគាត់ទៅ ហ្វឹកហាត់នៅ​ក្រុម​បាល់ទាត់ណាមួយដូចជា ភ្នំពេញក្រោន ណាហ្គាខប ឬបឹងកេតជាដើម...។ល។
៩. អ្នកមិនត្រូវចាកចេញពីក្រុមចាស់ ឬមិត្តភក្តិចាស់របស់អ្នកទេ៖
អ្នកអាចដើរកំសាន្តជាមួយមិត្តភក្តិចាស់ៗ យូរៗម្តង ដើម្បីឲ្យទំនាក់ទំនងមិត្តភាពកាន់តែជិតស្និត និងកុំឲ្យពួកគេយល់ថា អ្នកដូចជាចង់ចាកឆ្ងាយពីពួកគេ។ ទោះជាយ៉ាងណា ការកសាងមិត្តភាព ប្រសើរជាងកសាងសត្រូវ ដូច្នេះអ្នកត្រូវតែ​ព្យាយាមរក្សាមិត្តភក្តិឲ្យបានគង់វង្ស។
១០. កុំច្រឡោតខឹងនៅពេលដែលគាត់ បដិសេដរឿងអ្វីមួយ៖
ទោះបីជាបងប្អូននឹងគ្នាបង្កើត ឬមិត្តភក្តិដ៏ជិតស្និតប៉ុណ្ណា ក៏តែងតែមានចំណង់ចំណូលចិត្តខុសគ្នាដែរ ដូច្នេះវិធីដែលល្អអ្នក​ត្រូវចេះអត់ឱនឲ្យគ្នា និងព្យាយាមរកអ្វីដែលអ្នកទាំង២ ចាប់អារម្មណ៏ដូចគ្នា ទើបធ្វើទៅទទួលបានភាពរីករាយ​ទាំងអស់​គ្នា៕