នាយកប្រតិបត្តិ Zynga សម្រេចចិត្តយក ប្រាក់ខែតែ ១ ដុល្លារប៉ុណ្ណោះ
លោក Mark Pincus នាយកប្រតិបត្តិ ក្រុមហ៊ុនផលិត ហ្គេមធំបំផុតឲ្យ បណ្ដាញសង្គម Facebook គឺ Zynga Inc បានសម្រេចចិត្ត ទទួលយកប្រាក់បៀវត្ស ប្រចាំខែតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ឆ្នាំថ្មីនេះ ហើយក៏មិនទទួលយកប្រាក់ លើកទឹកចិត្ត និងអ្វីឧបត្ថម្ភអ្វី ទាំងអស់។
ចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៣ តទៅ លោក Pincus នឹងទទួលបានប្រាក់ បៀវត្សត្រឹមតែ ១ដុល្លារអាមេរិក ក្នុងមួយខែដែលកាលពីឆ្នាំ ២០១១ លោក Pincus ទទួលបានប្រាក់ចំណូល ១,៦៨ លានដុល្លារអាមេរិក ដែលនៅក្នុងនោះបានមកពី ប្រាក់ខែចំនួន ៣០ម៉ឺនដុល្លារអាមេរិក និងប្រាក់លើក ទឹកចិត្ត ៣.៧៥០ដុល្លារអាមេរិក ប៉ុន្តែសម្រាប់ឆ្នាំ២០១២ ខាងក្រុមហ៊ុន Zynga មិនបានប្រកាស ឲ្យដឹងនោះទេ។ លោក Pincus ជាស្ថាបនិកក្រុមហ៊ុន Zynga ដែលបានបង្កើតឡើង កាលពីឆ្នាំ ២០០៧ ដែលនៅពេលនោះ លោកទទួលបានប្រាក់ ចំណូលខ្ពស់។
បើតាមការឲ្យដឹងពី Bloomberg មានបុគ្គលិកជាន់ខ្ពស់ របស់Zynga ចំនួន ៦រូប ទទួលបានប្រាក់ចំណូលជាង ២លានដុល្លារអាមេរិក ប៉ុន្តែដឹងច្បាស់តែ លោក Cadir Lee អនុប្រធានប្រតិបត្តិ ជាន់ខ្ពស់ និងជាប្រធានបច្ចេកទេស ទទួលបានប្រាក់ខែ ៥០ម៉ឺនដុល្លារអាមេរិក និងប្រាក់លើកទឹកចិត្តចំនួន ៥០ម៉ឺន ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Zynga បានជួបនូវបញ្ហា ជាច្រើនកាលពីចុង ឆ្នាំ២០១២ ដោយមានបុគ្គលិកជាន់ខ្ពស់ ជាច្រើនរូបបានដើរចេញ ពីក្រុមហ៊ុន ហើយមកដល់ពេលនេះ Zynga នៅមិនទាន់ដំណើរការ ល្អប្រសើរឡើងវិញផងដែរ៕