Apple និង Samsung ជិត​ឡើង​កម្តៅ​​​​ដូចនៅ​​ឧបទ្វីបកូរ៉េ

4/06/2013 0 Comments A+ a-

សង្គ្រាមដណ្តើម​​ទីផ្សារ​រវាង Apple និង Samsung ជិត​ផ្ទុះ​ឡើង​ហើយ ខណៈ​​ Samsung បាន​ប្រកាស​ថា​នឹង​​បើក​ហាង​ដៃគូ​ចែកចាយ​​ផលិតផល​របស់​ខ្លួន​​ជា​ច្រើន​ទៀត​ នៅលើ​ទឹកដី​របស់អាមេរិក​នា​ពេល​ឆាប់ៗ​ខាង​មុខ។
ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​កូរ៉េ​ខាង​ត្បូង Samsung បាន​​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​មួយ​ថា នៅ​ថ្ងៃ​ទី ០៨ មេសា ខាង​មុខ ក្រុមហ៊ុន នឹង​​បើក​ហាង Samsung Experience Shops ចំនួន ៥០០ កន្លែង​​ក្នុង​​ក្រុមហ៊ុន Best Buy នៅ​អាមេរិក។
កន្លង​មក Samsung ​បាន​ទទួល​រង​ការ​ប្ដឹងផ្ដល់​យ៉ាង​ច្រើន​របស់ Apple ពី​បទ​រំលោភ​សិទ្ធិ​​ប៉ាតង់ និង​បាន​​ផ្ដល់​ប្រាក់​សំណង​រាប់​លាន​ដុល្លារ​​ដល់​ក្រុមហ៊ុន Apple។ តើ​នេះ​ឬ​ដែល​បាន​ជំរុញ​ឲ្យ Samsung សងសឹក​ តាម​រយៈ​ពង្រីក​ទីផ្សារ​ឲ្យ​កាន់​តែ​ធំ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ Apple នៅ​អាមេរិកដែល​ជាមូលដ្ឋាន​របស់​ក្រុមហ៊ុន​រូប​ផ្លែប៉ោម​មួយ​នេះ?
លោក Ketrina Dunagan អនុប្រធាន​ផ្នែក​ទីផ្សារ​របស់ Samsung និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​​ជួល​បុគ្គលិក​បន្ថែម ដើម្បី​ត្រៀម​លក្ខណៈ​បង្ហាញ​មុខ​ងារ​ពិសេសៗ របស់ Smartphone ជំនាន់​ថ្មី Galaxy S4 ដែល​នឹង​មាន​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ ​រួម​ទាំង​ផលិត​ផល​មួយ​ចំនួន​ទៀត​ដូចជា ទូរទស្សន៍, កុំព្យូទ័រ​យួរ​ដៃ និង Tablet ជា​​ច្រើន​ទៀត​ជា​ដើម។
កាល​ពី​ឆ្នាំ​ទៅ​មិញ អត្រា​លក់ ទូរសព្ទ Smartphone ទូទាំង​ពិភព​លោក​​បាន ៥៤៥,២លាន​គ្រឿង​ដណ្ដើម​ទីផ្សារ​បាន៤០ ភាគរយ។ នេះ​បើ​ផ្អែក​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន IDC។ ចំណែក​ក្រុមហ៊ុន​វិភាគ ComScore កាល​ពី​ថ្ងៃ​ទី ០៦ ខែ មីនា បង្ហាញ​​ថា ទោះ​បី​ជា​មាន​​ប្រជាប្រិយភាព​លើ​ទីផ្សារ​ពិភព​​លោក​មែន ប៉ុន្តែ Smartphone ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នេះ មិន​អាច​ងើប​រួច​ជាមួយ Smartphone របស់ Apple ​នៅ​ទីផ្សារ​អាមេរិកទេ​ពោល​គឺ​មាន​ចំណែក​ទីផ្សារ​ត្រឹម​តែ ២១ ភាគរយ​ ប៉ុណ្ណោះខណៈ​គូប្រជែង​ Apple មាន​រហូត​ដល់ ៣៨ ភាគរយ​។ ​
ចំណែក​ឯ Apple ​មាន​ប្រតិកម្ម​តប​យ៉ាងណា​​ដែរ​​លើ​ការ​ពង្រីក​​ខ្លួន​របស់​គូបដិបក្ខ? Apple ​ដែល​មាន​ទីតាំង (ហាង)ជាង ៤០០ កន្លែង​លើ​ពិភពលោក (ក្នុង​នោះ​មាន ១៥០ ហាង​នៅ​ក្រៅ​​ប្រទេស) ​ហាក់​មិន​ទាន់​មាន​ប្រតិកម្ម​នៅ​ឡើយ​ទេ ហើយ​បាន​បដិសេធ​មិន​និយាយ​អ្វី​ទាំង​អស់។
តើ​ម្ដង​នេះ Apple នឹង​មាន​វិធានការណ៍​បែប​ណា​ដើម្បី​ត​ទល់ និង Samsung? លើក​នេះ Samsung ពិត​ជា​បង្កើត​ព្យុះ​ភ្លៀង​ពន្លិច Apple ឬ​​យ៉ាង​ណា? ចុះ​ប្រិយមិត្ត​យល់​ថា Samsung អាច​ដណ្ដើម​ទីផ្សារ​អាមេរិក​ពី Apple បាន​ដែរ​ឬទេ?