មានការរិះគន់យ៉ាងខ្លាំងពីអតិថិជនវៀតណាមថា ក្រុមហ៊ុនសុំាស៊ុង គួរប្តូរឈ្មោះពី S4 ទៅ S3S វិញទៅ
ថ្មីៗនេះ Samsung ដែលជាគូប្រជែងជើងខ្លាំងរបស់ Apple បានទទួលរងការរិះគន់ខ្លាំងៗ ពីអ្នកគាំទ្រវៀតណាមលើលក្ខណៈសម្បត្តិរបស់ Galaxy S4 ថាគ្មានអ្វីប្លែកពីម៉ូដែលមុនទាល់តែសោះ។ ជាមួយគ្នានេះថែមទាំងឲ្យយោបល់ថា ត្រកូល Galaxy ជំនាន់ទី ៤ របស់ Samsung នេះ គួរប្តូរឈ្មោះពី S4 ទៅជា S3S វិញទៅ។
អ្នកគាំទ្ររបស់ Samsung ដែលជាជនជាតិវៀតណាមច្រើនរូបបានបង្ហាញទស្សនៈខ្លួនថា ពួកគេអស់សង្ឃឹមយ៉ាងខ្លាំងចំពោះលក្ខណៈសម្បត្តិ Galaxy S4 ព្រោះថាវាមិនដូចអ្វីដែលពួកគេបានរំពឹងទុកនោះទេ ពោលគឺគ្មានអ្វីថ្មីច្រើនជាង Galaxy S3 ទាល់តែសោះ។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រវៀតណាម VietNamNet កាលពីពេលថ្មីៗនេះ។
ប្រភពដដែលនេះ ក៏បានចុះផ្សាយរិះគន់ធ្ងន់ៗដែរមកលើ Samsung ដោយបានសរសេរថា៖ ” កាលបង្ហាញ S3 ក្នុងឆ្នាំ ២០១២ ជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏មានប្រជាប្រិយភាព និងខ្លាំងក្លាបំផុតលើពិភពលោក ខណៈការបើកបង្ហាញ S4 ថ្មីៗនេះ បានធ្វើឱ្យអតិថិជនជាច្រើនអស់សង្ឃឹមជាទីបំផុតទៅវិញ។ អ្នកគាំទ្របាននិយាយថា គ្មានបច្ចេកវិទ្យាអ្វីប្លែកនោះទេ ហើយគួរដូរឈ្មោះពី S4 ទៅ S3S វិញទៅ។
ក្នុងវេទិកាពិភាក្សា Tinh Te Forum អ្នកគាំទ្រវៀតណាមមួយរូបបានសរសេរថា៖” ការរចនា S4 មិនដូចអ្វីដែលលោកបានទន្ទឹងរងចាំចង់បាននោះឡើយ។ ខ្ញុំចូលចិត្ត S3 ប៉ុន្តែវាមិនអាចទទួលយកបានទេដែលឃើញការរចនារបស់ S4 ស្ទើរដូចទាំងស្រុងទៅនឹង S3 នោះ”។ នេះបានន័យថារូបលោកមិនពេញចិត្តអ្វីដេលមានលើ S4 ឡើយ។
ការរិះគន់ខ្លាំងៗនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងវេទិកា Tinh Te Forum ហើយបញ្ហារបស់ S4ក៏បានក្លាយជាវិបត្តិយ៉ាងធំក្នុងកែវភ្នែករបស់អតិថិជននៅវៀតណាម។
Smartphone S4 ដែលទទួលរងការរិះគន់នេះបានបង្ហាញខ្លួនក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ ប៉ុន្តែប្រភពមិនបានបញ្ជាក់ទេថា Smartphone នេះមកដល់ទីផ្សារវៀតណាមនៅពេលណានោះទេ។