Samsung បង្ហាញថា ប្រាក់ចំណេញនៅក្នុងត្រីមាសទី១ កើនឡើងលើសពីការរំពឹងទុក របស់ក្រុមអ្នកវិភាគ
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ ម្សិលមិញនេះ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Samsung បានធ្វើការប្រកាសបង្ហាញ ពីប្រាក់ចំណេញនៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៣។យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនកូរ៉េមួយនេះ បានកើនឡើងលើសពីការរំពឹងទុក របស់ក្រុមអ្នកវិភាគ ដែលនៅក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រាក់ចំណេញដែលកើនឡើងខ្ពស់នេះ គឺដោយសារតែក្រុមហ៊ុនបានចេញលក់ នូវទូរស័ព្ទត្រកូល Galaxy ដែលមានតម្លៃទាប ទើបធ្វើឲ្យទីផ្សារទូរស័ព្ទ Samsung កើនឡើង។
ក្រុមអ្នកវិភាគបានព្យាករទុកថា ប្រាក់ចំណេញដែលបានមកពី ប្រតិបត្តិមានចំនួន ៧,៧ពាន់លានដុល្លារអាមេរិក ដែលនេះគិតត្រឹមថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០១៣។
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung មិនបានបង្ហាញអ្វីឲ្យច្រើននោះទេ ប៉ុន្តែបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ខាងមុន ក្រុមហ៊ុននឹងធ្វើការបង្ហាញពី របាយការណ៍ហិរញ្ញវត្ថុនៅក្នុងត្រីមាសទី១ ដែលនៅពេលនោះ ក្រុមហ៊ុននឹងបង្ហាញឲ្យលម្អិតជាងនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung គ្រាន់តែបានប្រកាសឲ្យដឹងជាមុខខ្លះៗថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី១ នេះ មានចំនួនលើសពីការរំពឹងទុក របស់ក្រុមអ្នកវិភាគនានា នោះក៏ដោយសារតែ តួលេខនៃការលក់ត្រកូល Galaxy មានការកើនឡើងខ្ពស់៕

