ផ្អើល​រត់​ជាន់​ជើង​គ្នា​ក្នុង​ពិធី​កាត់​ផ្លែ​ឈើ​មង្គល​ការ

4/22/2013 0 Comments A+ a-

ខេត្តកំពត៖ពិធីកាត់ផ្លែឈើក្នុងមង្គលការមួយបានក្លាយជាការភ័យរន្ធត់ ផ្អើលរត់ជាន់គ្នាទាំងអ្នកដើមការនិង ភ្ញៀវព្រមទាំងអ្នកភ្លេង បន្ទាប់ពីយុវជនម្នាក់ត្រូវគេគប់នឹង កែវរបួសបែកក្បាលហូរឈាម និងម្តាយខាងស្រី ព្រមទាំងសាច់ញាតិម្នាក់ទៀតដួលសន្លប់ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ពិធីមង្គលការនេះបានរៀបចំឡើងកាលពីថ្ងៃ៦កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា នៅកោះតាព្រហ្ម ភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។ ពិធីបានប្រារព្ធធ្វើទៅតាមទំនៀមទម្លាប់តាំងពីព្រឹករហូតដល់ ល្ងាច ដោយមានប្រគំតន្ត្រីយ៉ាងអឺងកងផង ដែរ ។ លុះនៅវេលាម៉ោង៨និង៣០នាទីយប់ ខណៈភ្ញៀវទាំងសងខាងកំពុងពិសាភោជនាហារ និងចូលដល់ពិធីកាត់ផ្លែឈើស្រាប់តែកើតមានជម្លោះ មួយនៅក្នុងរោងការនេះ ដោយមានចាននិងកែវ ហើរព្រោងព្រាតស្រោចដាក់គ្នា ។ពេលនោះធ្វើឱ្យភ្ញៀវដែល ចូលរួមនិងក្រុមអ្នកភ្លេងបានរត់ ចែកផ្លូវគ្នាអស់ហើយម្តាយកូនក្រមុំ និងស្ត្រីម្នាក់ទៀតដែលជាសាច់ញាតិខាងស្រីសន្លប់ ។ចំណែកយុវជនម្នាក់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតបានរងរបួសក្បាលហូរឈាមជោកអាវ ត្រូវបានគេគ្រាហ៍ចេញពីរោងការ ។