ប៉ងចាប់លើកទីមួយមិនបានសម្រេច ដល់លើកទី២ត្រូវជាប់ខ្នោះចឹងហ៏!!!

4/23/2013 1 Comments A+ a-


ខេត្តព្រៃវែង ៖ កងកម្លាំងនគរបាលដឹកនាំ ដោយលោកវរសេនីយ៍ត្រី សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ និងកងរាជអាវុធហត្ថដឹកនាំ ដោយលោកវរសេនីយ៍ឯក ឈួន គីមសាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាមេបញ្ជាការកង រាជអាវុធហត្ថស្រុកពាមរក៍ កាលពីល្ងាចថ្ងៃទី២០ មេសា បានឡោមព័ទ្ធផ្ទះស្រី្តមេម៉ាយឈ្មោះ សឹង វណ្ណា អាយុ៥១ឆ្នាំ នៅភូមិ២ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ដើម្បីចាប់ជនកំហូចម្នាក់ ។ ស្រ្តីមេម៉ាយរូបនេះមានកូនស្រី២នាក់ ម្នាក់ឈ្មោះ ឌី ចន្ធី អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឌី សុម៉ាលី អាយុ១៩ឆ្នាំ  ។
តាមលោកវរសេនីយ៍ត្រី សេង ពន្លក ឱ្យដឹងថា បានជាលោកដឹកនាំកម្លាំង នគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ខេត្ត ចុះមកទីនេះ គឺដើម្បីព័ទ្ធចាប់ជនកំហូចម្នាក់ ដែលបង្កបញ្ហាក្រោយពេលផឹកស៊ី ស្រវឹង រករឿងគេឯងរហូតមានការ វាយតប់ធ្វើបាបគេឯងក្នុងភូមិ ។ ជាក់ស្តែងថ្ងៃទី២០ មេសា នៅវេលាម៉ោង៦និង៤៥នាទីល្ងាច ស្ត្រីមេម៉ាយឈ្មោះ សឹង វណ្ណា បានប្តឹងថា ជនកំហូចម្នាក់ឈ្មោះ នេត ទិត អាយុ៤៩ឆ្នាំ បានផឹកស៊ីស្រវឹងហើយឆ្មក់លបឡើង ទៅលើផ្ទះគាត់ក្នុងគោលបំណងចាប់ រំលោភកូនស្រីទី២របស់គាត់ តែពុំបានសម្រេចទេ ដោយគាត់ស្រែកឆោឡោ ឱ្យគេឯងជួយរំដោះកូនស្រីគាត់ឱ្យរួចខ្លួន ចុះមកដីអស់ នៅសល់តែជននេះក្រាញនៅលើផ្ទះគាត់ ។ ម៉្យាងទៀត បើទោះជាគាត់និងអ្នកភូមិបាន អង្វរករជននេះឱ្យចុះមកដីក៏មិនព្រមចុះ ហេតុនេះហើយ ទើបគាត់បឹ្តងសមត្ថកិច្ចឱ្យចាត់ការ ។
លោកវរសេនីយ៍ត្រី សេង ពន្លក បន្តថា លោកបានបញ្ជាឱ្យកង កម្លាំងចម្រុះឡោមព័ទ្ធជុំវិញផ្ទះ ហើយចាត់កម្លាំង៤ទៅ៥នាក់ឱ្យឡើងទៅលើផ្ទះ ដែលមានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលឡើងទៅចាប់វាយខ្នោះ បណ្តើរទៅប៉ុស្តិ៍ឃុំព្រែកខ្សាយ«ខ» ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ក្នុងការបង្ក្រាបជនកំហូចរូបនេះ សមត្ថកិច្ចបានប្រើថ្នាំខ្លាំងបន្តិច បណ្តាលឱ្យជននេះបែកចិញ្ចើមខាងឆ្វេង ព្រោះមានកូនកាំបិតបម្រុងតដៃ ជាមួយសមត្ថកិច្ចដែលឡើងទៅចាប់តាមសម្រួល ។
ស្រ្តីមេម៉ាយជាម្ចាស់ផ្ទះរងគ្រោះ និងអ្នកភូមិមានការអបអរសាទរយ៉ាងខ្លាំង ដែលសមត្ថកិច្ចចាប់ជននេះ ព្រោះកន្លងមកជនកំហូចនេះធ្លាប់ឡើងទៅប៉ងចាប់រំលោភកូនស្រីគាត់ម្តងហើយ តែមិនបានសម្រេច និងលើកទី២នេះទៀតក៏មិនបានសម្រេចដែរ ហើយក៏ត្រូវអស់ល័ក្ខណ៍ ៕