ភ្ញៀទេសចរ​ចេះ​បន្ត​កើន​ឡើង ខណៈ​មគ្គុទេសក៍ទេសចរ​ណ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​តែ​ខ្វះខាត

4/05/2013 0 Comments A+ a-

ភ្នំពេញៈ មន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា មគ្គុទេសក៍ទេសចរណ៍ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅមានចំនួនតិច តួចនៅឡើយ សម្រាប់នាំភ្ញៀវទេសចរបរទេស ដើរកម្សាន្ត និងទស្សនានៅតំបន់ផ្សេងៗ ក្នុងរាជធានីភ្នំពេញ។
លោក ទែន រតនា ប្រធាននាយកដ្ឋានអប់រំ បណ្តុះបណ្តាល នៃក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងតាម ទូរស័ព្ទនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ថា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ក្រសួង ទេសចរណ៍ បានបណ្តុះបណ្តាលលើ វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ បានចំនួន ១.០៧៥នាក់ លើភាសាចំនួន១២ រួមមាន អង់គ្លេស បារាំង ចិន ជប៉ុន ថៃ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី រុស្ស៊ី កូរ៉េ វៀតណាម និងម៉ាឡេស៊ី។
លោកបញ្ជាក់ថា «យើងសង្កេតឃើញថា មគ្គុទេសក៍ទេសចរណ៍ មានចំនួនច្រើន តែនៅឆ្នាំ២០១២ អ្នកដែលមក ដាក់ពាក្យសុំអាជ្ញាប័ណ្ណ ប្រកបវិជ្ជាជីវៈមគ្គុទេសក៍ ទេសចរណ៍ មានត្រឹមតែ ៤០០នាក់ប៉ុណ្ណោះ ចំនួននេះ វានៅ តិចតួចនៅឡើយ»។
លោក ទែន រតនា បានឲ្យដឹងផងដែរថា ភ្ញៀវទេសចរក្នុងរាជធានីភ្នំពេញ កំពុងមានការកើនឡើងច្រើន ជាក់ស្តែង កាលពីឆ្នាំ២០១២ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង ១,៥លាននាក់ កើនឡើង ១៩,៦ភាគរយ បើ ធៀបទៅនឹងឆ្នាំ២០១១។
ឆ្លើយតបទៅនឹងកង្វះខាតនូវ ចំនួនមគ្គុទេសក៍ ទេសចរណ៍នេះ ខាងក្រសួងទេសចរណ៍ បានសហការជាមួយវិទ្យា ស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) បើកវគ្គបណ្តុះបណ្តាល មគ្គុទេសក៍ចរណ៍ រយៈពេល៣ខែ ដើម្បីបំពេញ តម្រូវការភ្ញៀវ ដែលកំពុងតែកើនឡើងច្រើន ក្នុងរាជធានីភ្នំពេញ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រសួងតម្រូវឲ្យសិក្ខាកាម ដែលមានកម្រិតសិក្សា ទាបបំផុតត្រឹមបាក់ឌុប និងចេះ ភាសាមួយច្បាស់លាស់នោះ ដាក់ពាក្យចូលរួមប្រឡង សាកល្បងសមត្ថភាពជាមុន ទើបអាចឈាន ចូលក្នុងវគ្គ បណ្តុះបណ្តាលនេះ។
វគ្គបណ្តុះបណ្តាល ដែលតម្រូវឲ្យសិក្ខាកាម បង់ថ្លៃសិក្សាចំនួន ៣៥០ដុល្លារ អាចជួយឲ្យសិក្ខាកាម ទទួលបាននូវ ជំនាញមគ្គុទេសក៍ ទេសចរណ៍ច្បាស់លាស់ ពាក់ព័ន្ធទៅនឹង ប្រវត្តិសាស្រ្តតំបន់នានា ក្នុងរាជធានីភ្នំពេញ ការរៀប ចំបុគ្គលិកលក្ខណៈជាមគ្គុទេសក៍ វប្បធម៌ អរិយធម៌ ច្បាប់ទេសចរណ៍ សុវត្ថិភាពចរាចរណ៍ និងអាកប្បរិយាផ្សេងៗ នៅពេលនៅជាមួយ ភ្ញៀវទេសចរណ៍។ ពេលបញ្ចប់វគ្គបណ្តុះ បណ្តាលនេះទៅ សិក្ខាកាមអាច ដាក់ពាក្យសុំអាជ្ញា ប័ណ្ណទៅប្រកបរបរ ជាមគ្គុទេសក៍ទេសចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា «បន្ទាប់ពីបញ្ចប់វគ្គនេះទៅ យើងសង្ឃឹមថា មគ្គុទេសក៍ទេសចរណ៍ អាចទទួលបាននូវជំនាញ មួយច្បាស់លាស់ ក្នុងការនាំភ្ញៀវដើរកម្សាន្តក្នុងរាជធានីភ្នំពេញ»។
ទោះបីជាយ៉ាងមន្រ្តីក្រសួងទេសចរណ៍រូបនេះ ក៏សម្តែងការព្រួយបារម្ភផងដែរ ចំពោះអ្នកនាំភ្ញៀវ ដើរកម្សាន្តមួយ ចំនួនក្នុងរាជធានីភ្នំពេញ ហើយអះអាងខ្លួនឯងថា ជាមគ្គុទេសក៍ ព្រោះវាអាចធ្វើឲ្យ ពួកគាត់ធ្វើការពណ៌នា បក ស្រាយពីប្រវត្តិសាស្រ្ត និងផ្តល់ព័ត៌មានមួយចំនួន ទៅភ្ញៀវមិនបានត្រឹមត្រូវ។ លោកក៏សូមអំពាវនាវ ឲ្យបងប្អូនទាំង នោះ អញ្ជើញមកចូលរួម វគ្គបណ្តុះបណ្តាល ដើម្បីទទួលបាន ជំនាញច្បាស់លាស់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមគ្គុទេសក៍ ទេសចរណ៍ក្នុងរាជធានីភ្នំពេញ ផ្តោតសំខាន់ទៅលើភាសា អង់គ្លេស បារាំង ចិន ជប៉ុន ថៃ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី រុស្ស៊ី កូរ៉េ វៀតណាម និងម៉ាឡេស៊ី ហើយចាប់ផ្តើមទទួលពាក្យ ចូលរួមប្រឡងប្រកួតប្រជែង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣នេះ។ ការប្រកួតប្រជែង ដើម្បីចូលរួមក្នុងវគ្គ បណ្តុះបណ្តាលនេះ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣៕