យន្តហោះខ្នាតយក្សមិនប្រើសាំងរបស់ស្វីស ត្រៀមបើកការហោះហើរជុំវិញពិភពលោកដោយបច្ចេកវិទ្យាសូឡា (Solar)
យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ស្វីស នៅដើមសប្ដាហ៍ថ្ងៃច័ន្ទនេះ បានបើកការហោះហើរដំបូងចាប់ចេញដំណើរពីទីក្រុង Abu Dhabi របស់សហភាពអារ៉ាប់រួម ជាមួយគម្រោងហោះហើរទៅកាន់ពិភពលោកដោយមិនបាច់ប្រើសាំងមួយតំណក់នោះឡើយ។ ស្ថាបនិកគម្រោង Solar Impulse លោក Andre Borschberg គឺជាមនុស្សតែម្នាក់គត់ដែលក្លាហានឈានជើងឡើងយន្តហោះដើរបច្ចេកវិទ្យាសូឡា (Solar) នេះដើម្បីធ្វើតេស្តបញ្ជាដោយផ្ទាល់។
យន្តហោះទំនើបនេះត្រូវគេរំពឹងថា នឹងជាយន្តហោះជោគជ័យដំបូង ដែលមានសមត្ថភាពអាចហោះហើរបានចម្ងាយឆ្ងាយ មិនចាំបាច់ប្រើសាំង ពោលគឺដើរដោយថាមពលពន្លឺព្រះអាទិត្យ។ ដោយចំណាយអស់រយៈពេលប្រហែល ១០ម៉ោង ឥឡូវយន្តហោះប្រើបច្ចេកវិទ្យា Solar នេះបានហោះហើរទៅដល់រាជធានី Muscat របស់អូម៉ង់ហើយ។ លោក Andre Borschbeng នឹងផ្លាស់ប្ដូរដៃបញ្ជាយន្តហោះនៅដំណើរផ្លូវ Solar Impulse 2 ដោយអាកាសយានិកជនជាតិស្វីសដែលជាមិត្តភ័ក្ដិរបស់លោកគឺលោក Bertrand Piccard ដើម្បីធ្វើការហោះហើរ រហូតដល់ដើមខែសីហាខាងមុខ។
គោលដៅនៃគម្រោងនេះ គឺដើម្បីបំផុសគំនិតក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ កាសយានិកទាំងពីរនាក់នេះ មានគម្រោងធ្វើបទបង្ហាញអំពីបទពិសោធន៍របស់ពួកគេនៅក្នុងសន្និសីទអាកាសធាតុសាកល (global climate conference) នៅទីក្រុងប៉ារីស ខែធ្នូចុងឆ្នាំ២០១៥នេះ។
សូមបញ្ជាក់ថា យន្តហោះរបស់ពួកគេ មានទម្ងន់មិនធ្ងន់ណាស់ណាដូចជាយន្តហោះដឹកអ្នកដំណើរទូទៅទេ តែអាចមានទម្ងន់ប្រហាក់ប្រហែលនឹងរថយន្តធុនធំមួយគ្រឿងប៉ុណ្ណោះ ហើយមានប្រវែងបណ្ដោយស្លាបចក្រវែងប្រហាក់ប្រហែលនឹង ស្លាបចក្ររបស់យន្តហោះដឹកអ្នកដំណើរធុនធំដែរ។ យន្តហោះនេះ នឹងក្រាលដោយបន្ទះ Solar ដែលអាចផ្គត់ផ្គង់ថាមពលដល់ស្លាបចក្រចំនួន៤ បាន។
ដំណើរផ្លូវហោះហើរបន្ទាប់ដែលឱ្យឈ្មោះថា Solar Impulse 2 គឺនឹងហោះហើរទៅកាន់ប្រទេសអូម៉ង់ ប្រទេសឥណ្ឌា និងប្រទេសចិន។ ក្រោយមកទៀត យន្តហោះនឹងហោះហើរឆ្លងកាត់តំបន់ប៉ាស៊ីហ្វិក ទៅកាន់រដ្ឋហាវ៉ៃ (Hawwai) និងនៅលើទ្វីបអាមេរិក។ ហើយបន្ទាប់ពីធ្វើការហោះហើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិច និងតំបន់មេឌីទែរ៉ាណេ អាកាសយានិកទាំងពីរនេះ មានគម្រោងនឹងធ្វើដំណើរត្រឡប់មកកាន់រាជធានីរបស់អារ៉ាប់រួម។
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ bangkokpost, mirror, yahoo, nationalgeographic