រុស្ស៊ីចាប់បានជនសង្ស័យ បាញ់ស្លាប់ប្រធានគណបក្សប្រឆាំង
នៅទីបំផុត ករណីប្រធានគណបក្សនយោបាយម្នាក់នៅប្រទេសរុស្ស៊ីដែលត្រូវគេបាញ់ស្លាប់កាលពីពេលកន្លងទៅ ត្រូវបានសមត្ថកិច្ចនៅប្រទេសរុស្ស៊ីតាមស្វែងរក រហូតដល់ចាប់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ហើយ។
ក្នុងចំណោមនោះ ម្នាក់ជាអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ ដែលធ្លាប់ធ្វើការនៅក្នុងតំបន់ Chechya ហើយជនម្នាក់នេះបានឆ្លើយសារភាពថា ខ្លួនបានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះយ៉ាងពិតប្រាកដ។
ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចរុស្ស៊ីចាប់ខ្លួននៅពេលនេះ ស្ថិតក្នុងចំណោមគ្នាចំនួន ៥ នាក់ សុទ្ធតែអ្នកស្រុក Chechya ទាំងអស់។ អ្នកទាំងពីរត្រូវសមត្ថកិច្ចបណ្ដើរចូលបន្ទប់សវនាការ។
សូមបញ្ជាក់ថាលោក Boris Nemtsov ជាប្រធានគណបក្ស People’s Freedom Party ត្រូវបានជនប្រដាប់អាវុធបាញ់ស្លាប់កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៥ ក្បែររបងវិមានក្រិមឡាំង (the Kremlin) តែម្ដង។ ចៅក្រម Natalia Mushnikova ឲ្យដឹងថាបានចេញដីកាតាមចាប់ខ្លួនជនសង្ស័យទាំងប្រាំនាក់នោះផ្ទាល់តែម្ដង។ ដូចនេះ អ្នកនៅសេសសល់បីនាក់ទៀត ក៏មិនរួចខ្លួនទេ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Reuters