ស្រោមដៃ Mobile Lorm Glove បច្ចេកវិទ្យាអស្ចារ្យ អាចជួយមនុស្សពិការទាំងភ្នែក និងថ្លង់ ប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយ!
នៅបណ្ដាប្រទេសដែលប្រើភាសាអាល្លឺម៉ង់ មនុស្សថ្លង់ ហើយពិការភ្នែក គេប្រើអក្ខរក្រមដែលអាចស្ទាបដឹងនូវតួអក្សរ (tactile alphabet) ហៅថា “Lorm” ដើម្បីទាក់ទងគ្នា មានជាប់ពាក់ព័ន្ធនឹងស៊េរីនៃចលនាដៃ។ យ៉ាងណា វិធីសាស្ត្រ Lorm នេះ បច្ចុប្បន្ននៅមានចំនួនអ្នកយល់ដឹងមិនទាន់ទូលំទូលាយនៅឡើយ។ មានន័យថា មនុស្សដែលពិការ ទាំងខ្វាក់ និងងងឹតភ្នែក ការប្រាស្រ័យទាក់ទងគ្នារបស់ពួកគេទៅកាន់អ្នកប្រើ Lorm គឺនៅមានដែនកំណត់នៅឡើយ។
ចំណែកបច្ចេកវិទ្យាថ្មីនេះ ត្រូវបានស្រាវជ្រាវឡើងមកក្នុងគោលបំណងជួយឱ្យពួកគេងាយស្រួលប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមិនទាន់យល់ពី Lorm។ អ្នកស្រាវជ្រាវនៅទីក្រុងប៊ែកឡាំង (Berlin) បច្ចុប្បន្នកំពុងអភិវឌ្ឍស្រាវជ្រាវដៃពិសេស Mobile Lorm Glove សម្រាប់អ្នកពិការទាំងថ្លង់ និងងងឹតភ្នែក អាចបម្លែង Lorm ទៅជាអត្ថបទនៅលើម៉ាស៊ីនកុំព្យូទ័រ ឬប្រភេទឧបករណ៍ចល័ត (Mobile Device)។
មនុស្សដែលពិការភ្នែក ហើយថ្លង់ម្នាក់ អាចប្រើស្រោមដៃអូសកាត់លើម៉ាស៊ីនចាប់សញ្ញា (sensors) ពេលនោះ sensor នឹងចាប់យកព័ត៌មាន Lorm ហើយបន្ទាប់មកបកប្រែចលនាប្រើ tactile (អក្សររបស់អ្នកងងឹតភ្នែក) នោះទៅជាអត្ថបទ។ ទំនាក់ទំនងនេះនឹងផ្ញើបន្តក្រោមទម្រង់សារជាអត្ថបទ ទៅកាន់ស្មាតហ្វូនរបស់អ្នកទទួល ហើយការបញ្ជូនគឺធ្វើឡើងតាម Bluetooth។
វាដំណើរការដូចជាសារ (text message) ធម្មតាអីចឹងដែរ ប៉ុន្តែវាបានភ្ជាប់កជាមួយម៉ូទ័រលំញ័រតូចមួយនៅផ្នែកខាងខ្នងនៃស្រោមដៃ។ បន្ទាប់មកអត្ថបទនឹងត្រូវបានបកប្រែទៅជា Lorm ហើយផ្ដល់ការបញ្ជាក់តាមលំញ័រនេះ។ ស្រោមដៃ Mobile Lorm Glove អាចឱ្យមនុស្សពិការភ្នែក ហើយថ្លង់ ងាយស្រួល ព្រមទាំងធ្វើការភ្ជាប់ទំនាក់ទំនងគ្នាបានច្រើននាក់ក្នុងពេលតែមួយបាន។
ស្រោមដៃឆ្លាតវៃ Mobile Lorm Glove ពេលនេះស្ថិតត្រឹមជាគំរូបឋម (prototype) វានឹងចូលមកបម្រើភាពងាយស្រួល ក្នុងការទាក់ទងរវាងអ្នកពិការនៅក្នុងពិភពលោកជាក់ស្ដែងបាន។ បុរសពិការភ្នែក ហើយថ្លង់ម្នាក់ បានប្រាប់គេហទំព័រ BBC តាមវិធីសាស្ត្របកប្រែភាសារបស់ស្រោមដៃ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ mashable