បុរស​ចិត្តសឿង​ Kim Ki-jong យក​កាំ​បិត​មុត​ស្រួច​ឆូត​មុខ​អ្នក​ការ​ទូត​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​ជា​អ្នកណា?

3/09/2015 0 Comments A+ a-

លោក​ Mark Lippert (រូប​ឆ្វេង​) ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​លោក​ Kim Ki-jong (រូបស្ដាំ) យក​កូន​កាំបិត​ឆូត​មុខប្រភព៖​ huffing post
ជន​ដៃដល់​ដែល​បាន​យក​កូន​កាំបិត​ប្រវែង​ជាង​មួយ​ចំអាម ឆូត​មុខ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន​នោះ មាន​ប្រវត្តិ​ជា​អ្នក​ជាតិ​និយម ដែល​ជំទាស់​នឹង​វត្តមាន​បរទេស​នៅ​លើ​ទឹកដី​ខ្លួន ហើយ​ចង់​ឲ្យ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដែល​ជា​បងប្អូន​គូសត្រូវ​គ្នា រួបរួម​គ្នា​វិញ។ លោក​មិន​មែន​ជា​មនុស្ស​ឡប់​សតិទេ។

លោក​ Kim Ki-jong ជា​អ្នក​ដែល​មាន​ចិត្ត​លុះ ហ៊ាន​ប្រថុយ​នឹង​កង​ការពារ​មន្ត្រី​បរទេស​ធំៗ ហើយ​ធ្លាប់​យក​ដុំ​ក្រួស​មួយ​ក្ដាប់ ប្រុង​គប់​តម្រង់​ក្បាល​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។ លោក​ជា​អ្នក​ដែល​គេ​ស្គាល់​មុខ​ឡើង​សាំ​ទៅ​ហើយ រឿង​ទាមទារ​ និង​ស្រែក​ប្រឆាំង​នឹង​បរទេស​។

លោក Kim បាន​ចូល​រួម​ក្នុង​ចលនា​ទាមទារ «ប្រជុំ​កោះ​ដុកដូ – the Dokdo Islands» ដែល​កំពុង​ប្រទាញប្រទង់​គ្នា​រវាង​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន។ នៅ​ក្នុង​សៀវភៅ​ដែល​លោក​និពន្ធ​ដោយ​ផ្ទាល់ដៃ​ ក្រោម​ចំណង​ជើង​ថា «Dokdo and US, and 2010» លោក​បាន​បំផុស​ឲ្យ​កូរ៉េ​ទាំងពីរ​ឆាប់​ត្រូវរ៉ូវ​គ្នា ដើម្បី​យក​កោះ​នេះ​មក​វិញ​ព្រោះ​កាលពី​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បែងចែក​គ្នា​ជា​ពីរ កោះ​នេះ​ជា​កម្មសិទ្ធិ​របស់​កូរ៉េ​ទេ។


ក្រុម​សកម្មជន​ដើម្បី​ការ​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ បាន​ឲ្យ​ដឹង​ថា​តាមពិត​លោក Kim ជា​អ្នក​ដែល​មាន​ចិត្ត​ចង់​ឃើញ​មាតុ​ប្រទេស​របស់​ខ្លួន​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ ហើយ​ដោយ​សុទ្ធចិត្ត​ទៀត​ផង។ ប៉ុន្តែ​អាស្រ័យ​ដោយ​សារ​កន្លង​មក មនុស្ស​នេះ​រាង​អាក្រក់​សំដី​បន្តិច រហូត​ដល់​ជ្រុល​ដៃ​ប្រើ​ហិង្សា​ចំពោះ​អ្នកមុខអ្នកការ​បរទេស ហេតុ​នេះ​ហើយ​បាន​ជា​ស្ថាប័ន​ដើម្បី​ការ​ផ្សះផ្សា​កូរ៉េ​ទាំង​ពីរ ពិបាក​យក​លោក Kim ធ្វើ​ជា​ត្រី​មុខ៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ HuffPost Korea