ប្រិយមិត្តយល់យ៉ាងណាបើ iPhone 6S និង 6S Plus មានពណ៌ថ្មីមួយពណ៌ទៀត គឺស៊ីជម្ពូ?
ទូរស័ព្ទ iPhone 6 និង 6 Plus របស់ Apple ត្រូវបានសម្ពោធ និងដាក់លក់ មាន៣ពណ៌ គឺពណ៌ប្រាក់ ពណ៌មាស និងពណ៌ប្រផេះ ចំណែករបាយការណ៍នៅពេលនេះ ត្រូវគេរំពឹងថា iPhone ជំនាន់ក្រោយ ដែលអាចមានឈ្មោះ iPhone 6S និង 6S Plus នឹងចេញថែមមួយពណ៌ថ្មីទៀតគឺពណ៌ស៊ីជម្ពូ ឬពណ៌ផ្កាឈូក។
បើយោងតាមរបាយការណ៍ថ្មីៗពីព្រឹត្តិបត្រព័ត៌មាន WSJ ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងចេញ iPhone ជំនាន់ក្រោយមានពណ៌ថ្មីទៀត គឺពណ៌ស៊ីជម្ពូ នៅចុងឆ្នាំ២០១៥ នេះ។ ក្រុមហ៊ុនអេឡិចត្រូនិកដែលមានមូលដ្ឋាននៅអាមេរិកនេះ ត្រូវគេរំពឹងថា នឹងបន្ថែមបច្ចេកវិទ្យា Force Touch នៅលើ iPhone 6S និង 6S Plus ដូចដែល Apple Watch មានដែរ។ មុខងារនេះ មានលក្ខណៈពិសេសអាចឱ្យអ្នកប្រើចុចសង្កត់ (press) ខ្លាំងៗលើអេក្រង់ នោះនឹងមានប្រតិកម្មតបផ្សេងៗ ដូចជាបើកម៉ឺនុយកម្មវិធី និងបើកកម្មវិធីស្ដាប់តន្ត្រី (music app) និងកម្មវិធីជាច្រើនទៀតក៏បាន។
យ៉ាងណា គេពុំទាន់ហ៊ានអះអាងអំពីការរចនារូបរាងរបស់ iPhone 6S និង 6S Plus ថានឹងមានការផ្លាស់ប្ដូរយ៉ាងណា ប្រៀបធៀបនឹងម៉ូដែលបច្ចុប្បន្ននោះទេ។ ប៉ុន្តែគេរំពឹងម៉ូដែល iPhone 6 ស៊េរីក្រោយ នឹងទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីលើអង្គប្រតិបត្តិ និងនៅលើកាមេរ៉ា ហើយក្នុងនោះប្រព័ន្ធប្រតិបត្តិការអាចចេញដល់ iOS 9។ គេរំពឹងថា Apple នឹងប្រកាស iPhone ជំនាន់ថ្មីនៅអំឡុងខែកញ្ញាខាងមុខ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ WSJ, MacRumors