​ឧបទ្ទវហេតុ​​​​យន្តហោះ​ធ្លាក់​​ពាក់ព័ន្ធ​នឹង​ការ​​ធ្វើ​អត្តឃាត​របស់​អ្នកបើកបរ​​មាន​ច្រើន​ករណី​

3/07/2015 0 Comments A+ a-

យន្តហោះ​MH370 ដែលគេសង្ស័យថា ក៏អាចបណ្តាលមកពីការធ្វើអត្តឃាតរបស់អ្នកបើកបរដែរប្រភព៖​ campbelllawobserver.com
ករណី​បាត់ខ្លួន​យន្តហោះ​​MH370 បាន​ធ្វើ​ឲ្យ​ពិភពលោក​នៅ​តែ​បន្ត​តាមដាន​ ត្បិតអី​អ្នកជំនាញ​នៅ​មិនទាន់​រក​ឃើញ​បំណែក​យន្តហោះ​នោះ​នៅ​ឡើយ​ បើ​ទោះបីជា​បាន​រុករក​អស់​ពេល​មួយ​ឆ្នាំ​ហើយ​ក្តី។

ជុំវិញ​មូលហេតុ​​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម​នេះ​កើត​ឡើង គេ​មិន​ទាន់​​អាច​វាយតម្លៃ​ច្បាស់លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ហេតុផល​ថា ​ហេតុការណ៍​នោះ​គឺ​អាច​បណ្តាល​មក​ពី​ការ​ធ្វើ​អត្តឃាត​របស់​អ្នកបើកបរ​ ព្រោះ​​កន្លង​មក​ក៏​មាន​ករណី​បែបនេះ​កើតឡើង​យ៉ាងច្រើន​ផង​ដែរ​។

​​​ខាងក្រោម​នេះ​គឺជា​ករណី​ដែល​អ្នកបើកបរ​យន្តហោះ​ធ្វើ​អត្តឃាត​ក្នុង​ពេល​កំពុង​បើកបរ​៖

១) ករណី​នៅ​ប្រទេស​រុស្ស៊ី​ ឆ្នាំ​១៩៧៦​៖ ​អ្នក​បើកបរ​យន្តហោះ​ម្នាក់​បាន​លួច​យន្តហោះ​ខ្នាត​តូច ​​Antonov 2 biplane ​ហើយ​បាន​ហោះហើរ​ទៅ​​បុក​នឹង​ផ្ទះល្វែង​នៅ​តំបន់ Novosibirsk​ ជាទី​ដែល​អតីត​ប្រពន្ធ (លែងលះ)ខ្លួន​ ​រស់នៅ​។ ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ២​នាក់​ស្លាប់។

២) ករណី​នៅ​ប្រទេស​កូឡុំប៊ី​ឆ្នាំ​១៩៧៩៖​​ បុគ្គលិក​មេកានិច​ម្នាក់​ បាន​ចូល​លួច​យន្តហោះ​យោធា​ HS-748 ​​ក្រោយពេល​រូប​គេ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​។ ​ក្រោយពេល​លូច​បាន​ហើយ​បុគ្គលិក​ម្នាក់​នោះ​ក៏​បាន​ហោះ​ទៅ​បុក​នឹង​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​​Bogota បណ្តាល​ឲ្យ​មនុស្ស​​ ៤​នាក់​បាន​ស្លាប់។

៣) ករណី​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ​១៩៩៤៖ វិស្វករ​យន្តហោះ​ម្នាក់​បាន​លួច​យក​យន្តហោះ Antonov 26​ ពី​មូលដ្ឋានទ័ព​អាកាស​នៅ Kubinka ជិត​ទីក្រុង​មូស្គូ។ ​វិស្វករ​យន្តហោះ​បាន​ហោះ​ក្រឡឹង​ទីក្រុង Kubinka​រហូតដល់​អស់សាំង​ ហើយ​ក៏​បាន​ធ្លាក់​ផ្ទុះ​ស្លាប់​តែម្តង។

៤) ករណី​នៅ​ប្រទេស​ម៉ារ៉ុក​ឆ្នាំ ១៩៩៤៖​ យន្តហោះ​យោធា​មួយ​គ្រឿង​ឈ្មោះATR-42 ​បាន​ហោះ​បុក​​ភ្នំ បន្ទាប់​ពី​ចេញ​ដំណើរ​ពី​ប្រលាន​យន្តហោះ​​បាន​បន្តិច​ បណ្តាល​ឲ្យ​មនុស្ស​​ប្រមាណ​ ៤៤នាក់​បាន​ស្លាប់​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា អាច​បណ្តាល​មក​ពី​ការ​ធ្វើ​អត្តឃាត​របស់​អ្នក​បើក​យន្តហោះ​។

៥) ករណី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ឆ្នាំ ១៩៩៩៖ យន្តហោះ Boeing 737​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ពេល​ធ្វើដំណើរ​ពី​ឥណ្ឌូណេស៊ី​ទៅ​សិង្ហបុរី​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១០៤​នាក់​បាន​ស្លាប់​។ ទាក់ទង​នឹង​ហេតុការណ៍​នេះ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា អ្នកបើកបរ​យន្តហោះ​ប្រហែល​ជា​ធ្វើ​អត្តឃាត ​ដោយ​បាន​បិទ​ប្រអប់​ខ្មៅ​(ជា​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ) មុន​ពេល​បើក​យន្តហោះ​ដាំ​ក្បាល​ចុះក្រោម​​។

៦) ករណី​នៅ​ប្រទេស​បុតស្វាន់ណា​ឆ្នាំ ១៩៩៩៖ ​អ្នកបើកបរ​យន្តហោះ​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ថា ខ្លួន​នឹង​បើក​យន្តហោះ​ATR-42​ទៅ​បុក​នឹង​យន្តហោះ​ផ្សេងទៀត​។ បាន​បន្តិច​ក្រោយ​មក​ ក៏​មាន​ហេតុការណ៍​កើតឡើង​មែន​ដោយ​យន្តហោះ​នោះ​បាន​បុក​ ទៅ​នឹង​យន្តហោះ​ចំនួន​២គ្រឿង​ទៀត​នៅ​ប្រលាន​យន្តហោះ​​ Gaborone​ដែល​ចត​នៅ​ទីនោះ​ ប៉ុន្តែ​មិន​មាន​អ្នក​ផ្សេង​ស្លាប់​នោះ​ទេ គឺ​មាន​តែ​អ្នក​បើកបរ​នោះ​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់។

​​​​​​៧) ករណី​នៅ​អាមេរិក​ឆ្នាំ ១៩៩៩៖ ​​​​​​​យន្តហោះ Boeing 767​របស់​ក្រុមហ៊ុន​អេហ្ស៊ីប​បាន​ធ្លាក់​នៅ​មហា​សមុទ្រAtlantic​ បន្ទាប់​ពី​ចេញ​ដំណើរ​ពី​ប្រលានយន្តហោះ JFK​ក្នុង​ទីក្រុង​ញីវយ៉ក​សហរដ្ឋអាមេរិក​ បណ្តាល​ឲ្យ​មនុស្ស​​ប្រមាណ ២១៧​នាក់​បាន​ស្លាប់។ ​ជុំវិញ​បញ្ហា​នេះ​ក៏​គេ​សន្និដ្ឋាន​ថា បណ្តាល​មកពី​ការ​ធ្វើ​អត្តឃាត​របស់​អ្នកបើកបរ​ដែរ​។


​​៨) ​ករណី​នៅ​ប្រទេស​ណាមីប៊ី៖ ​យន្តហោះ​ដឹក​អ្នកដំណើរ​ERJ-190របស់​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​​​​​ ម៉ូហ្សាមប៊ីក ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ណាមីប៊ី​​​​ពេល​​ហោះហើរ​ពី​ប្រទេស​​ ម៉ូហ្សាមប៊ីក ទៅកាន់​ប្រទេស​​អង់ហ្គោឡា បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​៣៣​នាក់​បាន​ស្លាប់​។ ឆ្លង​កាត់​ការ​ស៊ើបអង្កេត​រួច​មក​ អ្នកជំនាញ​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​គឺ​ស្ថិត​ក្រោម​ចេតនារបស់​អ្នកបើកបរ​យន្តហោះ​៕

ប្រែ​សម្រួល៖រស្មី
ប្រភព៖​ www.bbc.com