ដើមចម៩យ៉ាងដែល​អ្នក​ក្រ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​បាន

3/12/2015 0 Comments A+ a-

ដើមចម ៩យ៉ាងដែលអ្នកក្រមិនអាចធ្វើជាអ្នកមានបានប្រភព៖​ lifespan
គ្មាន​មនុស្ស​ណា​ម្នាក់​កើត​មក​​ចង់​​ឲ្យ​ខ្លួន​ជា​អ្នកក្រ ឬ នៅ​តែ​ក្រ​រហូត​នោះ​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​​ខ្លួន​ក្រ​ហើយ​ លោក​អ្នក​ត្រូវ​ជីកឫសគល់​​​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្លួន​នៅ​តែ​ក្រ?​ តើ​ធ្វើ​ដូចម្តេច​ទើប​រើ​បម្រាស់​​ខ្លួន​ក្លាយ​ជា​អ្នក​មាន​បាន? ខាងក្រោម​នេះ ​គឺ​ជា​មូលហេតុ​ទូទៅ​​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗទៀត​ដែល​គេ​​រក​​ឃើញ​ថា ជា​បុព្វហេតុ​​នាំ​ឲ្យ​​លោក​អ្នក​នៅ​តែ​ជា​ទាសករ​ភាព​ក្រីក្រ​​មិន​អាច​ងើបមុខ​រួច​ក្លាយ​ជា​អ្នក​មាន​បាន។ ​​

១) ចាយ​ប្រាក់​​ខ្ជះខ្ជាយ

ការ​ចាយប្រាក់​ខ្ជះខ្ជាយ​ហួសហេតុ​ហូរ​ដូច​ទឹក​​​​ គឺ​ជា​ឫសគល់​សំខាន់​មួយ​នៅ​ពីក្រោយ​ភាព​ងើប​​មិន​រួច​ពី​ស្ថានភាព​ក្រីក្រ។ នេះ​បញ្ជាក់​ថា លោក​អ្នក​​ខ្វះ​​​យុទ្ធសាស្ត្រ​បែកចែក​ហិរញ្ញវត្ថុ​ហើយ។ ដូច្នេះ ប្រការ​ដ៏​ល្អ​លោក​អ្នក​ត្រូវ​​ប្រញាប់​រួសរាន់​ត្រួតពិនិត្យ​​ប្រាក់​​​ចំណាយ​របស់​​​អ្នក​ឡើង​វិញ​​​ឲ្យ​មាន​ប្រសិទ្ធភាព ឬ អាច​ចំណាយ​​លើ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវការ​ កុំ​ចំណាយ​លើ​អ្វី​ដែល​អ្នក​ចង់​បាន



២) សន្សំ​ប្រាក់​បាន​តិច​


តើ​អ្នក​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​ភាគរយ​នៃ​ប្រាក់​ខែ​របស់​អ្នក? ១០%? ២០%?​​ ចំនួន​​នេះ​មិន​ស្ថិត​​​នៅ​ក្នុង​គោលការណ៍​ទូទៅ​នៃ​​កម្មវិធី​​សន្សំ​ប្រាក់​នោះ​ឡើយ។ ការ​សន្សំ​ប្រាក់​ចាប់​ពី​៣០% ឡើង​គឺ​ជា​រឿង​ល្អ​​អាច​ឲ្យ​លោកអ្នក​រួច​ចេញ​ពី​ក្រញាំ​ភាព​ក្រីក្រ​បាន។​ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់ ​លោក​អ្នក​មិន​ត្រូវ​សន្សំប្រាក់​​ដែល​នៅសល់​ពី​ការ​ចំណាយ​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចាយ​លុយ​ដែល​នៅ​សល់​ពី​​​ការ​​​សន្សំ។ ទឹកប្រាក់​សន្សំ​​​ត្រូវតែ​ជា​​ប្រាក់​អាទិភាព​​មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ប្រាក់ខែ​របស់​អ្នក។​​​

៣) ជំពាក់​​បំណុល​គេ​ច្រើន​ពេក

បើ​លោក​អ្នក​ចំពាក់​បំណុល​គេ​ឡើង​វ័ន​ករ​នោះ នេះ​​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​​​រលាស់ខ្លួន​មិន​រួច​ចេញ​ពី​ភាព​ក្រីក្រ។ ក្នុង​ករណី​លោក​អ្នក​ជំពាក់​ប្រាក់​ធនាគារ​​ចាប់​ពី​ពីរ​កន្លែង​ឡើង​ទៅ​ លោក​អ្នក​​ដាច់ខាត​ត្រូវ​រក​ប្រាក់​ទៅ​បង់​រំលោះ​ក្នុង​ធនាគារ​ណា​មួយ​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​ (មុន​គេ)។​



៤) គ្មាន​គម្រោង​ច្បាស់លាស់

សុបិន្ដ​ចង់​​ក្លាយ​ជា​អ្នក​មាន​គ្រាន់តែ​​ជា​រឿង​ស្រមើស្រមៃ​ប៉ុណ្ណោះ ប្រសិន​បើ​លោក​អ្នក​គ្មាន​គម្រោង​ច្បាស់លាស់​ណា​មួយ​​លើ​ដំណើរ​វិថី​ជីវិត​របស់​ខ្លួន។ នេះ​​អាច​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ និង​ ​មិន​បាន​សន្សំ​ប្រាក​ទុក​សម្រាប់​ខ្លួន​ឯង។ ការដែល​​គ្មាន​​គម្រោង​សម្រាប់​ខ្លួនឯង​ ស្មើ​នឹង​រៀបចំ​​ផ្លូវ​ដើរ​ឲ្យ​ខ្លួនឯង​​​ទៅ​មាត់ជ្រោះ​​បរាជ័យ​ផង​ដែរ។ ​ប្រការ​ដ៏​ល្អ លោក​អ្នក​ត្រូវ​រៀបចំ​គម្រោង​មួយ​ឡើង​ ហើយ​​​ប្រើប្រាស់​ហិរញ្ញវត្ថុ​​​ទៅ​លើ​គម្រោង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។​​​



៥) គ្មាន​ប្រាក់​​​ត្រៀម​ទុក​ក្នុង​ករណី​​​សង្គ្រោះ​បន្ទាន់


អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​ផ្តល់​ដំបូន្មាន​ថា លោក​អ្នក​ត្រូវ​​មាន​ប្រាក់​ទុក​​សម្រាប់​ខ្លួន​ឯង​នៅ​ពេល​មាន​ករណី​បន្ទាន់​ណាមួយ​ស្មើ​នឹង​ចំនួន ​៦​ ខែ​នៃ​ប្រាក់​ខែ​គោល​​របស់​អ្នក។ លោក​អ្នក​ត្រូវ​ដឹង​ថា ​គ្រាអាសន្ន​​ ឬ ស្ថានភាព​ចាំបាច់​ណា​មួយ​នឹង​កើត​​មាន​ចំពោះ​​លោក​អ្នក​នៅ​ថ្ងៃ​ណា​មួយ​ជាក់ជា​មិន​ខាន។ ដូច្នេះ ប្រសិន​បើ​​មាន​ប្រាក់​បំរុង​ទុក​សម្រាប់​ខ្លួន​ឯង​ហើយ​នោះ​ វា​​នឹង​​ជួយ​ការពារ​លោក​អ្នក​មិន​​ឲ្យ​​ធ្លាក់​ខ្លួន​ជា​​កូន​បំណុល​របស់​គេ។​​​



​៦) មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​សន្សំប្រាក់


ការ​សន្សំ​ប្រាក់​មិន​​ទាន់​ពេល​វេលា មិន​ខុស​​អ្វី​​​ពាក្យ​ចាស់​លោក​ពោល​ថា «ចោរលួច​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​ខំរៀន» នោះ​ឡើយ​។ ភាព​យឺតយ៉ាវ​នៃ​ការ​សន្សំ​ប្រាក់​ នឹង​រុញ​ច្រាន​លោក​អ្នក​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​ភាព​ក្រីក្រ ប្រសិន​បើ​​​ករណី​បន្ទាន់​ណា​មួយ​ដូច​បាន​រៀបរាប់​​នៅ​ចំណុច​​ទី៥ កើត​មាន​ឡើង​។ គន្លឹះ​ដ៏​ល្អ ទោះបី​ជា​លោក​អ្នក​រក​ប្រាក់​បាន​​តិច​ឬ ច្រើន​យ៉ាង​ណា​ក៏ដោយ ត្រូវ​ធ្វើ​យ៉ាងណា​សន្សំ​ប្រាក់​​ឲ្យ​បាន ជៀសវាង​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​​ថ្ងៃ​ខាងមុខ។

​​​​​

៧) គិត​តែ​ពី​បច្ចុប្បន្ន​ភាព បំភ្លេច​អនាគតកាល

រក​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​នេះ មាន​ន័យ​ថា ​មាត់​ជ្រោះ​ភាព​ក្រីក្រ​កំពុង​រង់​ចាំ​លោក​​អ្នក។ បើ​លោក​អ្នក​រក​ប្រាក់​សម្រាប់​តែ​ផ្គត់ផ្គង់​នៅ​ថ្ងៃ​នេះ ​ធានា​ថា​លោក​អ្នក​នឹង​ក្លាយ​ជា​​កូន​បំណុល​នៅ​ថ្ងៃ​អនាគត​ជាក់ជា​ពុំខាន។ ត្រូវ​លុប​បំបាត់​ចោល​​ឥរិយាបថ​​ «ទិញ​​មុន​បារម្ភ​​ក្រោយ» ហើយ​ប្រកាន់​យក​​គំនិត «សន្សំ​មុន​​មាន​ក្រោយ​» ឲ្យ​ជាប់​នៅ​ក្នុង​ខ្លួន​ជានិច្ច។



​​៨) បោះ​ពង​មាន់​ល្អ​​​ចូល​ក្នុង​កន្ត្រក​​ស្អុយ​

​លោកអ្នក​ពិត​​រីករាយ​​ពេល​​សន្សំ​ប្រាក់​បាន​ច្រើន​ស្រប​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​ ​សម្រាប់​យក​ទៅ​ប្រើប្រាស់ ឬ វិនិយោគ​លើ​គម្រោង​ណា​មួយ​របស់​ខ្លួន​។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​គិត​ថា ការ​យក​លុយ​សន្សំ​យូរឆ្នាំ​នេះ​​​ទៅ​ប្រើប្រាស់​​ ប្រៀប​ដូច​​​​ជា​បោះ​ពង​មាន់​ល្អ​​​​ចូល​ទៅ​ក្នុង​កន្ត្រក​ស្អុយ​​មួយ​ដូច្នេះ​ដែរ។ អត្ថន័យ​នេះ​ចង់​បញ្ជាក់​ថា លោក​អ្នក​ត្រូវ​ប្រើប្រាស់​​ប្រាក់​ដែល​បាន​សន្សំ​​​​យក​ទៅ​វិនិយោគ​ឲ្យ​បាន​ច្រើន​ទម្រង់ ឬ គម្រោង​ជៀសវាង​បែក​កង់​មួយ​នៅ​កង់​មួយ​ទៀត។

៩) មាន​គំនិត​សុញ​ច្រើន​ គ្មាន​ការ​ប្ដេជ្ញា​ចិត្ត 

​តើ​អ្នក​ធ្លាប់​និយាយ​ពាក្យ​ថា« ខ្ញុំ​រក​លុយ​មិន​បាន​ច្រើន​សោះ! ទំនិញ​សុទ្ធតែ​ឡើង​ថ្លៃ ហើយ​មិន​អាច​ដោះ​បំណុល​គេ​បាន​ទៀត»។ ទាំង​នេះគឺ​​ជា​គំនិត​​សុញ​មួយ​​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ពិបាក​ប្រាស់​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​បាន។ ឈប់​ត្អូញត្អែរ និង ឈប់​យកលេស​សម្រាប់​ខ្លួន​ឯង ហើយ​​​ចាប់ផ្តើម​ប្ដេជ្ញា​ចិត្ត​ដើម្បី​បុព្វហេតុ​​ជីវិត​ឡើង​វិញ​ប្រកប​ដោយ​ទំនួលខុសត្រូវ​ និង​ការ​ផ្លាស់ប្ដូរ​​មួយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ៕

ប្រែសម្រួល៖ ខេវិន​​​
ប្រភព៖​ lifespan