ចំណុច៤ ដែលអតិថិជនចង់បានពីអ្នកបំផុត
តើលោកអ្នកមានកត់សម្គាល់ទេថា មានហាងអាជីវកម្មមួយចំនួនមានអតិថិជនគាំទ្រច្រើន ខណៈដែលហាងអាជីវកម្មមួយផ្សេងទៀតដែលនៅជិតគ្នាបែរជាមិនសូវមានអតិថិជនច្រើនទៅវិញ? នេះវាមិនមែនជារឿងចៃដន្យទេ ព្រោះថាការបម្រើសេវាកម្មរបស់អាជីវកម្មទាំងពីរច្បាស់ជាមានចំណុចខុសគ្នាជាក់ជាមិនខាន។ ការស្វែងរកការគាំទ្រវាមិនមែនជារឿងមួយដែលអ្នកអង្គុយសុកៗ ពួកគេមកគាំទ្រអ្នកនោះទេ ពោលគឺអ្នកត្រូវផ្តល់អ្វីម្យ៉ាងដែលធ្វើឲ្យពួកគេពេញចិត្តពេញថ្លើមបំផុត និង ចង់រកស៊ីជាមួយអ្នកជាហូរហែ។ ខាងក្រោមនេះជាសំនួរ និង ចម្លើយចំនួន៤ ដែលអតិថិជនត្រូវការពីលោកអ្នកបំផុត។
១) តើអ្នកចូលចិត្តពួកគេដែរឬទេ?ចំពោះសំនួរនេះវាមានសារសំខាន់ណាស់សម្រាប់សហគ្រិនដើម្បីបម្រើអតិថិជន។ ជាចិត្តសាស្ត្រនៅពេលដែលអតិថិជនទិញផលិតផល ឬ សេវាកម្មរបស់អ្នក ពួកគេពិតជាចង់ដឹងថា អ្នកពិតជាចូលចិត្តពួកគេដែរឬទេ។ នៅពេលដែលអ្នកបង្ហាញអារម្មណ៍ពេញចិត្តពេញដូចជា ហៅឈ្មោះពួកគេ ស្តាប់ និង បម្រើពួកគេឲ្យអស់ពីចិត្តពីថ្លើម ពួកគេនឹងមានអារម្មណ៍កក់ក្តៅជាមិនខាន។
២) តើអ្នកយកចិត្តទុកដាក់ពួកគេដែរឬទេ?ការបង្ហាញអារម្មណ៍រីករាយរាក់ទាក់ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺអ្នកត្រូវដឹងថា តើអ្នកបានឆ្លើយតបតាមសំនួររបស់ពួកគេបានក្នុងកម្រិតណា? មានអាជីវកម្មខ្លះ គិតតែលក់ផលិតផល មិនគិតពីដំណោះស្រាយបញ្ហារបស់អតិថិជន មានភាពយឺតយ៉ាវក្នុងការឆ្លើយតបពីអ្វីដែលពួកគេចង់បាន មិនយូរមិនឆាប់ ពួកគេនឹងឈប់រកស៊ីជាមួយអ្នកជាមិនខាន។
៣) តើអ្នកបានផ្តល់ទំនុកចិត្តដល់ពួកគេហើយឬនៅ?ជាទូទៅមិនថាប្រភេទអាជីវកម្មយ៉ាងណានោះទេ អតិថិជនតែងសម្លឹងឃើញអាជីវកម្មមួយនៅពេលដែលសេវាកម្ម ឬ ផលិតផលនៃអាជីវកម្មនោះបានផ្តល់ទំនុកចិត្តដល់ពួកគេ។ ទំនុកចិត្តរវាងអ្នកលក់ ទៅកាន់អ្នកទិញនៅត្រង់ថា ផលិតផល ឬសេវាកម្មដែលបានផ្តល់ជូនពិតជា ដូចអ្វីដែលអ្នកលក់សន្យា។ គុណភាព សេវាកម្មល្អ និង ការបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ទំនងរវាងអ្នក និង អតិថិជនកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវផ្តល់ជូនដល់ពួកគេ ដើម្បីទទួលបានភាពជឿជាក់មកវិញ។
៤) តើអ្នកដឹងទេថា អ្នកកំពុងនិយាយពីអ្វី?តាមអ្វីដែលកើតមានជាក់ស្តែង អតិថិជនតែងកត់សម្គាល់អ្នក នៅពេលដែលអ្នក និង អតិជនបានស្វែងយល់ និង ផ្តល់លទ្ធភាពមួយឲ្យគ្នាទៅវិញទៅមក។ បញ្ហាអតិថិជន គឺជាបញ្ហារបស់អ្នក ហេតុដូចនេះបើអាជីវកម្មរបស់អ្នកបានឆ្លើយតប ឬ ដោះស្រាយបញ្ហារបស់ពួកគេបាននៅពេលកន្លងមក វានឹងធ្វើឲ្យអ្នកកសាងទំនុកចិត្តបន្ថែមទៀត។ លើសពីនេះទៅទៀត អ្នកត្រូវចងចាំដែរថា ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចឆ្លើយតបរាល់ចំណុច៤ ខាងលើនេះបាន លុះត្រាតែអ្នកបណ្តុះបណ្តាលជំនាញផ្សេងៗដល់បុគ្គលិកគ្រប់រូបពីរបៀបបម្រើអតិថិជនឲ្យមានល្អជាទីបំផុត ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកមានពន្លឺកាន់តែល្អប្រសើរ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Entrepreneur