មិននឹកស្មានថា ជាប់ឃុំជិត១ឆ្នាំប្រែក្លាយបញ្ញាជនជាន់ខ្ពស់ម្នាក់ ឲ្យក្លាយជាមេចលនាក្រុម ISIS
ខាងក្រោមនេះ ជាអត្ថបទដែលចុះផ្សាយនៅលើទំព័រសារព័ត៌មាន The New York Post អំពីប្រវត្តិរបស់មេចលនា ISIS ដែលពីដំបូងឡើយ ជាបុគ្គលរៀនសូត្រចេះដឹង កម្រិតបញ្ញាជនជាន់ខ្ពស់ ហើយប្រែក្លាយជាមេចលនាភេរវកម្ម។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទើបតែបានបញ្ចេញឯកសារសម្ងាត់អំពីមេចលនា ISIS កាលពីប៉ុន្មានថ្ងៃមុន។ តាមរយៈឯកសារដ៏ថ្មីសន្លាងនេះ គេអាចសិក្សាស្វែងយល់អំពីឫសគល់នៃចលនា ISIS និងមូលហេតុដែលនាំឲ្យមេ ISIS ដែលពីមុនជាបញ្ញាជនមួយរូប បែរជាបែកគំនិតថ្មី ទៅដឹកនាំ ISIS។
អាប៊ូបាកាបាក់ដាឌី (Abu Bakr al-Baghdadi) ជាប្រធានចលនា ISIS ដែលកំពុងតស៊ូដើម្បីឡើងកាន់អំណាចនៅប្រទេសអ៊ីរ៉ាក់ (Iraq) – ស៊ីរី (Syria) និងលីប៊ី (Libya) មានប្រវត្តិជាបញ្ញាជនជាន់ខ្ពស់ (dignified scholar)។ អាប៊ូបាកាបាក់ដាឌី (Abu Bakr al-Baghdadi) ជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ (university administrator) និងជាសាស្ត្រាចារ្យបណ្ឌិត (professor) នៅសាកលវិទ្យាល័យមួយ នៅប្រទេសអ៊ីរ៉ាក់។ ក្រោយមក បុគ្គលរូបនេះបានបែកគំនិតថ្មី (បែកឆ្វេង) ដឹកនាំចលនាប្រដាប់អាវុធបែបភេរវកម្ម។ នេះបើយោងតាមឯកសារផ្ទៃក្នុងជាផ្លូវការរបស់ទីស្ដីការក្រសួងការពារជាតិសហរដ្ឋអាមេរិក (មន្ទីរបញ្ចកោណ the Pentagon)។
ឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណ បានទម្លាយអាថ៌កំបាំងថា តាមពិត Abu Bakr al-Baghdadi ជាបុគ្គលមានឋានៈខ្ពង់ខ្ពស់ និងរៀនសូត្រចេះដឹងកម្រិតខ្ពស់។ បុគ្គលរូបនេះ ជាព្រឹទ្ធបុរសប្រចាំសាកលវិទ្យាល័យ (dean) និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនៅប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ។
ថ្ងៃទី៤ កុម្ភៈ ២០០៤ al-Baghdadi ត្រូវកងទ័ពសហរដ្ឋអាមេរិកចាប់ខ្លួន និងយកទៅឃុំឃាំងនៅក្នុងមន្ទីរ Camp Bucca អស់រយៈពេលជាង ១១ ខែ។ ប៉ុន្តែអាស្រ័យដោយសារ គេមិនអាចរកឃើញធាតុផ្សំ ឬភស្តុតាងថាគាត់បានប្រព្រឹត្តខុសអ្វី គេក៏ដោះលែងមកវិញ ដោយមិនបានចោទប្រកាន់តាមផ្លូវតុលាការអ្វីទាំងអស់។
ថ្ងៃទី៤ កុម្ភៈ ២០០៤ al-Baghdadi ត្រូវកងទ័ពសហរដ្ឋអាមេរិកចាប់ខ្លួន និងយកទៅឃុំឃាំងនៅក្នុងមន្ទីរ Camp Bucca អស់រយៈពេលជាង ១១ ខែ។ ប៉ុន្តែអាស្រ័យដោយសារ គេមិនអាចរកឃើញធាតុផ្សំ ឬភស្តុតាងថាគាត់បានប្រព្រឹត្តខុសអ្វី គេក៏ដោះលែងមកវិញ ដោយមិនបានចោទប្រកាន់តាមផ្លូវតុលាការអ្វីទាំងអស់។
ប្រសិនបើគេពិនិត្យថយក្រោយវិញ ឃើញថាមេចលនា ISIS រូបនេះ មិនបានជាប់ពាក់ព័ន្ធ ឬមានគម្រោងរៀបចំចលនាប្រឆាំងនយោបាយ ឬចលនាប្រដាប់អាវុធបែបភេរវកម្មអ្វីទាំងអស់ កាលពីមុនជាប់ឃុំ។ ប៉ុន្តែបន្ទាប់ពីចេញពីឃុំវិញ គាត់ក៏បែកគំនិតថ្មី រហូតក្លាយជាប្រធានក្រុម ISIS។ សូមបញ្ជាក់ថា មន្ទីរឃុំឃាំង Camp Bucca មានអ្នកជាប់ឃុំសរុបដប់ម៉ឺននាក់។ ក្នុងចំណោមអ្នកទាំងនោះ ក្រោយពេលគេដោះលែងវិញ អ្នកខ្លះបែកគំនិតថ្មី ក្លាយជាអ្នកសើរើនិយម (radicalism)។ នេះបើយោងតាមសារព័ត៌មាន The Washington Post។
ប្រភពខ្លះទៀតក៏បានសំដែងកង្វល់ស្រដៀងគ្នានេះដែរ។ ដូចដែលលោក James Skylar Gerrond ជាអ្នកគ្រប់គ្រងមន្ទីរឃុំឃាំង Camp Bucca សរសេរនៅលើបណ្ដាញសង្គម Twitter កាលពីខែកក្កដា ឆ្នាំ២០០៤ថា៖ យើងខ្ញុំ ដែលជាអ្នកមើលការខុសត្រូវមន្ទីរឃុំឃាំង Camp Bucca ព្រួយបារម្ភខ្លាំងមែនទែន ព្រោះកាលណាយើងចេះតែចាប់មនុស្សដាក់ឃុំ ដោយគ្មានហេតុផលបែបនេះ វាធ្វើឲ្យអ្នកជាប់ឃុំមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ហើយក្លាយជាមនុស្សជ្រុលនិយម (extremists)។ តាមការស្រាវជ្រាវ បង្ហាញថា ក្នុងចំណោមគណៈគ្រប់គ្រងរបស់ក្រុមជ្រុលនិយម ISIS គឺមាន ៩ នាក់ធ្លាប់ជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំង Camp Bucca។
តាមពិត Al-Baghdadi ជាបុគ្គលដែលគេមិនសូវដឹងប្រវត្តិសាវតារឲ្យបានលម្អិតទេ កាលពីមុនឆ្នាំ២០១០។ ប៉ុន្តែតាមរយៈរបាយការណ៍យ៉ាងពិស្ដាររបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកនេះ គេអាចសិក្សាស៊ីជម្រៅអំពីឫសគល់ – ដំណើរដើមទង ក៏ដូចជាការចាប់កំណើតចលនា ISIS តើបណ្ដាលមកពីអ្វី? ចលនានេះចាប់កំណើតនៅប្រទេសអ៊ីរ៉ាក់ – ស៊ីរី និងលីប៊ី។ ប្រសិនបើ គេបកស្រាយមិនច្រឡំទេ មូលហេតុមួយ ក្នុងមួលហេតុនានា ដែលនាំឲ្យ Abu Bakr al-Baghdadi សម្រេចចិត្តដឹកនាំចលនា ISIS គឺបណ្ដាលមកពីការឈឺចាប់ផ្លូវចិត្ត ដែលត្រូវជាប់ឃុំទាំងខ្លួនមិនបានប្រព្រឹត្តខុស។ ម្ល៉ោះហើយ ចេញពីមន្ទីរឃុំឃាំង បែកគំនិតថ្មី៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The New York Post , The Daily Mail , Business Insider , NBC