អាថ៌កំបាំងរបស់មេដឹកនាំផ្ដាច់ការអាល្លឺម៉ង អ៊ីទ្លែ ដែលលោកអ្នកមិនបានដឹង
- អ៊ីទ្លែចូលចិត្តបរិភោគសូកូឡា ហើយបរិភោគប្រចាំថ្ងៃតែម្ដង។ ថ្ងៃខ្លះ លោកបរិភោគសូកូឡាជិតមួយគីឡូក្រាម។
- អ៊ីទ្លែកើតជំងឺហ្គាសច្រើនក្នុងពោះវៀនធំ និងជំងឺរលាកថ្លើម។
- តាមពិត ពុកមាត់របស់អ៊ីទ្លែ ជាពុកមាត់ពាក់ ( false mustache)។ តារាកំប្លែងរបស់អង់គ្លេស ឆាលីឆេបភ្លីន ហៅសាក់ឡូ (Charlie Chaplin) ក៏ពាក់ពុកមាត់របៀបនេះដែរ។ គេមិនដឹងថាតើសាក់ឡូ ឬអ៊ីទ្លែពាក់ពុកមាត់នេះមុនគេ។ ឯកសារខ្លះអះអាងថាមូលហេតុដែលសាក់ឡូ ពាក់ពុកមាត់ ដើម្បីកុំឲ្យច្រឡំគ្នាជាមួយអ៊ីទ្លែ។ ពុកមាត់នេះមានឈ្មោះថា «toothbrush mustache»។ នាពេលបច្ចុប្បន្ន មេដឹកនាំមួយចំនួនក៏មានពុកមាត់នេះដែរ ហើយគេមិនដឹងថាអស់លោកទាំងនោះពាក់ ឬពុកមាត់ធម្មជាតិទេ ដូចជាប្រធានាធិបតីហ្ស៊ីមបាវ៉េ (Zimbabwe) លោករ៉ូបឺតមូហ្កាបេ (Robert Mugabe) – ប្រធានាធិបតីស៊ីរី (Syria) លោកបះសាអាល់អាសាត (Bashar al-Assad)។ល។ (ប្រភព៖ BBC និងប្រវត្តិវិទូ Ron Rosenbaum)។
អ៊ីទ្លែ (ឆ្វេង) – សាក់ឡូ (ស្ដាំ) (ប្រភព៖ pixgood.com)
- អ៊ីទ្លែជាមនុស្សដែលត្រូវប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ និងក្នុងបរិមាណច្រើនលើសលប់ ដែលគេមិននឹកស្មានដល់។ អ៊ីទ្លែលេបថ្នាំពេទ្យ ៧០ មុខ។ ថ្នាំដែលអ៊ីទ្លែលេបប្រចាំថ្ងៃគឺអំហ្វេតាមីន (amphetamine) ព្រោះធ្វើឲ្យមានអារម្មណ៍ក្លៀវក្លា និងមិនងងុយដេក។ ដោយសារលោកកើតជំងឺមួយប្រភេទ ដែលបណ្ដាលឲ្យចុករមួលក្នុងពោះវៀនធំរ៉ាំរ៉ៃ អ៊ីទ្លែត្រូវលេបថ្នាំ Mutaflor ជាប្រចាំ ដើម្បីកាត់បន្ថយការឈឺចាប់។
អ្នករៀនមិនពូកែគួរតែទៅរកស៊ីទៅល្អជាង!
- អ៊ីទ្លែជាមនុស្សដែលត្រូវការប្រើប្រាសឱសថជាប្រចាំ។ ឱសថចម្លែកៗដែលអ៊ីទ្លែបានប្រើដូចជា៖ ១- Brom-Nervacit ជាថ្នាំសម្រាប់ទប់ទល់នឹងជំងឺធ្លាក់ទឹកចិត្ត (depression) – ជំងឺរំជួលចិត្ត (anxiety) – និងជំងឺគេងភ្ញាក់ៗ (sleep disorder) ២- ថ្នាំចាក់ប្រភេទ Eukodal ផ្សំអំពីសារធាតុញៀនប្រភេទម័រហ្វីន (morphine) និងមេជីវិតរបស់គោឈ្មោល ដើម្បីបង្កើតអ័រម៉ូនបន្តពូជបុរស (testosterone) ៣- ថ្នាំ Nikethamide និង Cardiazol សម្រាប់ទប់ទល់កុំឲ្យហត់ ព្រោះវាពង្រីកថាមពលរបស់សួត និងសម្រួលចលនាឈាមរត់ ៤- ថ្នាំ Pervitin ផ្សំអំពីសារធាតុញៀនប្រភេទមេតំហ្វេតាមីន (meth-amphetamine) ធ្វើឲ្យមនុស្សមានចិត្តក្លៀវក្លា។ ថ្នាំ Pervitin ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ពនៅសមរភូមិមុខ (front line) ហេតុនេះហើយបានជាកងទ័ពអាល្លឺម៉ង់ មានថាមពលខ្លាំងក្លាទាំងថាមពលចិត្ត និងថាមពលកាយ និងមិនចាំបាច់ត្រូវការដេកពួនអ្វីទាំងអស់។ (ប្រភព៖ independent.co.uk និង .telegraph.co.uk)
- អ៊ីទ្លែយកចិត្តទុកដាក់ខ្លាំងចំពោះក្មួយស្រីបង្កើតឈ្មោះ Geli Raubal រហូតដល់មានពាក្យចចាមអារ៉ាមថាលោកស្រឡាញ់ក្មួយស្រីខ្លួនឯង។ អ៊ីទ្លែហាមដាច់ខាត មិនឲ្យក្មួយស្រីរូបនេះ រាប់អាន ឬប្រាស្រ័យទាក់ទងជាមួយអ្នកណាទាំងអស់។ អាយុ ២៣ ឆ្នាំ ក្មួយស្រីធ្វើអត្តឃាត។ អ៊ីទ្លែមិនមានប្រពន្ធទេ ប៉ុន្តែមានសង្សារឈ្មោះអេវ៉ាប្រោន (Eva Braun)។
អ៊ីទ្លែជាមួយអេវ៉ាប្រោន (ឆ្វេង) – អ៊ីទ្លែជាមួយក្មួយស្រី (ស្ដាំ) (ប្រភព៖ BBC)
- ទម្លាប់របស់អ៊ីទ្លែ គឺមិនដោះអាវជាដាច់ខាត រហូតដល់សូម្បីតែពេលគ្រូពេទ្យត្រូវការចាក់ថ្នាំ និងពិនិត្យសុខភាព ក៏អ៊ីទ្លែមិនដោះសម្លៀកបំពាក់ចេញជាដាច់ខាត។ ទោះស្ថិតនៅក្រោមអាកាសធាតុក្ដៅយ៉ាងណាក៏មិនដោះអាវធំចេញដែរ។
- កាលនៅពីក្មេង នៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស (Austria) អ៊ីទ្លែលួចស្រឡាញ់ក្រមុំជនជាតិជ្វីបម្នាក់ឈ្មោះ Stefanie Rabatsch ប៉ុន្តែគាត់មិនហ៊ានមើលមុខគេចំទេ បានត្រឹមសម្លឹងពីចម្ងាយ។ ដោយសារស្រឡាញ់គេខ្លាំងពេកដល់ថ្នាក់រៀបគម្រោងចាប់នាងនោះទៅបង្ខាំងទុក ហើយលោតពីលើស្ពានពីរនាក់នាងនោះសម្លាប់ខ្លួនតែម្ដង (គ្រាន់តែជាក្ដីស្រមៃ)។ (ប្រភព៖ សៀវភៅ Adolf Hitler, My Childhood Friend របស់លោក August Kubizek ជាមិត្តភក្ដិជិតស្និទ្ធរបស់អ៊ីទ្លែកាលពីក្មេង)
- អ៊ីទ្លែជាមនុស្សដំបូងគេក្នុងពិភពលោក ដែលនឹកឃើញការផលិត «មនុស្សជ័រសម្រាប់រួមរ័ក – sex toy» សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ពអាល្លឺម៉ង់ ដើម្បីបង្ការការឆ្លងមេរោគស្វាយ (syphilis)។ អ៊ីទ្លែនឹកឃើញវិធីនេះ បន្ទាប់ពីមេទ័ពរបស់លោករាយការណ៍ថាកងទ័ពអាល្លឺម៉ង់កាលពីសម័យសង្គ្រាមលោកលើកទីពីរ ឆ្លងមេរោគស្វាយក្នុងអត្រាខ្ពស់។ នេះជាលទ្ធផលនៃការស្រាវជ្រាវរបស់លោក Graeme Donald ដែលប្រមូលចងក្រងឯកសារស្ដីពីប្រវត្តិនៃមនុស្សជ័រ ឬកូនក្រមុំកៅស៊ូ (barbie doll)៕ (ប្រភព៖ http://www.dailymail.co.uk)
អ្នកតុបតែង កំពុងពាក់ពុកមាត់ឲ្យអ៊ីទ្លែ (ប្រភព៖ BBC)
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Independent , telegraph , BBC , Daily Mail