ប្លែកៗ! ជីករូងក្រោមដីលួច iPhone 6 បាន២៤០គ្រឿងនៅចិន
បុរសបីនាក់ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ពីបទបានលួចទូរសព្ទម៉ូដែល iPhone 6 ចំនួន២៤០គ្រឿង។
រូបតំណាង
ប៉ូលិសបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ពួកគេបានឃាត់ខ្លួនបុរសចំនួនបីនាក់ដែលបានជីករូងក្រោមដីចូលទៅក្នុងឃ្លាំងស្ដុកទំនិញ និងបានលួចទូរសព្ទ iPhone 6 ចំនួន២៤០គ្រឿង។ នោះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មាន Xinhua ដែលបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញ។
ទូរសព្ទដែលត្រូវបានលួចនោះគឺសរុបជាទឹកប្រាក់ប្រហែលជា ២២៨ ៤៩៦ដុល្លារសហរដ្ឋអាមេរិក។ ភ្នាក់ងារព័ត៌មាន Xinhua ដដែលបានឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ក្នុងចំណោមនោះ ដែលមាននាមត្រកូលថា Chang បានស្គាល់ឃ្លាំងទុកទូរសព្ទនោះ ដោយសារតែគាត់ធ្លាប់បម្រើការជាអ្នកបើកបរឲ្យក្រុមហ៊ុនមួយ ដែលជាម្ចាស់ឃ្លាំងផ្ទុកទូរសព្ទ។ បុរសនោះបានប្រាប់ថា គាត់បានចូលទៅក្នុងឃ្លាំងនោះតាមរន្ធដែលមានទំហំកន្លះម៉ែត្រ ដែលពួកគេបានជីកតាមជញ្ជាំងកាលពីថ្ងៃទី១២ និង១៣ខែធ្នូកន្លងមក។
Xinhua បានបន្ថែមទៀតថា លុយបានពីការលក់ទូរសព្ទទាំងនោះ ត្រូវជនសង្ស័យទាំងបីនេះចំណាយទៅលើការទិញរថយន្ត មាស និង លេងល្បែង។
បុរសទាំងបីនាក់នេះគឺត្រូវបានឃាត់ខ្លួននៅចុងខែមុន។ ប៉ូលិសបានរកឃើញពួកគេដោយធ្វើការតាមដានទៅលើ Serial numbers របស់ iPhone ដែលត្រូវបានលួចនោះ៕
ប្រែសម្រួល៖ សំនៀង
ប្រភព៖ yahoo