លោក ស៊ូប៊ែឌី ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលបង្កើតស្ថាប័នឯករាជ្យទទួលពាក្យបណ្តឹងប្រជាពលរដ្ឋ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី បានផ្តល់ជាអនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតគណៈកម្មការឯក រាជ្យរបស់នគរបាល សម្រាប់ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំពោះមន្ត្រីនគរបាលដែលបានបំពានទៅលើពួកគាត់។
នៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់បេសកកម្ម៦ឆ្នាំរបស់លោកនៅកម្ពុជា កាលពីម្សិលមិញ លោក សុរិយា ស៊ូប៊ែឌី លើកឡើងថា ដោយសារ កន្លងមកមានការខ្វះខាតក្នុងការស៊ើបអង្កេតទៅលើការសកម្មភាពរបស់នគរ បាលដែលបានរំលោភទៅលើបទដ្ឋាននានា រួមទាំងការបាញ់ប្រហារកាលពីឆ្នាំទៅ និងករណីរំលោភផ្សេងៗទៀតដែលបានកើតឡើងកន្លងមកនេះ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តរបស់ខ្លួនទៅលើកម្លាំងនគរបាល ។ លោកថា ការបង្កើតបង្កើតគណៈកម្មការនគរបាលទទួលពាក្យបណ្តឹងឯករាជ្យមួយ អាចជួយស្តារឡើងវិញនូវទំនុកចិត្តរបស់ប្រពលរដ្ឋចំពោះកម្លាំងនគរបាល ។
លោក ស៊ូប៊ែឌី បន្តថា គណៈ កមកម្មការនេះ អាចទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរំលោភបំពានរបស់ នគរបាលទៅលើពួកគាត់ ដោយធ្វើការស៊ើបអង្កេតទៅលើពាក្យបណ្តឹងទាំងនោះ លើកជាសំណើសុំឲ្យមានការកែទម្រង់សេវាកម្មនគរបាល ឬក៏អាចបញ្ជូនករណីទាំងនោះទៅកាន់តុលាការក្នុងករណីចាំបាច់ ។
VOD មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាលបាននៅឡើយទេ ដោយអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា បានបង្វែរសំណួររទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិវិញ ខណៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ មិនលើកទូរសព្ទ ។
លោក សុរិយា ស៊ូប៊ែឌី ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០០៩ ។ លោកបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន១២លើក និងបានធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ។ លោកនឹងត្រូវបញ្ចប់មុខតំណែងនេះនៅក្នុងខែមីនា ឆ្នាំ២០១៥ នៅពេលអ្នកជំនួសថ្មីត្រូវបានតែងតាំង ៕ ប្រភពៈ VOD