រដ្ឋាភិបាលថៃ៖ អាមេរិកមិនគួររិះគន់ខ្លួនឡើយ ព្រោះនាំឲ្យប្រជាជនថៃទាំងមូលឈឺចាប់ក្នុងចិត្ត
រដ្ឋាភិបាលថៃ កាលពីថ្ងៃពុធ បានបង្ហាញពីការមិនសប្បាយចិត្តទៅនឹង សហរដ្ឋអាមេរិកដែលបានរិះគន់លើរដ្ឋាភិបាលយោធាខ្លួន ហើយព្រមានថា អាមេរិកមិនគួរធ្វើបែបនេះឡើយ ព្រោះនាំឲ្យប្រជាជនថៃទាំងមូលមានការឈឺចាប់ក្នុងចិត្ត។
ប្រតិកម្មពីរដ្ឋាភិបាលថៃបែបនេះ គឺក្រោយពេល ដែលលោក Daniel Russel ជាជំនួយការ រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃចន្ទ បានជំរុញឲ្យរដ្ឋាភិបាលកែទម្រង់ និង ឈានទៅបញ្ចប់ច្បាប់យោធា។
ការលើកឡើងបែបនេះហើយ ធ្វើឲ្យរដ្ឋាភិបាលថៃ មិនសប្បាយចិត្តឡើយ ហើយថាវាធ្វើឲ្យប្រជាជនថៃ មានការឈឺចាប់ក្នុងចិត្ត ព្រោះតែពាក្យសម្ដីនេះ។
សូមបញ្ជាក់ថា ថៃ និង អាមេរិក ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តជាយូរមកហើយនោះ ហាក់មានភាពតានតឹងជាមួយគ្នា ចាប់តាំងពី ក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាល លោក ស្រី យីងឡាក់ (Yingluck ) កាលពីខែមិនា ឆ្នាំ ២០១៤ កន្លងទៅ។ ដោយសារតែបញ្ហានេះហើយ រដ្ឋាភិបាលអាមេរិកបានផ្អាកផ្តល់ជំនួយដល់ប្រទេសថៃ គិតជាទឹកប្រាក់ប្រមាណ ៤,៧ លានដុល្លារអាមេរិកផងដែរ។
កាលពីសបា្តហ៍មុន របបយោធាថៃ បានដាក់បំរាមមិនឲ្យលោក ស្រី យីងឡាក់ ( Yingluck) ប្រឡូកក្នុងឆាកនយោបាយចំនួន ៥ ឆ្នាំ ហើយ លោក ស្រី អាចនឹងជាប់ពន្ធនាគារ១០ ឆ្នាំ ក្នុងបទចោទប្រកាន់ អំពីអំពើពុករលួយ៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ reuters.com