ទឹក​អង្ករ​​ជួយ​ឲ្យ​ស្បែក​មុខ​ស​ថ្លា​ស្អាត​បែប​ធម្មជាតិ ១០០% មិន​បាច់​ប្រើ​ឡេ​គីមី

1/27/2015 0 Comments A+ a-

អង្ករ​ជា​អាហារ​សម្បូរ​អាមីដុង​ចាំបាច់​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ​ មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន។ ស្រូវ​ក្លាយ​ជា​អង្ករ អង្ករ​ក្លាយ​ជា​បាយ សុទ្ធ​តែ​​មាន​អត្ថប្រយោជន៍​ដល់​ជីវិត​មនុស្ស​សត្វ​​ទាំង​អស់។ ឯ​ទឹក​អង្ករ​ដែល​យើង​លាង​ជម្រះ​មុន​ពេល​ដាំ​បាយ​ទៀត​សោត ក៏​ផ្ដល់​គុណសម្បត្តិ​យ៉ាង​ធំ​ធេង​សម្រាប់​ស្បែក​មុខ​នារីៗ។

washing face

ការ​ពិត​ទៅ ដើម​ចម​នៃ​ការ​ទាញ​យក​ប្រយោជន៍​ពី​ទឹក​អង្ករ​នេះ មាន​ប្រភព​ចេញ​ពី​ស្រីៗ​ជប៉ុន​តែ​ម្ដង ជា​ពិសេស​កសិករ។ ​

គុណ​ប្រយោជន៍​៖

១. មាន​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ដែល​មាន​នៅ​នឹង​ស្បែក និង​ការពារ​ជំងឺ​ស្បែក
២. ជួយ​ដាស់ ឬ​បង្កើត​កោសិកា​ថ្មី​លើ​ស្បែក​ដែល​ងាប់
៣. មាន​សារធាតុ​ដែល​ជួយ​បំប៉ន​ដល់​ពណ៌​ស្បែក​មុខ​កាន់​តែ​ស និង​អាច​ឲ្យ​ស្បែក​ការពារ​នឹង​កាំរស្មី​អ៊ុលត្រាប៊ីយ៉ូឡេត​របស់​ព្រះ​ អាទិត្យ​បាន។ មូលហេតុ​នេះ ទើប​កសិករ​ជប៉ុន ប្រើ​ទឹក​អង្ករ​លាង​ស្បែក​ខ្លួន មុន​ពេល​ចុះ​ស្រែ ឬ​ចម្ការ។
៤. មាន​វីតាមីន E (ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ) ដែល​ជួយ​ឲ្យ​ស្បែក​កាន់​តែ​ទន់​ល្មើយ តឹង និង​ក្មេង​ជាង​វ័យ។

វិធី​ប្រើ៖

rice water

១. ត្រង​យក​ទឹក​អង្ករ​ដែល​លាង​ពេល​ដាំ​បាយ​ជា​ប្រចាំ​ថ្ងៃ ដាក់​ក្នុង​កូន​ចាន​ចង្កឹះ ឬ​ដប។
២. យក​ទឹក​អង្ករ​ដែល​ត្រង​បាន ទៅ​ដាក់​ក្លា​សេ​ក្នុង​ធុង ឬ​ទូទឹកកក​ឲ្យ​ត្រជាក់។
៣. មុន​ពេល​លុប​លាង​មុខ អ្នក​ត្រូវ​លាង​មុខ​នឹង​ទឹក​ធម្មតា​ឲ្យ​ជ្រះ​ដី​ធូលី​ស្អាត​សិន។ បន្ទាប់មក យក​កូន​កន្សែង​ស្អាត​ជ្រលក់​ទឹក​អង្ករ​ត្រជាក់ និង​ពួត​បន្តិច មក​ជូត​លើ​ផ្ទៃ​មុខ​ថ្នមៗ​មួយ​សន្ទុះ។ អ្នក​អាច​ទុក​ឲ្យ​ទឹក​អង្ករ​ជាប់​លើ​ផ្ទៃ​មុខ​ស្ងួត​ដោយ​ខ្លួន​ឯង​ក៏​បាន ឬ​ក៏​យក​កន្សែង​ស្ងួត​ជូត​ក៏​បាន។ ធ្វើ​ដូច​នេះ​ជាតិ​ខ្លាញ់​ជាប់​នឹង​ផ្ទៃ​នឹង​មុខ​អ្នក នឹង​អស់​ជា​មិន​ខាន។




មួយ​ថ្ងៃ​លាង​ពីរ​ដង គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ធានា​ថា ក្នុង​រយៈពេល ១ ខែ អ្នក​នឹង​ដឹង​​លទ្ធផល​ជា​មិន​ខាន។ នេះជា​វិធី​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​រក្សា​ស្បែក​មុខ​អ្នក​បាន ជាជាង​ការ​ប្រើ​ឡេ​​ដែល​មាន​​សារធាតុ​គីមី​មក​លុប​លាង​មុខ​ដែល​ផ្ទុយ​ទៅ​វិញ បំផ្លាញ​ស្បែក​ខ្លួន​ឯង​នា​ពេល​អនាគត៕


ដោយ៖ សុផាត
ប្រភព៖ foodtrients