មហាយក្ស​អាស៊ី​​ ​​កំពុង​សម្ងំ​ផលិត «​គ្រាប់​បរមាណូ​ហ្វូង» ​​ស្ងាត់ៗ​មិន​ឲ្យ​គេ​​ដឹង

1/08/2015 0 Comments A+ a-

ចិន​ និង​ឥណ្ឌា​សម្ងំ​ផលិត​គ្រាប់​បរមាណូ​ហ្វូង - MIRVប្រភព៖​ forbesindia.com និង metromasti.com
ខាង​ក្រោម​នេះ​ជា​បទ​វិភាគ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី the National Interests ស្ដីពី​អាវុធ​ប្រភេទ​ថ្មី ដែល​ប្រទេស​ចិន និង​ឥណ្ឌា ដែល​ជា​ប្រទេស​បច្ចាមិត្ត​​ កំពុង​អភិវឌ្ឍ​ដោយ​ស្ងាត់ៗ ជា​លក្ខណៈ «សម្ងំ​យក​ពិស»។ ​កាល​ពី​មុន​ គេ​ធ្លាប់​ឮ​តែ​ «កាំជ្រួច​ហ្វូង» ធុន​ BM21 ឬ​ M270 ប៉ុន្តែ​អាវុធ​ថ្មី​នេះ​ជា​ «បរមាណូ​ហ្វូង» ដែល​ប្រទេស​ចិន និង​ឥណ្ឌា​កំពុង​អភិវឌ្ឍ​ដោយ​ស្ងាត់ៗ គ្មាន​អ្នក​ណា​ដឹង គឺ​មាន​តែ​ភ្នាក់​ងារ​ចារកម្ម​ប៉ុណ្ណោះ​ដែល​អាច​ប្រមូល​ព័ត៌មាន​នេះ​បាន។ សូម​អស់​លោក​អ្នក​តាម​ដាន​បទ​វិភាគ​នេះ​ដូច​ខាង​ក្រោម។

ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េខាងជើង កំពុង​ជាប់​សង្ស័យ​ពី​បទ​ផលិត​អាវុធ​បរមាណូ​ស្ងាត់ៗ។ ព័ត៌មាន​នេះ​ត្រូវ​គេ​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល។ ប៉ុន្តែ​នៅ​មាន​ប្រទេស​អាថ៌កំបាំង​ពីរ​ទៀត ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ ហើយ​ដែល​កំពុង​សម្ងំ​អភិវឌ្ឍ​កម្មវិធី​បរមាណូ​របស់​ខ្លួន​ជា​បណ្ដើរ ដែល​កម្លាំង​បរមាណូ​របស់​ខ្លួន​គឺ​មាន​អនុភាព​ខ្លាំង​ក្លា​បំផុត នោះ​គឺ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា។

...សង្គ្រាម​លោក​លើក​ទី​បីអាច​នឹង​​ផ្ទុះ​​ឡើង​នៅ​តំបន់​៥ នេះ​!...

នៅ​ពេល​នេះ ចិន​និង​ឥណ្ឌា កំពុង​ដាក់​ពង្រាយ​យាន​យន្ត សម្រាប់​ដំឡើង​ប្រព័ន្ធ​បរមាណូ​មួយ​ប្រភេទ​ដែល​ហៅ​តាម​ភាសា​បច្ចេកទេស «multiple independently targetabel reentry – MIRV» នៅ​លើ​ក្បាល​គ្រាប់​មីស៊ីល​អន្តរទ្វីប (ballistic missile)។ អាវុធ​ទាំង​នេះ ប្រសិនបើ​ត្រូវ​គេ​ប្រើ​ប្រាស់​នៅ​លើ​សមរភូមិ​ជាក់​ស្ដែង អាច​នឹង​បង្ក​វិនាសកម្ម​ធំធេង​នៅ​ក្នុង​តំបន់ (អាស៊ី​ខាងត្បូង និង​អាស៊ី​បូព៌ា) និង​តំបន់​ដទៃ​ទៀត។

អាវុធ​តាម​បច្ចេកវិទ្យា MIRV អាច​ផ្ទុក​ក្បាល​គ្រាប់​បរមាណូ​ច្រើន​គ្រាប់​ក្នុង​បំពង់​តែ​មួយ ហើយ​អាច​បាញ់​គោលដៅ​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​លក្ខណៈ​ «គ្រាប់​បរមាណូ​ហ្វូង»។ ​អតុល្យភាព​រវាង​កម្លាំង​ការពារ និង​កម្លាំងវាយ​លុក​នឹង​កើត​មាន​ឡើង ប្រសិនបើ​គេ​ប្រើ​ប្រព័ន្ធ​ការពារ​ធម្មតា​ៗ ដូច​សព្វមួយ​ដង។ ចំណុច​ទី​មួយ MIRV តែ​មួយ​គ្រាប់​អាច​កម្ទេច​ក្លាយ​ជា​ផេះ នូវ​តំបន់​ស្តុក​ទុក​អាវុធ​បរមាណូ​របស់​បច្ចាមិត្ត​ច្រើន​កន្លែង​ដំណាល​គ្នា​តែ​ម្ដង។ រីឯ​ចំណុច​ទីពីរ គ្រាប់​មីស៊ីល​ដែល​ត្រូវ​បាញ់​ដើម្បី​ទប់​ស្កាត់​មីស៊ីល MIRV នេះ មិន​មែន​បាញ់​មួយ​គ្រាប់​អាច​ទប់​ស្កាត់​បាន​នោះ​ទេ គឺ​ត្រូវ​បាញ់​ច្រើន​គ្រាប់។ ដូចនេះ កម្រិត​បំផ្លាញ​របស់​វា​ខ្ពស់​ជាង​កម្រិត​ធម្មតា។
និយាយ​តាម​មួយ​បែប​ទៀត MIRV របស់​ចិន​និង​ឥណ្ឌា​នេះ មាន​អនុភាព​ខ្លាំង​ក្លា​បំផុត អាច​បង្ក​វិនាស​កម្ម​យ៉ាង​ធំធេង​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក ព្រោះ​សមត្ថភាព​វាយ​ប្រហារ​របស់​អាវុធ​នេះ​ជា​លក្ខណៈ​ផ្លេកបន្ទោរ។ 

​ប្រសិនបើ​ចិន​និង​ឥណ្ឌា​មាន​សព្វាវុធ​ប្រភេទ​នេះ​នៅ​ក្នុង​ដៃ ប៉ះពាល់​ប្រទេស​មហាអំណាច​ណា​ខ្លះ?
​នៅ​ពេល​ដែល​ចិន​និង​ឥណ្ឌា​អាច​ផលិត​ MIRV បាន​សម្រេច និង​មាន​អាវុធ​នេះ​នៅ​ក្នុង​ដៃ​ភ្លាម មិន​មែន​តែ​សហរដ្ឋ​អាមេរិក​ទេ ដែល​ប៉ះពាល់ សូម្បី​តែ​ប្រទេស​រុស្ស៊ី​ក៏​ព្រួយ​បារម្ភ​ផង​ដែរ។ ដំបូង​គេ​បំផុត គឺ​ប្រទេស​ប៉ាគីស្ថាន។ ដូចនេះ ចំណាត់​ការ​បឋម​គឺ​ប៉ាគីស្ថាន នឹង​ពង្រីក​សមត្ថភាព​អាវុធ​បរមាណូ​របស់​ខ្លួន​ឲ្យ​ខ្លាំង​ក្លា​ជាង​មុន​មួយ​កម្រិត​ទៀត។ 

​ប្រទេស​រុស្ស៊ី​ក៏​រង​សម្ពាធ​ពី​អាវុធ​នេះ​ដែរ។ កុំ​ភ្លេច​ថា​ចាប់​តាំង​ពី​ការ​បំបែក​ខ្លួន​របស់​អតីត​សហភាព​សូវៀត ហើយ​ក្លាយ​ជា​ប្រទេស​រុស្ស៊ី គឺ​កម្លាំង​ធំ​របស់​រុស្ស៊ី​ស្ថិត​នៅ​លើ​អាវុធ​បរមាណូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ នៅ​ក្នុង​កែវភ្នែក​របស់​ថ្នាក់​ដឹក​នាំ​រុស្ស៊ី អាវុធ MIRV របស់​ចិន​នេះ​នឹង​ជួយ​ប្រទេស​ចិន​មាន​កម្លាំង​បន្ថែម​ទៀត ស្រប​ពេល​ដែល​ចិន​កំពុង​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​ការពារ​ជាតិ។ បច្ចុប្បន្ន ប្រទេស​រុស្ស៊ី​មាន​អាវុធ​បរមាណូ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​ជាង​ប្រទេស​ចិន។ ប៉ុន្តែ​ប្រសិនបើ​ចិន​អាច​អភិវឌ្ឍ MIRV បាន​សម្រេច​ពេល​ណា ពេល​នោះ​អនុភាព​យោធា​របស់​រុស្ស៊ី​នឹង​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស។ 

​សរុប​សេចក្ដី​មក ពិភពលោក​តែង​តែ​ដាក់​ការ​សង្ស័យ និង​បារម្ភ​អំពី​កម្មវិធី​អាវុធ​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េខាងជើង ប៉ុន្តែ​គេ​មិន​បាន​ដឹង​អំពី​ទំហំ​ពិត​ប្រាកដ​របស់​អាវុធ​ប្រភេទ​ថ្មី​របស់​ចិន​និង​ឥណ្ឌា​សោះ​ឡើយ ពោល​គឺ​បង្ក​មហន្តរាយ​ធំធេង​ជាង​នោះ​ឆ្ងាយ​ណាស់៕

កំណត់​សម្គាល់ ៖ តាមពិត បច្ចេកវិទ្យា «​មីស៊ីល​បរមាណូ​ហ្វូង -MIRV» ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដំបូង​ដោយ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។​ គិត​ត្រឹម​​ចុង​សតវត្ស​ទី​២០ ប្រទេសមហាអំណាច​ទាំង​ពីរ​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ឲ្យ​កាន់​តែ​ទំនើប​ឡើង ដោយ​អាច​បំពាក់​នៅ​លើ​ឡាន លើ​នាវា​មុជ​ទឹក និង​មធ្យោបាយ​ដទៃ​ទៀត យ៉ាង​សម្បូរ​បែប​។ (ប្រភព ៖ សព្វវចនាធិប្បាយ Britannica)
​ប្រែ​សម្រួល​ ៖ អន សំអាង
ប្រភព៖​ The National Interests