Leicester និមន្តព្រះសង្ឃស្រោចទឹក នៅតែអត់ឈ្នះ Liverpool
ក្រោយចាញ់ជាច្រើនប្រកួតរហូតធ្លាក់ដល់បាតតារាង ក្រុម Leicester City បាននិមន្តព្រះសង្ឃព្រះពុទ្ធសាសនា ដើម្បីជួយប្រោះព្រំឲ្យឈ្នះការប្រកួត មុនពេលប៉ះក្រុមហង្សក្រហម Liverpool យប់មិញនេះ។ បើស្ដាប់ទៅដូចជាមិនសូវសមហេតុផល ប៉ុន្តែលើកចុងក្រោយ ដែលព្រះសង្ឃស្រោចទឹកឲ្យ ក្រុមនេះបានបំបាក់ក្រុមបិសាចក្រហម Manchester United ៥-៣ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។
យ៉ាងណាក្ដី ប៉ះ Liverpool យប់មិញនេះ ព្រះសង្ឃមិនអាចជួយបានទេ ដោយត្រូវចាញ់ ៣-១។ ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុមនេះ បានទម្លាយប្រាប់ Daily Mail ថាព្រះសង្ឃបានយករំពាត់តូចៗ មកវាយលើក្បាលកីឡាករ ក្រោយជ្រលក់រំពាត់នោះក្នុងទឹកមន្ត។
អ្នកដែលផ្ដើមគំនិតធ្វើរឿងប្លែកខុសក្លិបដទៃនៅអង់គ្លេសនេះ គឺប្រធានក្លិប Leicester លោក Khun Vichai Srivaddhanaprabha សេដ្ឋីជំនួញរបស់ថៃ។ ប្រសិនបើ Leicester អាចយកឈ្នះ Liverpool យប់មិញ គេរំពឹងថាក្លិបមួយនេះអាចបន្តជំនឿបែបនេះទៀត តែយ៉ាងណាក្ដីអ្វីៗបានដឹងហើយ គឺព្រះសង្ឃមិនអាចជួយឲ្យក្រុមនេះស៊ីហង្សក្រហមបានឡើយ។
ចាំមើលបន្តទៀត ថាតើក្រុមនេះនឹងបន្តនិមន្តព្រះសង្ឃមកស្រោចទឹកទៀតដែរឬទេនាការប្រកួតក្រោយៗ?
អ្នកចាត់ការ Nigel Pearson ជាមួយព្រះសង្ឃមួយអង្គ
សេដ្ឋីថៃ Khun Vichai Srivaddhanaprabha ប្រធានក្លិប Leicester ជាអ្នកផ្ដើមគំនិតយកព្រះសង្ឃប្រោះព្រំ
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ Dailymail, Bleacherreport