នាយករដ្ឋមន្ត្រី តាមដាន​ការប្រឡង​ចំរៀង ក្នុង​កម្មវិធី The Voice Cambodia រីឯ​លោកជំទាវ​ធំ សរសើរ​ថា រើស​នេះ ពិតជា​ត្រឹមត្រូវ​ណាស់​!

11/18/2014 0 Comments A+ a-

ភ្នំពេញ: ​កម្មវិធី​ប្រឡង​ចំរៀង The Voice Cambodia វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៦​វិច្ឆិកា ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន និង​សម្តេច​ជំទាវ​ធំ តាមដាន មិន​ប្តូរប៉ុស្តិ៍ តាំង​​ពី​ដើម​ដល់​ចប់​។ ក្នុង​នោះ សម្តេច​ជំទាវ​ធំ បាន​លាន់មាត់​សរសើរ​ថា ការជ្រើសរើស​បេក្ខជន​ជ័យលាភី លើក​​ពាន លោក ប៊ុត សីហា ពិតជា​ត្រឹមត្រូវ​ណាស់​។​

​ចំណាប់អារម្មណ៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី និង​សម្តេច​ជំទាវ​ទី​១ ខាងលើនេះ ត្រូវបាន​បញ្ជាក់​តាមរ​យៈ​លោក​ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ដោយផ្ទាល់ ជាមួយនឹង​ភរិយា ក្នុងការ​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី The Voice Cambodia កាលពី​យប់ថ្ងៃទី១៦។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក នា​ព្រលប់​ថ្ងៃ​ចន្ទ ទី​១៧​វិច្ឆិកា លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើកឡើងថា "​ព្រឹក​មិញ នាយករដ្ឋមន្ត្រី និង​លោកជំទាវ​ធំ សួរថា នៅ​កម្មវិធី The Voice របស់​ហង្ស​មាស យប់មិញ បោះ​អោយ​អ្នកណា ព្រោះ​ឃើញ​ចុច​ញាប់ដៃ​ពីរ​នាក់​ប្តី​ប្រពន្ធ​? ឃើញថា លោក​តាមមើល​ជាប់​ដែរ ហើយ​លោកជំទាវ​ធំ​សរសើរ​ថា រើស​នេះ ពិតជា​ត្រឹមត្រូវ​ណាស់​"​។​

​ជាការ​កត់សម្គាល់ កម្មវិធី​ប្រឡង​ចំរៀង The Voice Cambodia រដូវ​កាល​ដំបូង របស់​ស្ថានីយទូរទស្សន៍ ហង្ស​មាស បាន​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៦​វិច្ឆិកា​។ ប៊ុត សីហា ជា​បេក្ខជន មកពី​ខេត្តកំពង់ស្ពឺ បាន​លើក​ពានរង្វាន់ The Voice Cambodia ព្រមទាំង​ប្រាក់រង្វាន់ ១០០ លាន​រៀល និង​ក្លាយជា​អ្នកចម្រៀង ប្រចាំ​ផលិតកម្ម​រស្មី ហង្ស​មាស ព្រមទាំង​ចូល​ជា​សមាជិក​អ្នកចម្រៀង​របស់​កម្មវិធី The Voice ពិភពលោក​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ភរិយា បាន​ចូលរួម​ទស្សនា​ផ្ទាល់ ហើយ​បានប្រគល់​ពានរង្វាន់ ដល់​បេក្ខជន​ជ័យលាភី ប៊ុត សីហា​។​

​ប៊ុត សីហា ជា​កូនក្រុម​របស់​គ្រូបង្វឹក​លោក ឆន សុវណ្ណ​រាជ​។ សីហា បានទទួល​ការបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ តាម​ទូរស័ព្ទ​ពី​ទស្សនិកជន ថា​ជា​អ្នក​ច្រៀង​ពិ​រោះ​ជាងគេ ក្នុងចំណោម​បេក្ខជន​សរុប​ទាំង ៤ នាក់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់មិញ​។​

​ក្រៅពី​ពាន និង​ទឹកប្រាក់ ១០០ លាន​រៀល បេក្ខជន​ជ័យលាភី ប៊ុត សីហា ក៏​ទទួលបាន​ម៉ូតូ Dream 2105  មួយគ្រឿង និង​ស្រា​បៀរ​កម្ពុជា ២០ កេស ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​។ 

​ដោយឡែក បេក្ខជន ៣ នាក់​ទៀត ដែល​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏​ទទួលបាន​រង្វាន់​ពី​ស្រា​បៀរ​កម្ពុជា នូវ​ម៉ូតូ Dream 2105 ម្នាក់​មួយគ្រឿង និង​ស្រា​បៀរ​កម្ពុជា ២០ កេស ម្នាក់ ព្រមទាំង​លុយ ម្នាក់ ១០០០ ដុល្លារ ផ្តល់​ដោយ​អគ្គនាយក​ក្រុមហ៊ុន​ហង្ស​មាស​៕