កិច្ចប្រជុំ សម្រេចលើការតម្លើងប្រាក់ខែកម្មករ ធ្វើនៅថ្ងៃទី១២វិច្ឆិកា
គណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចប្រជុំ សម្រេចលើកការតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ នៅថ្ងៃទី១២វិច្ឆិកា។ ភាគីសហជីពកម្មករ រក្សាជំហរ ទាមទារឲ្យគណៈកម្មការប្រឹក្សាការងារ ជជែកពិភាក្សាបន្ថែមលើតួលេខ ១៤០ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៤។
គណៈកម្មការប្រឹក្សាការងារ ជាយន្តការត្រីភាគី ដែលមានសមាសភាព ២៨ រូប មកពីសហជីពកម្មករ ៧ រូប ថៅកែរោងចក្រ ៧ រូប និងរដ្ឋាភិបាល ១៤ រូប ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គណៈកម្មការប្រឹក្សាការងារនឹងជួបប្រជុំគ្នា នៅថ្ងៃទី១២វិច្ឆិកា ដើម្បីសម្រេចលើការតម្លើងប្រាក់ខែកម្មករ សម្រាប់ឆ្នាំ២០១៤។
លិខិតកោះហៅសមាជិកគណៈកម្មការប្រឹក្សាការងារ ដែលរួមមាន៖ មេដឹកនាំសហជីពកម្មករ ភាគីថៅកែរោងចក្រ និងមន្ត្រីរដ្ឋាភិបាលតាមក្រសួងនានា ត្រូវបានលោក អ៊ិត សំហេង បញ្ជូនទៅកាន់សមាជិករួចហើយ។ ប៉ុន្តែក្នុងលិខិត ដំបូងដាក់ថា ប្រជុំនៅថ្ងៃទី១០វិច្ឆិកា តែដោយសារតែថ្ងៃ១០វិច្ឆិកា ជាថ្ងៃឈប់សម្រាក ដែលលើកមកពីថ្ងៃ៩វិច្ឆិកា បុណ្យឯករាជ្យជាតិ ត្រូវចំថ្ងៃអាទិត្យ ដូច្នេះកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នឹងត្រូវធ្វើនៅថ្ងៃទី១២វិច្ឆិកា។
ប្រធានសហជីពកម្មករស៊ីខាវឌូ លោកអាត់ធន់ ដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារ បានលើកឡើងថា សហជីពកម្មកររបស់លោក នៅតែរក្សាជំហរ ក្នុងការទាមទារឡើង ប្រាក់ ខែកម្មករ ចំនួន ១៤០ ដុល្លារ ដូចអ្វីដែលសហជីព បានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសត្រីភាគី ដែលបានប្រជុំជាច្រើនថ្ងៃ គិតចាប់តាំងពីថ្ងៃទី២០តុលា។
សូមរម្លឹកថា កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដែលមានសមាសភាព ភាគីរដ្ឋាភិបាល ៩ រូប ភាគីថៅកែរោងចក្រ ៩ រូប និងភាគីសហជីព ៩ រូប គឺភាគីរដ្ឋាភិបាល បានកំណត់តួលេខ ប្រាក់ខែអប្បបរមា សម្រាប់កម្មកររោងចក្រកាត់ដេរ នៅឆ្នាំ២០១៥ ចំនួន ១២១ ដុល្លារ។ រីឯថៅកែរោងចក្រ ចំនួន ១១០ ដុល្លារ និងភាគីសហជីពកម្មករ ចំនួន ១៤០ ដុល្លារ។
ប៉ុន្តែក្នុងកិច្ចប្រជុំក្រុមការងារនោះ បានសម្រេចបញ្ជូនតួលេខតែពីរប៉ុណ្ណោះ ទៅកាន់គណៈកម្មការប្រឹក្សាការងារ ដើម្បីប្រជុំសម្រេច គឺ ១១០ ដុល្លារ សម្រាប់ជំហរថៅកែរោងចក្រ និងភាគីរដ្ឋាភិបាល ចំនួន ១២១ ដុល្លារ។ ក្រុមការងារចម្រុះសំអាងថា តួលេខទាំងពីរនេះ ទទួលបានការបោះឆ្នោតដោយសំឡេងភាគច្រើន។ រីឯតួលេខរបស់សហជីព ១៤០ ដុល្លារ មិនត្រូវបញ្ជូនទៅកាន់កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារទេ ដោយសារតែមានសំឡេងឆ្នោតរបស់មេដឹកនាំសហជីព ២ អនុបវាទ។
យ៉ាងណាក៏ដោយ មេដឹកនាំសហជីពកម្មករ លោក អាត់ ធន់ បានព្រមានទុកជាមុនថា លោកនឹងអាចធ្វើពហិការ ដើរចេញពីកិច្ចប្រជុំ បើសិនជារដ្ឋាភិបាល មិនយកតួលេខរបស់សហជីព ១៤០ ដុល្លារ ទៅពិភាក្សាទេនោះ៕ ប្រភព ៖ rfi